ប្រវត្តិ​កំណើត​សិល្បៈ “​អា​យ៉ៃ​”

ដោយ៖ ចេន សុជាតា 12-05-2017 5:16 pm 2843

​អា​យ៉ៃ​ជា​ទម្រង់​សិល្បៈ​ទស្សនីយភាព​មួយ ដែល​មាន​ប្រជាប្រិយភាព​ធំធេង​នៅ​ប្រទេស​កម្ពុជា ហើយ​ទម្រង់​សិល្បៈ​នេះ​បាន​ឈ្មោះ​មក​ពី​សិល្បករ​ដ៏​ល្បីល្បាញ​ម្នាក់​គឺ​ពូ​យ៉ៃ​។ ជា​ទម្រង់​សិល្បៈ​ចម្រៀង​ឆ្លងឆ្លើយ ឬ​ជា​ប្រភេទ​សិល្បៈ​ដេញ​ប្រាជ្ញា​គ្នា​ដោយ​ច្រៀង​ចោទ និង​ឆ្លើយ​ដោះស្រាយ​សំណួរ ឬ​ប្រស្នា​នានា​ដោយ​សំនួនវោហារ ជា​កំណាព្យកាព្យឃ្លោង​ឥត​ព្រាងទុក ដែល​ភាគច្រើន​ច្រើន​មាន​លក្ខណៈ​បញ្ឆិតបញ្ឆៀង​បង្កើត​ឱ្យ​មាន​ន័យ​ពីរ​ផ្ទុយគ្នា ឬ​កំប្លុកកំប្លែង​ថែមទៀត​ផង ។​

​ឯកសារ​ទស្សនីយភាព​ខ្មែរ​បាន​ឱ្យដឹងថា លោក​ម៉េង ហ៊ុន វរ​សិល្បករ​ដែលជា​សាស្ត្រាចារ្យ​តន្ត្រី​ប្រពៃណី​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​កម្ពុជា​ឱ្យ​ដឹងថា សិល្បៈ​អា​យ៉ៃ​មាន​ប្រភព​កំណើត​ចេញពី​ចម្រៀង​ប្រប​កៃ គឺ​ចម្រៀង​ឆ្លងឆ្លើយ​គ្នា​ដែល​មាន​ប្រុស​ម្ខាង និង​ស្រី​ម្ខាង ឈរ​តម្រៀប​គ្នា​ជា​ជួរ​ទល់មុខ​គ្នា​ទះដៃ​ព្រម​គ្នា​ជា​ចង្វាក់ ហើយ​ច្រៀង​ត​គ្នា​ទៅវិញទៅមក ពិសេស​នៅ​ពេល​លេងល្បែង​ប្រជាប្រិយ​ចោល​ឈូង​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ​ឯង​។ ក្រោយមក​ចម្រៀង​ប្រប​កៃ​នេះ ត្រូវ​សម្រួល​ដោយ​គំនិត​ច្នៃប្រឌិត​របស់​បុព្វបុរស​សិល្បករ​ខ្មែរ​ដែល​បាន​បំភ្លៃ​ឱ្យក្លាយ​ទៅ​ជា​ចម្រៀង​ឆ្លងឆ្លើយ​រវាង​ស្រី និង​ប្រុស​ដែល​មាន​វង់​តន្ត្រី​ភ្លេង​ការប្រគំ​ជូន ប៉ុន្តែ​វង់​តន្ត្រី​នេះ​ត្រូវ​ពង្រីក​ឱ្យ​មាន​ឧបករណ៍​ដេញ ដំ ផ្លុំ កូត ជាច្រើន​ដូចជា​ទ្រ​ខ្សែ​បី ឬ​ទ្រខ្មែរ ចាប៉ីដងវែង ទ្រ​អ៊ូ ទ្រ​សោ ក្រពើ ខ្លុយ ប៉ី​បបុស ស្គរ​ដៃ ក្រា​ប់​…​។ ហើយ​ទម្រង់​ថ្មី​នេះ​មានឈ្មោះ​ថា ភ្លេង​វង់​ធំ ។​
​ចម្រៀង​ប្រប​កៃ ឬ​ភ្លេង​វង់​ធំ​នេះ មានកំណើត​តាំងពី​យូរលង់​ណាស់​មកហើយ​នៅ​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​រហូត​មក​ដល់​ចុង​សតវត្ស​ទី​១៩ និង​ដើម​សតវត្ស​ទី​២០ ទើប​ពូ​យ៉ៃ (១៨៧៨-១៩៥៨) ដែល​មាន​ដើមកំណើត​នៅ​ភូមិ​ឈើ​នាង​ខ្ពស់ ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ដែល​ជា​សមាជិក​ម្នាក់​សម្តែង​ក្នុងក្រុម​សិល្បៈ​ភ្លេង​វង់​ធំ​មួយក្រុម នៅ​ភូមិ​ត្រពាំង​ទា ឃុំ​ពងទឹក ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល (​នៅ​ខាងត្បូង​ផ្លូវជាតិ​ភ្នំពេញ​-​កំពង់ស្ពឺ​) បាន​ធ្វើឱ្យ​មាន​ព្រឹត្តិការណ៍​ថ្មី​សម្រាប់​ទម្រង់​សិល្បៈ​នេះ​ឡើង​។ គឺ​ដោយសារ​ការ​ប៉ិនប្រសប់​របស់​ពូ​យ៉ៃ​ដែលជា​អ្នកចម្រៀង​យ៉ាង​ពូកែ សំឡេង​ពីរោះ ប្រសប់​ប្រើ​សំនួនវោហារ​ឥត​ព្រាងទុក ។ ចេះ​រាំ និង​ចេះ​សម្តែង​កំប្លុកកំប្លែង ព្រមទាំង​ចេះ​ក្បាច់គុន​ផង​នោះ បានធ្វើឱ្យ​ទស្សនិកជន​ទូទៅ​ចាប់អារម្មណ៍​លើ​រូប​គាត់​រហូតដល់ ក្រោយៗ​មក​ពេល​គេ​ទៅ​មើល​ការសម្តែង​វង់ភ្លេង​ធំ ដែល​មាន​ពូ​យ៉ៃ​ជា​សមាជិក​នោះ គេ​តែងតែ​និយាយថា ទៅ​មើល​ពូ​យ៉ៃ ឬ​ទៅ​មើល​អា​យ៉ៃ (​សម្រាប់​ទស្សនិកជន​ដែល​មាន​អាយុ​ច្រើនជាង​សិល្បក​រយ៉ៃ​) យ៉ាង​ដូច្នេះ​ទៅវិញ ។ គឺ​ដោយសារ​ការនិយម​របស់​អ្នកស្រុក​ដែល​ប្រើ​ពាក្យ​ថា ទៅ​មើល​អា​យ៉ៃៗ យ៉ាង​ដូច្នេះ​ហើយ​ដែល​ធ្វើឱ្យ​ឈ្មោះ​ពូ​យ៉ៃ ក្លាយ​ជា​ឈ្មោះ​ទម្រង់​សិល្បៈ​ចម្រៀង​ឆ្លងឆ្លើយ «​អា​យ៉ៃ​» ជំនួស​ភ្លេង​វង់​ធំ​ជា​រៀង​រហូត​មក ។​

​រហូតមកដល់​សព្វថ្ងៃ​នេះ អា​យ៉ៃ​នៅតែ​ជា​ទម្រង់​សិល្បៈ​ដែលមាន​ប្រជាប្រិយភាព​យ៉ាង​ធំធេង​នៅក្នុង​សង្គម​យើង ព្រោះ​ជា​ទី​ចូលចិត្ត​ទាំង​ប្រជាជន​នៅ​ទីក្រុង និង​នៅ​ជនបទ ។ ឯ​តន្ត្រី​ជូន​អា​យ៉ៃ បច្ចុប្បន្ន​ភាគច្រើន​មាន​ឧបករណ៍​ទ្រ ក្រពើ ឃឹម ខ្លុយ និង​ស្គរ​ដៃ ។ គេ​ឃើញ​សិល្បៈ​នេះ​ចែក​ជា​ពីរ​ប្រភេទ​គឺ ៖

១.​អា​យ៉ៃ​ឆ្លងឆ្លើយ (​ភាគច្រើន​ស្រី​ម្ខាង ប្រុស​ម្ខាង ច្រៀង​ឆ្លងឆ្លើយ​) ជា​កំណាព្យកាព្យឃ្លោង​ដោយ​ឥត​ព្រាងទុក ។​
២.​អា​យ៉ៃ​រឿង គឺជា​ទម្រង់​អា​យ៉ៃ​ដដែល​ប៉ុន្តែ​សម្តែង​ជា​រឿង ផ្សេងៗ ភាគច្រើន​ជា​រឿង​កំប្លុកកំប្លែង ដែល​យើង​អាច​ប្រើ​ពាក្យ​សម្គាល់​បណ្តោះអាសន្ន​ទៅតាម​លក្ខណៈ​ពិសេស​ក្នុង​ការសម្តែង​នេះ​ថា អា​យ៉ៃ​រឿង គឺជា​ប្រភេទ «​ល្ខោន​ធ្វើ​ពើ​» ។​

​ការសិក្សា​រៀនសូត្រ​សិល្បៈ​អា​យ៉ៃ​នេះ​តាំងពីដើម​រៀងមក គឺ​ប្រើ​ការនិយម​តាម​វិធី​បុរាណ គឺ​ដំបូង​សិស្ស​រៀន​ពី​គ្រូ​ផ្ទាល់ ដោយ​ទន្ទេញ​ចាំមាត់ រួច​ក្រោយមក​ទើប​បំបែក ឬ​ច្នៃប្រឌិត​ទៅតាម​និស្ស័យ​របស់ខ្លួន​ដែល​មាន​បន្ថែម​ទៀត​។ ក្រោយមក​នៅ​ឆ្នាំ​២០០០ សិល្បៈ​អា​យ៉ៃ​នេះ ត្រូវបាន​គេ​លើក​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​ជា​ផ្លូវការ​នៅក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​មហាវិទ្យាល័យ​សិល្បៈ​តូរ្យតន្ត្រី ជា​រៀង​រហូត​មក​៕

ព័ត៌មានផ្សេងទៀត