បេ​ក្ខ​នារី​ចៅសង្កាត់​អូ​ចារ​៖ ខ្ញុំ​មិន​យល់​តុលាការ​សព្វថ្ងៃ​ធ្វើការ​យ៉ាង​មិច​?

ដោយ៖ សៅ វិសាល 17-05-2017 2:57 pm 16499

​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត បេ​ក្ខ​នារី​ឈរឈ្មោះ​ចៅសង្កាត់​អូរ​ចា មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ តាម​ដីកា​កោះហៅ​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​២៣ ឧសភា​ខាងមុខ បើទោះបីជា​មាន​ការចាប់​ខ្លួន​ក៏ដោយ​។ ចៅសង្កាត់រង​រូបនេះ បាន​សម្តែង​ការងឿងឆ្ងល់​ថា តើ​នីតិវិធី​កោះហៅ​របស់​តុលាការ ធ្វើ​ឡើង​យ៉ាង​មិច ទាំង​រូប​នាង​មិនដឹងថា តើ​អ្នកណា​ជា​អ្នក​ប្តឹង​នាង ឲ្យ​ពិតប្រាកដ​?

​ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយបេ​ក្ខ​នារី​លេខ​រៀង​ទី​១ ជា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១០៣​នាក់ នៅ​ថ្ងៃ​ទី​១៧ ឧសភា​នេះ កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត បានបញ្ជាក់​ថា តាមរយៈ​កិច្ចសម្ភាសន៍​រវាង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជាមួយ​លោក​សៅ ប៊ុន​ទិត្យ មន្ត្រីនគរបាល​ខេត្ត​បាត់ដំបង ដែល​ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​ឈ្នះ​ក្តី រឿង​ដី​ទំហំ​១៤០៩​ម៉ែត្រ​ការេ​នោះ គឺ​លោក​បាន​បញ្ជាក់ថា មិន​បាន​ប្តឹង​មក​លើ​កញ្ញា​រ៉ូ​ហ្ស៊េ​ត និង​ប្រជាពលរដ្ឋ​ទាំង​១៣​នាក់​នោះ​ទេ​។ ហើយ​បើ​តាម​ការសាកសួរ​ព្រះរាជអាជ្ញា ដែល​ចេញ​ដីកា​កោះហៅ ក៏​បាន​ឆ្លើយថា មិន​បានដឹង​អំពី​រឿង​នេះ​ដែរ​។ ដូច្នេះ​កញ្ញា​រ៉ូ​ហ្ស៊េ​ត អះអាងថា មិនដឹង​អ្នកណា​ជា​អ្នក​ប្តឹង​មក​លើ​រូប​នាង​ឲ្យ ពិតប្រាកដ ហើយក៏​មិន​យល់​ពី​របៀប នៃ​ការ​ធ្វើការ​របស់​តុលាការ ដែរ​។​

សំឡេង

​គួរបញ្ជាក់​ថា ដើមហេតុ​ដែល​នាំឲ្យមាន វិវាទ​រហូត​ឈានដល់​តុលាការ​នេះ ផ្តើមចេញ​ពី​ការឃ្លាំមើល​ការអនុវត្ត សាលក្រម​របស់​តុលាការ ដែល​បាន​សម្រេច​ផ្តល់​ដី សាលា​មត្តេយ្យ​ទំហំ​១៤០៩​ម៉ែត្រ​កា​រ៉ ដល់​លោក​សៅ ប៊ុន​ទិត្យ ពី​សំណាក់​កញ្ញា ស៊ិន ពៅ​ចាន់រ៉ូ​ហ្ស៊េ​ត ចៅសង្កាត់រង​ទី​២ សង្កាត់​អូ​ចារ​។ ក្នុង​ការឃ្លាំមើល​នេះ កញ្ញា​ចៅសង្កាត់រង​ទី​២ សង្កាត់​អូ​ចារ ត្រូវបាន​ចោទប្រកាន់​ថា បាន​ដឹកនាំ​ប្រជាពលរដ្ឋ​៥០​គ្រួសារ ប្រឆាំង​តវ៉ា​នឹង​ការអនុវត្ត​សាលក្រម តុលាការ​។ ប្រជាពលរដ្ឋ​បាន​អះអាងថា ដី​ដែល​តុលាការ​សម្រេច​ឲ្យ​លោក​សៅ ប៊ុន​ទិត្យ ឈ្នះក្តី​នោះ គឺជា​ដី​សហគមន៍​បរិច្ចាគ ដើម្បី​សាងសង់​ជា​សាលា​មតេយ្យ សម្រាប់​ឲ្យ​កូនចៅ​រៀនសូត្រ តាំងពី​ឆ្នាំ​២០១១​មក​ម្លេះ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត