លោក​ប៉ែន បូ​ណា​៖ កុំ​ទាន់​ជឿ​លើ​អ្វី​ដែល​គេ Post ត្រូវ​ជឿ​លើ​ប្រភព​

ដោយ៖ គង់ ឧត្តម 16-05-2017 10:19 am 3183
លោក ប៉ែន បូណា ក្នុងពីធីតែងតាំងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា នាពេលកន្លងមក

​ស្រប​ពេល​ព្រឹត្តិការណ៍ បោះឆ្នោត​ឃុំ សង្កាត់ ដែល​នឹង​ខិត​ជិត​មក​ដល់ ក្នុង​អំឡុង​ខែ​មិថុនា​ដ៏​ខ្លី​ខាងមុខនេះ អ្នកជំនាញ​ខាង​ផ្នែក​សារព័ត៌មាន​បាន​លើកឡើង​នូវ​ក្តីបារម្ភ ស្តី​ពី​ការទទួលបាន​ព័ត៌មាន​មិន​ពិត​នានា ពិសេស គឺ​សារព័ត៌មាន​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ផ្សេងៗ ដែល​អាច​បង្ក​ឱ្យ​មហាជន​មាន​ការភាន់ច្រឡំ និង​បាត់បង់​ជំនឿ នៅពេល​ទទួលបាន​ព័ត៌មាន​មិន​ពិត​ច្រើន ពិសេស គឺ​អាច​ឈាន​ទៅ​បង្ក​ជា​ភាពវឹកវរ​ដល់​សង្គម​ទាំងមូល​តែ​ម្តង ។ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​វា​ក៏​អាច​ធ្វើឱ្យ​ប៉​ពាល់​ដល់​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ​របស់​យើង​ដូចគ្នា ។​

​លោក ប៉ែន បូ​ណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា និង​ជា​និពន្ធ​នាយក​នៃ​ទូរទស្សន៍ ភី​អិន​អិន បាន​ចូលរួម​ជា​មតិ​យោបល់​ដូច្នេះ​ថា «​ជាទូទៅ ព័ត៌មាន​មិន​ពិត​វា​អាច​ផ្ទុះ​ឡើង​ច្រើន ក្នុង​កាលៈទេសៈ​នៃ​ការកកើត​ឡើង​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​សង្គម​នានា ដូចជា ក្នុងពេល​ឃោសនាបោះឆ្នោត​ជាដើម​។​ល​។ ដោយ​អាច​បំភ័ន្ត​ព័ត៌មាន​ណាមួយ ដោយ​ចេតនា​ក្តី ឬ​អ​ចេតនា​ក្តី ។​»

​ដូច្នេះ មុន​នឹង​សម្រេចចិត្តថា​ជឿ​លើ​ព័ត៌មាន​អ្វីមួយ មហាជន គួរតែ​ស្វែងរក​ប្រភព​គួរ​ជាទី​ទុកចិត្ត​ជាមុន បើសិនជា​គ្មាន​ប្រភព សូម​កុំ​ជឿ កុំ​បង្ហោះ (Post) កុំ​ចែករំលែក (Share) កុំ​ចូលទៅ​ផ្តល់​មតិ​យោបល់ (Comment) គាំទ្រ ឬ​បដិសេធ ។ 

សំឡេង​លោក ប៉ែន បូ​ណា ៖

«​អ្នកកាសែត គួរតែ​សរសេរ​ព័ត៌មាន និង​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​ផ្អែក​លើ​ប្រភព​ច្បាស់លាស់ អាច​ផ្ទៀងផ្ទាត់​បាន ប្រកប​ដោយ​វិជ្ជាជីវៈ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​យក​ជា​មូលដ្ឋាន​ក្នុង​ការប្រៀបធៀប ថា​តើ​ព័ត៌មាន​ណា​ពិត ឬ​មិន​ពិត ។​» លោក​បាន​បន្ថែម ។​

​លោក​បាន​អំពាវនាវ​ដល់​សាធារណៈ​ជន​ទាំងឡាយ ឱ្យ​ប្រើប្រាស់​បណ្តាញ​សង្គម​ដោយ​ប្រុងប្រយ័ត្ន ក្នុង​ក្របខ័ណ្ទ​ទទួលខុសត្រូវ ថ្វី​ត្បិត​តែ​យើង​មាន​សេរីភាព​ក្នុង​ការប្រើប្រាស់ ពុំទាន់​មាន​អ្នកគ្រប់គ្រង​ក្តី យើង​មិន​អាច​ផ្សព្វផ្សាយ​រឿង​មិន​ពិត ដែល​វា​នាំ​ឱ្យ​សង្គម​ទាំងមូល​ទទួលបាន​នូវ​ព័ត៌មាន​ដែល​ខុស ៕

​(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត