សិទ្ធិ​នៃ​ការឃោសនា​បោះឆ្នោត​ឆ្នាំ​នេះ មាន​សភាព​រួម​តូច​ជាង​ឆ្នាំ​មុនៗ​

ដោយ៖ គង់ ឧត្តម 17-05-2017 5:08 pm 3856
ក្បួនឃោសនាបោះឆ្នោតរបស់គណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៣

​ឆ្នាំនេះ ទីតាំង​សំខាន់ៗ​មួយចំនួន ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ​ចេញ​បម្រាម​មិនឱ្យ​មាន​ការឃោសនាបោះឆ្នោត​នោះឡើយ ។ ដោយ​ហេតុផល ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍ ក្នុងនោះ សាលា​រាជធានី បាន​ចេញ​បម្រាម​មិនឱ្យ​មាន​ការហែក្បួន​នៅលើ​ផ្លូវ និង​កំណាត់​ផ្លូវ​មួយចំនួន ដូចជា​ផ្លូវ​សហព័ន្ធរុស្ស៊ី កំណាត់​ផ្លូវ​ទេព​ផន ផ្លូវ​ព្រះ​នរោត្តម ផ្លូវ​ម៉ៅ​សេទុង ផ្លូវ​ព្រះមុនីវង្ស ផ្លូវ​សុធារស និង​ផ្លូវ​សុរាម្រិត​ជា​ដើម​។ ចំណែកឯ​ទីតាំង​ផ្សារ និង​ទីធ្លា​សាធារណៈ​មួយ​ចំនួន ក៏​ត្រូវបាន​សាលា​រាជធានី​ចេញ​បម្រាម​មិន​អនុញ្ញាតិ​ឱ្យ​មាន​ការហែក្បួន និង​ប្រមូលផ្តុំ ។ ក្នុងនោះ​រួមមាន ផ្សារ​ធំថ្មី ផ្សារ​អូរឫស្សី ផ្សារ​អូឡាំពិក ផ្សារ​ដើម​គ ផ្សារ​ដេប៉ូ ផ្សារ​ទួល​ទំពូង និង​ចៀសវាង​ការប្រមូលផ្តុំ​នៅ​ទីធ្លា​សាធារណៈ​មួយចំនួន ដូចជា​សួន​ព្រះបរមរាជវាំង ទីធ្លា​ព្រះមេរុ និង​សួន​សម្តេច​ហ៊ុន សែន ។​

​លោក ហូ វ៉ាន់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់ថា បម្រាម​របស់​សាលា​រាជធានី ហាក់ដូចជា​មិន​ទូលំទូលាយ​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទេ បើ​ប្រៀបធៀប​ទៅ​ឆ្នាំមុន ក៏​ព្រោះតែ​ទីប្រជុំជន​នានា និង​ទីធ្លា​សាធារណៈ​សំខាន់ៗ​ផ្សេងទៀត ដែល​ជា​ទិសដៅ ដើម្បី​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ឃោសនា​នោះ ក៏​ត្រូវ​បាន​ហាមឃាត់ ។​

​យ៉ាងណាម៉ិញ លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​បាន​និយាយថា ៖ «​ករណី​ហ្នឹង​វា​ជា​ចំណែក​មួយ​ដែល​ល្អ​សម្រាប់​គណបក្ស​នយោបាយ​ដែរ ដែល​យើង​បាន​គិតគូរ​ជា​មុន​កុំឱ្យ​ក្បួន​របស់គាត់​ចូល​ទីតាំង​ដែល​ស្ទះ​ហើយ​កើត​ជា​ឧបសគ្គ​ដល់​ការឃោសនា​របស់​គាត់​ខ្លួនឯង​...​ទីតាំង​ណា​ដែល​មាន​លក្ខណៈ​បង្ក​ការកកស្ទះ ខ្លាំង យើង​បញ្ចៀស​ចេញ​ឱ្យ​ហើយ​ទៅ​»​។​

​លោក ហូ វ៉ាន់ បានបញ្ជាក់​ថា បើទោះបីជា​មាន​បម្រាម​នា​នា​ក្តី ក៏​គ្មាន​អ្វី​ជា​ឧបសគ្គ​ក្នុង​ការឃោសនាបោះឆ្នោតរ​បស់​បក្ស​លោក​ដែរ ហើយ​វា​ក៏​មិនមែន​ជា​បញ្ហា​នោះទេ ដោយ​ខាង​បក្ស​បាន​ជ្រើសរើស​រៀបចំ​យក​ទីតាំង​ផ្សេង ក្រៅ​ពី​ទីតាំង​ដែល​សាលា​រាជធានី​បាន​ហាមឃាត់ ដោយ​ធ្វើយ៉ាងណា ចៀសវាង​នូវ​ជម្លោះ និង​ការ​ប្រឈម​នានា​ឱ្យ​ខាងតែបាន​។​

​លោក​បាន​បង្ហើប​ប្រាប់ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​យក​ថ្ងៃ​ទី​២០ ខែ​ឧសភា នៅ​ផ្លូវ​៦០​ម៉ែត្រ ដើម្បី​ជួបជុំ​គ្នា​រៀបចំ​សកម្មភាព​ឃោសនា ព្រោះ​ទីតាំង​នោះ ជិត​នឹង​ទីស្នាក់ការ​គណបក្ស ដែល​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើ​សកម្មភាព ។​

​យ៉ាងណាក្តី តំណាងរាស្ត្រ​គណបក្សជំទាស់​រូប​នេះ បាន​ផ្តាំផ្ញើ​ទៅ​ដល់​រាល់​ប្រជា​ពលរដ្ឋ​គ្រប់រូប សូម​ទៅ​ចូលរួម​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា ព្រោះថា ការបោះឆ្នោត​ឃុំ​-​សង្កាត់ គឺជា​គ្រឹះ​មូលដ្ឋាន​សំខាន់​ណាស់ សម្រាប់​សម្តែង​ឆន្ទៈ និង​យក​ជ័យជម្នះ ដែល​មុន​នឹង​ឈាន​ទៅដល់​ការបោះឆ្នោត​ថ្នាក់ជាតិ ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត