សាលារៀន​ដាច់ស្រយាល​​មួយ​ក្នុង​ខេត្ត​បាត់ដំបង​​កំពុង​ប្រឈម​​នឹង​កង្វះ​​ទឹក​ប្រើប្រាស់​​

ដោយ៖ ចេន សុជាតា 25-04-2017 5:00 pm 1543
សិស្សានុសិស្សនៃសាលាបឋមសិក្សាតាក្រី (រូបភាពពី FB ៖ Kon Heang)

​ទឹក​មាន​សារៈសំខាន់​ចំ​បាច់​បំផុត​សម្រាប់​ទ្រទ្រង់​រាងកាយ​។ មនុស្ស​អាច​អត់​អាហារ​បាន​ច្រើន​ថ្ងៃ តែ​មិន​អាច​អត់​ទឹក​បាន​នោះទេ​។ ឥឡូវនេះ​បញ្ហា​កង្វះខាត​ទឹក​កំពុង​កើតមាន​នៅ​តំបន់​មួយចំនួន​ក្នុងប្រទេស​កម្ពុជា ពោល​គឺ​ក្នុង​សាលារៀន​ដាច់ស្រយាល​មួយ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ​។ ជា​រៀងរាល់ថ្ងៃ​ទាំង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​ប្រជាពលរដ្ឋ​អាស្រ័យ​តែ​ទឹក​ក្នុង​ស្រះ​តូច​មួយ​តែប៉ុណ្ណោះ ដែល​ស្រះ​នោះ​ទៀតសោត កំពុង​ប្រឈម​នឹង​ភាព​រីងស្ងួត​ដែរ ខណៈ​ដែល​អាកាសធាតុ​ក្ដៅ​ខ្លាំង​ពុំ​មាន​ភ្លៀង​ធ្លាក់​។ សូមស្ដាប់បទយកការណ៍ដែលជម្រាបជូនដោយ​ចេន សុជាតា​៖

ស្ដាប់ជាសំឡេង៖

​បើទោះបីជា​រដូវវស្សា​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ដំណាច់​ខែ​មេសា​នេះ​ក្ដី ប៉ុន្តែ​ខេត្ត​មួយចំនួន​ទូទាំង​ប្រទេស​កម្ពុជា មិនទាន់​ចាក​ផុត​ពី​អាកាសធាតុ​ក្ដៅ​ហួតហែង​ក្នុង​រដូវប្រាំង​នៅឡើយ​។ ទន្ទឹម​នឹង​អាកាសធាតុ​ក្ដៅ​ខ្លាំង​បែបនេះ បាន​ធ្វើឲ្យ​ព្រែក ត្រពាំង ស្ទឹង បឹងបួរ មួយចំនួន ត្រូវបាន​ហួត​រីង ស្ទើរតែ​គ្មាន​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​។ ជាក់ស្ដែង​សាលាបឋមសិក្សា តា​ក្រី ស្ថិតក្នុង​ភូមិ​តា​ក្រី ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្ត​បាត់ដំបង កំពុង​ប្រឈម​នឹង​ការ​គ្មាន​ទឹកស្អាត​សម្រាប់​ប្រើប្រាស់ និង​ទទួលទាន​។

ស្ថិតក្នុង​សភាព​ចាស់​ទ្រុឌទ្រោម​នៃ​អាគារ​សិក្សា បន្ទប់ទឹក​បែកបាក់​គ្មាន​ដំបូល ហើយ​អ្វី​ដែល​សំខាន់​ស្រះ​ទឹក​តូច​មួយ​ខាងក្រោយ​សាលា កំពុង​ប្រឈម​នឹង​ការ​រីងស្ងួត បាន​ធ្វើឲ្យ​សិស្សានុសិស្ស ព្រមទាំង​លោកគ្រូ អ្នកគ្រូ ជួបប្រទះ​នឹង​ការលំបាក​យ៉ាងខ្លាំង​។ ទឹកស្រះ​ដែល​ជិត​រីងស្ងួត​នោះ ត្រូវបាន​ប្រើប្រាស់​សម្រាប់​តម្រូវការ​ប្រចាំថ្ងៃ​ផង និង​សម្រាប់​ទទួល​ទាន​ផង ដោយ​មិន​ខ្វល់​ពី​បញ្ហា​សុខភាព​នៅ​ថ្ងៃ​ខាង​មុខ​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​ត្រូវការ​ដំណក់ទឹក​ដើម្បី​ចិញ្ចឹមជីវិត​។

លោក​ហ៊ាង ឫទ្ធី នាយក​សាលា​បឋមសិក្សា​តា​ក្រី បានឲ្យដឹងថា បច្ចុប្បន្ន​សាលា​របស់​លោក កំពុង​ជួបប្រទះ​នូវ​បញ្ហា​កង្វះ​ទឹកស្អាត​ប្រើប្រាស់​នេះ​ជាខ្លាំង​។ លោក​ថា​ទឹកស្រះ​ដែល​កំពុង​តែ​ជិត​អស់ ក្រៅ​ពី​ជួយ​ផ្គត់ផ្គង់​ក្នុង​សាលា ក៏​ត្រូវ​បាន​ចែករំលែក​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​តា​ក្រី​សម្រាប់​ប្រើប្រាស់​ផងដែរ​។ សំឡេង​លោក​ហ៊ាង ឫទ្ធី​៖ [.........]

​ក្រៅ​ពី​គ្មាន​ទឹកស្អាត​ទទួលទាន​គ្រប់គ្រាន់ បង្គន់​អនាម័យ​នៅក្នុង​បរិវេណ​សាលា​ដែល​បាន  សាងសង់​ក្រោម​ជំនួយ​របស់​អង្គការ Care តាំងពី​ឆ្នាំ​១៩៩៦​មក ក៏​បាន​ចាស់​ទ្រុឌទ្រោម​ទៅតាម​នោះដែរ​។ នៅពេល​ដែល​ទឹកស្រះ​ក្នុង​សាលា​ត្រូវបាន​រីងស្ងួត​ទៀត​នោះ រឹតតែ​ជា​ក្ដី​កង្វល់​របស់​លោកគ្រូ អ្នកគ្រូ ជាពិសេស​សិស្សស្រីៗ ទឹក​សម្រាប់​ប្រើប្រាស់​នៅក្នុង​បន្ទប់ទឹក​។  

​ចាកចេញ​ពី​ភាពរាំងស្ងួត តំបន់​ដាច់ស្រយាល​មួយ​នេះ ក៏​នៅតែ​ជួប​បញ្ហា​ដដែល ពោលគឺ​រាល់​ពេល​រដូវវស្សា ទឹក​បែរ​ជា​ជន់​លិច ដែល​សិស្សានុសិស្ស និង​គ្រូៗ ត្រូវ​ធ្វើដំណើរ​ដោយ​លុយ​ទឹក​មក​សាលា​។ ជាមួយគ្នា​នោះ​ដែរ ក្នុង​រដូវវស្សា​ក៏​គេច​មិន​ផុត​ពី​ភ្លៀងខ្យល់​កន្ត្រាក់ ដែល​តែងតែ​ប៉ើង​ដំបូង​សាលា​ជា​ញយ​ដង​ក៏មាន​។ នេះ​ជា​អ្វី​ដែល​គណៈ​គ្រប់គ្រង​សាលា​បាន​បញ្ជាក់​។​ សំឡេង​លោក​ហ៊ាង ឫទ្ធី​៖ [........]

​ស្ថិត​ក្នុង​ជរាភាព​នៃ​អាគារ​ដ៏​ចំណាស់​នេះ ត្រូវបាន​លោក​ហ៊ាង ឫទ្ធី ឲ្យដឹងទៀតថា អាច​ផ្ដល់​ជា​កន្លែង​ដល់​សិស្ស​យ៉ាងយូរ​ត្រឹម​តែ​ពីរ​ទៅ​បី​ឆ្នាំ ទៀត​តែ​ប៉ុណ្ណោះ​។ លោក​ក៏​ធ្លាប់​បាន​ស្នើសុំ​ជំនួយ​ពី​ក្រសួង​អប់រំ​ដែរ កាលពី​ឆ្នាំ​២០១៥ ក៏​ប៉ុន្តែ​មកទល់​ពេល​នេះ នៅតែ​ពុំ​ទាន់​ទទួលដំណឹង​វិជ្ជមាន​នៅ​ឡើយ​។​

ជា​ការឆ្លើយតប​នឹង​ការលើកឡើង​ពី​ស្ថានភាព​លំបាក នឹង​បញ្ហា​ដែល​កំពុង​ប្រឈម​នេះ ត្រូវបាន​លោក​ងី សេត ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​បាត់ដំបង បញ្ជាក់​ថា​ពុំ​បាន​ឃើញ​សំណើ​ពី​សាលា​បឋមសិក្សា​តា​ក្រី​នោះទេ បើទោះបីជា​លោកនាយក​សាលា​អះអាងថា បាន​ដាក់​សំណើ​តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ​........។ សំឡេង​លោក​ងី សេត​៖ [........]

​ថ្នាល​បណ្ដុះ​ចំណេះវិជ្ជា​ដែល​លាក់​ខ្លួន​ពួន​អាត្មា​ក្នុង​តំបន់​ដាច់ស្រយាល​មួយ​នេះ ស្ថិតនៅ​ជាប់ នឹង​ផ្លូវ​៥៧​បេ ពី​បាត់ដំបង​ឆ្ពោះទៅកាន់​ព្រំដែន​កម្ពុជា​-​ថៃ​។ ដោយសារតែ ជីវភាព​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ មិនសូវ​ជា​ធូរធារ ម្ល៉ោះហើយ​ភាគច្រើន​នៃ​សិស្សានុសិស្ស បាន​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៦ ដើម្បី​ចេញ​ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ថៃ ដើម្បី​បាន​ប្រាក់កម្រៃ​ជួយ​គ្រួសារ​។

ជា​និស្សិត​ដែល​កំពុង​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ យុវជន ធន ម៉េង​ហ៊ាង ដោយ​មើល​ទុក្ខលំបាក​របស់​ក្មេងៗ​សិស្សសាលា​ក្រីក្រ​មួយ​នេះ ក៏​បាន​បង្កើត​គម្រោង​រៃអង្គាស​ថវិកា​ពី​សប្បុរសជន​នានា ដើម្បី​ជួយ​ឧបត្ថម្ភ​ជា​អណ្តូងស្នប់​ទឹកស្អាត​មួយ ដើម្បី​បាន​ទឹកស្អាត​ទទួលទាន និង​បង្ការ​ពី​ជំងឺ​អាសន្នរោគ​ផ្សេងៗ ព្រមទាំង​ដើម្បី​កាត់បន្ថយ ទៅ​ដងទឹក​ស្រះ​ដែល​ពោរពេញ​ដោយ​សំរាម និង​មេរោគ​ជាច្រើន​មក​ទទួល​ទាន​បែបនេះ​ទៀត​។​ សំឡេង​យុវជន ធន ម៉េង​ហ៊ាង​៖ [.........]

​សាលាបឋមសិក្សា​តា​ក្រី មាន​អាគារ​សិក្សា​ត្រឹមតែ​មួយ​ខ្នង ដែល​ត្រូវ​បែងចែក​ជា​៦​បន្ទប់​។ បច្ចុប្បន្ន​បន្ទប់​ដែល​ប្រើប្រាស់​បាន​មាន​តែ​៤​បន្ទប់​ប៉ុណ្ណោះ​។ សាលារៀន​ចំណាស់​នេះ​មាន​គ្រូ បង្រៀន​ចំនួន​៦​នាក់ ដែល​បង្រៀន​សិស្ស​ចំនួន​១៧៦​នាក់ (​ស្រី​៨៣​នាក់​)​។ ក្នុងនាម​ជា​គណៈ​គ្រប់គ្រង​សាលា លោក​ហ៊ាង ឫទ្ធី បាន​អំពាវនាវ​ដល់​សប្បុរស​ជន​នានា មេត្តា​ជួយ​ឧបត្ថម្ភ​គាំទ្រ ទាំង​សម្ភារៈ​សិក្សា​សម្រាប់​សិស្ស និង​សម្ភារៈ​បរិក្ខារ ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា ព្រមទាំង​ជួយ​កាត់បន្ថយ​អត្រា​បោះបង់​ការសិក្សា​របស់​កុមារ​នៅ​ថ្នាក់​បឋម​ឲ្យមាន​កម្រិតទាប​៕

(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត