ចំពោះ​កូរ៉េខាងជើង​​រុស្ស៊ី​គ្មាន​ផ្លូវ​ជ្រើសរើស​​ក្រៅពី​ការពារ​ផង​​និង​ថ្កោលទោស​ផង​

ដោយ៖ ពេញ ផេង 16-05-2017 2:43 pm 3335
លោកគីម ជុងអ៊ុន(ឆ្វេង)​និងលោកវ្លាឌីមៀ ពូទីន

​សម្ព័ន្ធភាព​រវាង​រុស្ស៊ី​ជាមួយ​កូរ៉េ​ខាងជើង​បាន​ចាប់ផ្ដើម​ជាច្រើន​ឆ្នាំ​មកហើយ ពោល​គឺ​ចាប់តាំងពី​កូរ៉េ​ខាងជើង​បាន​ប្រកាស​ឈ្មោះ​ជា​ផ្លូវការ​។​រុស្ស៊ី​បានផ្ដល់​ការគាំទ្រ​ដល់​កូរ៉េខាងជើង​យ៉ាង​ពេញទំហឹង ក្នុងនាម​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា​។​ប៉ុន្ដែ​ក្រោយពេល​កូរ៉េខាងជើង​ធ្វើតេស្ដ​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ​ជា​បន្ដបន្ទាប់ រុស្ស៊ី​ត្រូវ​រង​សម្ពាធ​ឲ្យចូល​រួម​ចាត់វិធានការ​លើ​រដ្ឋ​នុយក្លេអ៊ែរ​មួយ​នេះ​។​រុស្ស៊ី​ជា​សមាជិក​អចិន្ដ្រៃយ៍​មួយរូប​ក្នុង​ចំណោម​សមាជិក​៥​ប្រទេស របស់​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ​។​ដូច្នេះ​រាល់​ទណ្ឌកម្ម​ឬ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ណាមួយ បើសិន​សមាជិក​ណា​ម្នាក់​ជំទាស់​ហើយ មិន​អាច​ចូល​ជា​ធរមាន​បាន​ទេ​។​ជាក់ស្ដែង​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​ជាដើម ដែល​រុស្ស៊ី​បាន​ប្រើ​សិទ្ធិ​វេតូ​។​គេច​មិន​រួច​បន្ដិច​ម្ដងៗ រុស្ស៊ី​ក៏បាន​ចូលរួម​ជាមួយ​សមាជិក​ដទៃ ថ្កោលទោស​លើ​កូរ៉េខាងជើង​ដូចគ្នា ប៉ុន្ដែ​ត្រូវ​គេ​មើលឃើញថា រុស្ស៊ី​នៅតែ​ការពារ​ដល់​កូរ៉េខាងជើង​។​

​ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍អ​ន្ដ​រ​ជាតិ​ដូច​តទៅ​៖

សំឡេង៖

​រុស្ស៊ី​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដ៏​តិចតួចស្ដួចស្ដើង ដែលមាន​ចំណង​ទាក់ទង​ជាមួយ​កូរ៉េខាងជើង​។​ក្រៅ​ពី​ទំនាក់ទំនង​នយោបាយ រុស្ស៊ី​និង​កូរ៉េ​ខាងជើង​ក៏​ខិតខំ​បង្កើន​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​បន្ថែមទៀត​។​បើ​គិត​ពី​ចំណង​ការទូត កើតឡើង​ចាប់តាំងពី​ឆ្នាំ​១៩៤៨ ភ្លាមៗ​បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​ប្រកាស​ឈ្មោះ​ជា​ផ្លូវការ​។​ក្នុងសម័យ​សង្គ្រាមត្រជាក់ រុស្ស៊ី​ដែល​កាល​នោះ​នៅ​ជា​សហភាពសូវៀត​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កូរ៉េខាងជើង​។​

​ទោះបី​មាន​ភាព​រង្គោះរង្គើ​កើតឡើង​នៅ​ពេល​សហភាពសូវៀត​បែកបាក់ ប៉ុន្ដែ​ចំណង​មិត្ដភាព​បាន​ល្អប្រសើរ​ឡើងវិញ​ជា​បន្ដបន្ទាប់​។​ឪពុក​របស់​លោក​គីម ជុង​អ៊ុន គឺ​លោក​គីម ជុងអ៊ីល ធ្លាប់បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី​គ្រា​លោក​នៅ​កាន់អំណាច​ក្នុង​ឆ្នាំ​២០១១​។​ចំណែក​លោក​វ្លា​ឌី​មៀ ពូ​ទីន ក៏​ធ្លាប់​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើង​ដែរ​ក្នុង​ឆ្នាំ​២០០០​។​ប្រទេស​ទាំងពីរ​បាន​ចែករំលែក​ផលប្រយោជន៍​ទៅវិញទៅមក​ក្នុង​នាម​ជា​ប្រទេស​ព្រំដែន​ជាប់​គ្នា​។​

​អ្វី​ដែល​គួរឲ្យកត់សម្គាល់ ក្នុង​កិច្ច​ពិភាក្សា​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ដែល​រុស្ស៊ី​ជា​សមាជិក​មួយ​រួប​ដែរ រុស្ស៊ី​បាន​ប្រើ​សិទ្វិ​វេតូ​ជា​ច្រើនលើក​ច្រើនសារ ក្នុង​ការអនុម័ត​ទណ្ឌកម្ម​ដាក់​លើ​កូរ៉េខាងជើង ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​កម្មវិធី​មី​ស៊ី​ល​និង​នុយក្លេអ៊ែ​រ​។​បើសិនជា​រុស្ស៊ី​ជា​សមាជិក​អចិន្ដ្រៃយ៍​មួយ​ក្នុងចំណោម​៥​ប្រទេស​បដិសេធ​ហើយ នោះ​សេចក្ដីថ្លែងការណ៍ ឬ​ពង្រាង​ទណ្ឌកម្ម​ណាមួយ​មិន​អាច​ចូល​ជា​ធរមាន​បាន​ឡើយ​។​

​ការប្រើ​សិទ្ធិ​វេតូ​ច្រើនដង​ពេក ធ្វើ​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ​ដទៃ​ទៀត​ដាក់​សម្ពាធ​លើ​រុស្ស៊ី ថា​ត្រូវតែ​ចូលរួម​ទប់ស្កាត់​អំពើ​រំលោភបំពាន​របស់​កូរ៉េខាងជើង​។​មិនមែន​តែ​រុស្ស៊ី​ទេ ចិន​ក៏​ធ្លាប់​ប្រកែក​នឹង​ទណ្ឌកម្ម​ដាក់​លើ​កូរ៉េខាងជើង​ដូចគ្នា​។​ចិន​ជា​សម្ព័ន្ធមិត្ដ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កូរ៉េ​ខាងជើង​មួយ​រូប​ដែរ ប៉ុន្ដែ​ចិន​បាន​ផ្លាស់ប្ដូរ​ទស្សនៈ​បន្ដិច​ម្ដងៗ ហើយ​ងាក​មក​ថ្កោលទោស​ជុំវិញ​ការបន្ដ​ធ្វើ​តេស្ដ​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​ចិន​បាន​ចាត់​វិធានការ​ប្រឆាំង តាមរយៈ​ការឈប់​នាំចូល​ធ្យូងថ្ម​ពី​កូរ៉េខាងជើង ដែល​វិស័យ​នេះ​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​កូរ៉េ​ខាងជើង​។​ចិន​ប្រើ​វិធានការ​ដូច្នេះ ដោយ​មើលឃើញ​ថា​ទង្វើ​កូរ៉េខាងជើង​ពិតជា​ផ្ដល់​ផលវិបាកដល់​ខ្លួន​។​

​ចំពោះ​រុស្ស៊ី​មួយ​រយៈពេល​ចុងក្រោយ​នេះ ព្រោះតែ​រង​សម្ពាធ​កាន់តែ​ខ្លាំង​ពី​សមាជិក​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ផង និង​ពី​សហគមន៍​អន្ដរជាតិ​ផង រុស្ស៊ី​ក៏បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​ដែរ​។​លោក​ប្រធានាធិបតី​វ្លា​ឌី​មៀ ពូ​ទីន​នា​ពេល​ថ្មីៗ បាន​ចេញ​មុខ​ថ្កោលទោស​កូរ៉េខាងជើង ដែល​បាញ់​មី​ស៊ី​ល​ប្រភេទ​ថ្មី​កាលពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​។​

​កូរ៉េខាងជើង​អះអាង​ពី​ភាព​ជោគជ័យ​នូវ​មី​ស៊ី​ល​ប្រភេទ​ថ្មី​Hwasong-12 ជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​សមត្ថភាព​ស្ទើរតែ​ស្មើ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ICBM​ទៅហើយ​។​នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​KCNA​។​ក្រុមអ្នកវិភាគ​ប៉ាន់ស្មាន​ថា មី​ស៊ី​ល​ប្រភេទ​ថ្មី​អាច​មាន​រយៈ​ចម្ងាយ​រហូតដល់​៤,៥០០​គីឡូម៉ែត្រ​ឯណោះ​។​បើ​ដូច្នេះ​ទឹកដី​អាមេរិក​នៅ​កោះ​Guam ក៏​ស្ថិត​ក្នុង​ដែន​សមត្ថភាព​វាយប្រហារ​របស់​មី​ស៊ី​ល​ប្រភេទ​ថ្មី​កូរ៉េខាងជើង​ដែរ ក្រៅពី​មី​ស៊ី​ល​ឆ្លង​ទ្វីប​ICBM​។​

មី​ស៊ី​ល​Hwasong-12​កូរ៉េខាងជើង​បាញ់​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន មាន​រយៈកម្ពស់​២,១១១.៥​គីឡូម៉ែត្រ និង​ហោះ​បាន​ចម្ងាយ​៧៨៧​គីឡូម៉ែត្រ​មុន​ធ្លាក់​ក្នុង​សមុទ្រ​ជប៉ុន​។​ជប៉ុន កូរ៉េខាងត្បូង អាមេរិក កំពុង​ខឹង​នឹង​កូរ៉េខាងជើង​ស្រាប់​ផង បាន​ប្រតិកម្ម​ហើយ​ទទូច​ឲ្យ​ចាត់វិធានកា​រតឹងរ៉ឹង​បំផុត​។​

​ឃើញ​ស្ថានការណ៍​មិន​សូវ​ល្អ​នាពេល​បច្ចុប្បន្ន រុស្ស៊ី​ពិតជា​មិន​ចង់ឲ្យ​កូរ៉េខាងជើងប​ន្ដកម្ម​វិធី​នុយក្លេអ៊ែរ​ទៀតឡើយ ហេតុនេះ​ទើប​មេដឹកនាំ​រុស្ស៊ី​ប្រកាស​ថ្កោលទោស​។​យ៉ាងណាមិញ​រុស្ស៊ី​នៅតែ​ប្រឆាំង​ដាច់ខាត ការ​បំភ័យ​ធ្វើ​ឡើង​ពី​ភាគី​ណាមួយ​ទៅលើ​កូរ៉េខាងជើង​។​លោកពូ​ទីន​អំពាវនាវ​ឲ្យ​រក​ដំណោះស្រាយ​សន្ដិភាព​មក​ដោះស្រាយ​បញ្ហា​។​លោកពូ​ទីន​បាន​និយាយ​បែបនេះ​ថា “​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់ យើង​ប្រឆាំង​ដាច់ខាត​នឹង​ការពង្រីក​សមត្ថភាព​នុយក្លេអ៊ែរ​ជា​លំដាប់​បន្ដបន្ទាប់​គ្នា​របស់​រដ្ឋ​នុយក្លេអ៊ែរ ក្នុងនោះ​មាន​នៅ​លើ​ឧបទ្វីប​កូរ៉េ​ផងដែរ​។​យើង​ប្រឆាំងនឹង​ទង្វើ​ទាំងអស់នេះ ហើយ​ចាត់​ទុក​វា​ជា​ការរារាំង​ផលប្រយោជន៍ បង្ក​ការបំផ្លិចបំផ្លាញ និង​បង្ក​គ្រោះថ្នាក់​។​ប៉ុន្ដែ​ពេល​និយាយ​ពាក់ព័ន្ធ​នឹង​អាមេរិក លោក​ថា​ការ​បំភ័យ​ឬ​ធ្វើឲ្យ​កូរ៉េខាងជើង​តក់ស្លុត ពិតជា​មិន​អាច​ទទួលយក​បាន​ឡើយ​។​ក្នុងន័យនេះ ហាក់​បង្ហាញ​យ៉ាង​ច្បាស់​ថា​លោក​ពូ​ទីន​បានប្រកាស​ថ្កោលទោស​ផង និង​ការពារ​កូរ៉េខាងជើង​ផង​។​

ការប្រកាស​ថ្កោលទោស​ជា​ថ្មី​ពី​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​

​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​១៥​ឧសភា បានចេញ​សេចក្ដីថ្លែងការណ៍​បញ្ជាក់​ពី​ការព្រួយបារម្ភ​ឥរិយាបថ​បង្កហេតុ បង្ក​អស្ថិរភាព​របស់​កូរ៉េខាងជើង​។​សេចក្ដីថ្លែងការណ៍​ឲ្យដឹងថា សមាជិក​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ​ឯកភាព​នឹង​បន្ដ​តាមដាន​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​ចាត់វិធានការ​បន្ថែម​ក្នុងនោះ​រួម​បញ្ចូល​ទណ្ឌកម្ម​ផង ស្រប​តាម​អ្វី​ដែល​ក្រុមប្រឹក្សា​បាន​ប្ដេជ្ញា​កន្លងមក​។​

​កាលពី​ខែ​មុន រុស្ស៊ី​និង​ចិន​បាន​គាំទ្រ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ថ្កោលទោស​លើ​ការបាញ់​មី​ស៊ី​ល និង​ទាមទារ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​ភ្លាមៗ ការរំលោភបំពាន​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។​

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ

​រីឯ​អាមេរិក​ចាប់តាំងពី​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ចូលកាន់​តំណែង​ក្នុង​ខែ​មករា​ដើមឆ្នាំ​២០១៧ ភាព​តានតឹង​បាន​កើន​ឡើង​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងជើង​។​មន្ដ្រី​ជាន់ខ្ពស់​អាមេរិក​បញ្ជាក់ថា គោលនយោបាយ​របស់​រដ្ឋបាល​លោក​អូបា​ម៉ា គឺ​“​យុទ្ធសាស្ដ្រ​អត់ធ្មត់​នឹង​កូរ៉េខាងជើង​”​បាន​បរាជ័យ​ហើយ​។​រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ​ប្រកាស​យ៉ាងច្បាស់​ថា​ការរង់ចាំ​គឺ​បានបញ្ចប់ ហើយ​លោក​បាន​បញ្ជា​ឲ្យ​ដាក់ពង្រាយ​ក្រុម​វាយប្រហារ​អាមេរិក មាន​នាវាមុជទឹក នាវាចម្បាំង នាវា​យក្ស​ដឹក​យន្ដហោះ​ចម្បាំង ទៅកាន់​ឧបទ្វីប​កូរ៉េ ធ្វើឲ្យ​កូរ៉េខាងជើង​ចោទប្រកាន់ជា​ការឈ្លានពា​ន​និង​គំរាម​វាយប្រហារ​។​

​អាមេរិក​ទទួលស្គាល់ ការប្រឈមមុខ​ដាក់​គ្នា​ដោយ​ផ្ទាល់​តាមរយៈ​ការប្រើ​យោធា ចុង​ក្រោយ​ពិតជា​គ្មាន​លទ្ធផល​ល្អ​ទេ ហើយ​លោក​ដូណាល់ ត្រាំ​បានប្រកាស​ចង់​ចរចា​ជាមួយ​កូរ៉េ​ខាងជើង​តាម​ផ្លូវ​សន្ដិភាព​វិញ​។​អាមេរិក​ចង់​ឲ្យ​កូរ៉េ​ខាងជើង​វិល​មក​រក​កិច្ចពិភាក្សា​៦​ភាគី ដើម្បី​ដោះស្រាយ​កម្មវិធី​នុយក្លេអ៊ែ​រ ប៉ុន្ដែ​ចំពោះ​ជម្រើស​យោធា​នៅតែ​មិន​ទាន់​ដក​ចេញ​ឡើយ​។​អាមេរិក​ធ្លាប់​ព្រមាន​ប្រើ​យោធា​វាយប្រហារ​កូរ៉េខាងជើង បើសិន​រដ្ឋ​មួយ​នេះ​មិន​ព្រម​បញ្ឈប់​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែ​រ​៕

ព័ត៌មានផ្សេងទៀត