លោក​ដូណាល់ ត្រាំ​​មាន​គោលនយោបាយ​​ការបរទេស​​កាច​ជាង​​លោក​បា​រ៉ាក់ អូ​បា​ម៉ា​?

ដោយ៖ ពេញ ផេង 25-04-2017 4:46 pm 631
លោកដូណាល់ ត្រាំ(ឆ្វេង)និងលោកបារ៉ាក់ អូបាម៉ា

​បន្ទាប់​ពី​ចូលកាន់​តំណែង​បាន​រយៈពេល​បី​ខែ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ត្រូវ​ក្រុម​អ្នកជំនាញ​មើលឃើញ​ខុសៗ​គ្នា​ពី​ដំណើរការ​គ្រប់គ្រង​ប្រទេស ពិសេស​លើ​គោលនយោបាយ​ការបរទេស​។​អ្នកខ្លះ​ថា​ការផ្លាស់ប្ដូរ​របស់លោក​ត្រាំ ជា​ការដោះស្រាយ​បញ្ហា​មួយ​ដ៏​ធំ ហើយ​ខ្លះ​ជំទាស់​នឹង​ការលើកឡើង​នេះ​។​យ៉ាងណាមិញ លោក​ដូណាល់ ត្រាំ​ត្រូវគេ​មើលឃើញថា ដឹកនាំ​ប្រទេស​ខុស​ពី​លោក​បា​រ៉ាក់ អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក​អាណត្ដិ​មុន​។​សូម្បី​គោលនយោបាយ​ការ​បរទេស​ក៏​ខុស​គ្នា​ដែរ គឺ​លោក​ត្រាំ​ប្រើ​គោលនយោបាយ​ការបរទេស​កាច​ជាង​លោក​អូ​បា​ម៉ា​។​

​ពាក់ព័ន្ធ​ព័ត៌មាន​បន្ថែម សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ដូច​តទៅ​៖

​សំឡេង​៖

​ត្រឹម​តែ​រយៈពេល​បី​ខែ​នៃ​តួនាទី​ជា​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ​បាន​ដំឡើង​សាច់ដុំ​នៅ​ក្នុង​តំបន់​អាស៊ី​និង​នៅ​មជ្ឈិម​បូព៌ា បង្ហាញ​ឲ្យឃើញ​ថា​គោលន​យោបា​យ​ការបរទេសរ​បស់​លោក កាច​ជាង​គោលនយោបាយ​ការបរទេស​របស់​លោក​បា​រ៉ាក់ អូ​បា​ម៉ា​។​លោក​ដូណាល់ ត្រាំ​ថ្មីៗ​នេះ បាន​បញ្ជា​ឲ្យ​វាយប្រហា​រយ៉ាង​ភ្ញាក់ផ្អើល​ប្រឆាំង​ស៊ី​រី ដើម្បី​សងសឹក​នឹង​របាយការណ៍​ដែល​ថា កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​ដឹកនាំ​ដោយ​លោក​បា​សា អាល់​អាសាដ បាន​វាយប្រហារ​ដោយ​ប្រើ​អាវុធ​គីមី ទៅលើ​ប្រជាជន​ស្លូតត្រង់​។​មី​ស៊ី​ល​៥៩​គ្រាប់​បាន​ហោះ​ទៅ​កម្ទេច​មូលដ្ឋាន​ទ័ពអាកាស​មួយ​កន្លែង​របស់​ស៊ី​រី​។​

លោក​ដូណាល់ ត្រាំ​ក៏​បញ្ជា​ឲ្យ​កងទ័ព​ទម្លាក់​ម៉ែ​គ្រាប់បែក​"mother of bombs" នៅក្នុង​ប្រទស​អា​ហ្វ​ហ្គានី​ស្ថាន ដើម្បី​សម្លាប់​ក្រុម​ភេរ​វករ​ជាច្រើន​នាក់​។​ក្នុងពេល​ជាមួយគ្នា លោក​បាន​សម្ញែង​យោធា​ដាក់​កូរ៉េខាងជើង ជុំវិញ​កម្មវិធី​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដោយ​បញ្ជា​ឲ្យ​នាវា​ដឹក​យន្ដហោះ​ចម្បាំង​អាមេរិក ធ្វើដំណើរ​ទៅកាន់​ដែនទឹក​នៅ​ជិត​ឧបទ្វីប​កូរ៉េ​។​

ក្រុម​អ្នកជំនាញ​បាន​យល់​ឃើញ​ដាច់ពីគ្នា លើ​ដំណើរការ​គោលនយោបាយ​ការបរទេស​លោក​ត្រាំ​ក្នុង​រយៈពេល​បី​ខែ ដែល​លោក​បាន​ក្លាយជា​ប្រធានាធិបតី​។​អ្នកជំនាញ​ខ្លះ​ថា​ជំហាន​ផ្លាស់ប្ដូរ​របស់​លោក​ត្រាំ​ជា​ការដោះស្រាយ​ដ៏​ធំ ហើយ​អ្នកខ្លះ​ក៏​ជំទាស់​ដោយ​និយាយថា រយៈពេល​ជា​យូរ​មក​ហើយ ប៉ុន្ដែ​គ្មាន​អ្វី​ខុសប្លែក​ច្រើន​សោះ​។​

លោក​Darrell West ជា​អនុប្រធាន​និង​ជា​នាយក​គ្រប់គ្រង​កិច្ចការ​សិក្សា​នៃ​វិទ្យាស្ថាន​Brookings​នៅ​អាមេរិក បាន​កត់សម្គាល់​ថា “​លោក​ត្រាំ​ពិតជា​មាន​គោលនយោបាយ​ការបរទេស​កាច​ជាង​លោក​អូ​បា​ម៉ា​។​លោក​ត្រាំ​ពិតជា​មាន​បំណង​ចង់​ដាក់ពង្រាយ​កងកម្លាំង​យោធា និង​ទម្លាក់​គ្រាប់បែក​លើ​គូសត្រូវ ខណៈ​ដែល​លោក​អូ​បា​ម៉ា​ចង់​ប្រើ​ផ្លូវ​ការទូត​ដើម្បី​ដោះស្រាយ​បញ្ហា ហើយ​ការប្រើ​យោធា​ឆ្លើយតប គឺជា​ជម្រើស​ចុង​ក្រោយ​ប៉ុណ្ណោះ​។​”

​លោក​West​បន្ថែមថា លោក​ត្រាំ​ពេល​ខ្លះ​បាន​បោះចោល​ជម្រើស​ការទូត ហើយ​បែរ​ទៅ​ចាប់​យក​សកម្មភាព​យោធា​វិញ​។​រឿង​នោះ​ហើយ ដែល​មេដឹកនាំ​អន្ដរជាតិ​កំពុង​កត់សម្គាល់ឃើញ​ដំណើរការ​គ្រប់គ្រង​រប​ស់លោក​ត្រាំ គឺ​ចង់​បង្ហាញ​សាច់ដុំ​និង​ខ្វះ​ការ​គិតពិចារណា​វែងឆ្ងាយ​។​លោក​ត្រាំ​ទំនង​មិន​អត់ធ្មត់​ជាមួយនឹង​ទំនៀមទម្លាប់​ការទូត​ឡើយ ហើយ​ងាក​ទៅ​ចាប់​យក​សកម្មភាព​យោធា​រហ័ស​ជាង ដើម្បី​សម្រេច​គោលបំណង​ចង់​បាន​។​កូរ៉េ​ខាងជើង​គឺ​ជា​ឧទាហរណ៍​មួយ លោក​ត្រាំ​បានចាត់ទុក​កូរ៉េខាងជើង​ក្នុងការ​កត់ចំណាំ​របស់​លោក​រួចទៅហើយ ដោយ​លោក​នឹង​មិន​អត់ឱន​ឲ្យ​ការបន្ដ​ធ្វើ​តេស្ដ​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដាច់ខាត​។​

​លោក​ត្រាំ​មើលឃើញ​បញ្ហា​នោះ គំរាមកំហែង​ដល់​អាមេរិក​និង​សម្ព័ន្ធមិត្ដ​អាមេរិក​។​ប៉ុន្ដែ​ប្រសិនបើ​វិធី​ការទូត​មិន​អាច​សម្រេចបាន​លទ្ធផល លោក​ត្រាំ​បាន​និយាយថា​គ្រប់​ជម្រើស​ទាំងអស់​ត្រូវ​យក​មក​ដាក់​លើ​តុ រួមបញ្ចូល​ទាំង​ជម្រើស​យោធា​មួយ​ផង​។​នេះ​ជា​សម្ដី​លោក​Darrell West​។​

​រីឯ​លោក​Dan Mahaffee​ជា​នាយក​ផ្នែក​គោលនយោបាយ នៅ​មជ្ឈមណ្ឌល​សិក្សា​ពី​សភា​និង​ប្រធានាធិបតី​នៅ​អាមេរិក បានឲ្យ​ដឹង​ដែរថា គោលនយោបាយ​ការបរទេស​លោក​ត្រាំ សម្ដៅ​ចង់​ប្រើ​កងកម្លាំង​យោធា​អាមេរិក នៅពេល​កាលៈទេសៈ​តម្រូវ​។​មន្ដ្រីជាន់ខ្ពស់​របស់​លោក​ត្រាំ មាន​រដ្ឋមន្ដ្រី​ការ​ពារជាតិ​​អាមេរិក​លោក​Jim Mattis និង​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​លោក​H.R. McMaster បាន​ដើរតួរ​យ៉ាង​សំខាន់​ក្នុង​ជម្លោះ​ថ្មីៗ​នេះ ហើយ​យល់​ថា​កម្លាំងយោធា​អាមេរិក គឺជា​ឧបករណ៍​មួយ នៃ​គោលនយោបាយ​ការបរទេស​អាមេរិក​។​

លោក​Dan Mahaffee​លើកឡើង​បន្ថែមថា លោក​អូ​បា​ម៉ា​ហាក់​នៅ​មាន​មន្ទិល​នៃ​ប្រសិទ្ធភាព​យោធា​អាមេរិក ជាពិសេស​នៅពេល​ឆ្លើយតប​នឹង​ជម្លោះ​ស៊ី​រី ព្រមទាំង​បារម្ភ​ពី​ការ​បង្កហេតុ​ជាមួយ​រុស្ស៊ី​និង​អ៊ីរ៉ង់​។​ជាក់ស្ដែង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ ជា​គោលដៅ​គោលនយោបាយ​ការបរទេស​ដ៏​សំខាន់ សម្រាប់​រដ្ឋាភិបាល​របស់លោក​។​លោក​ត្រាំ​ចង់បង្ហាញ​ថា អាមេរិក​មិន​អៀនខ្មាស់​នឹង​ប្រើ​យោធា​សម្រេច​ទិសដៅ នៃ​គោលនយោបាយ​ការ​បរទេស​ឡើយ ហើយ​រដ្ឋបាល​លោក​ដូណាល់ ត្រាំ គិត​ពី​ការប្រើ​យោធា​ច្រើន​ជាង​រដ្ឋបាល​លោក​អូ​បា​ម៉ា​។​

​ប៉ុន្ដែ​សម្រាប់​លោក​Michael O'Hanlon ជា​មន្ដ្រី​ជាន់ខ្ពស់​ម្នាក់​ទៀត​នៅ​វិទ្យាស្ថាន​Brookings លោក​និយាយថា វា​ហាក់ដូចជា​លឿន​ពេក​ដែល​សន្និដ្ឋាន​គោលនយោបាយ​ការបរទេស​លោក​ដូណាល់ ត្រាំ កាច​ជាង​លោក​អូ​បា​ម៉ា​។​លោក​ត្រាំ​បាន​ទម្លាក់​គ្រាប់បែក​នៅ​អា​ហ្វ​ហ្គានី​ស្ថាន ជាការ​បំផ្ទុះ​មួយ​ប្រហែល​គ្នា​នឹង​ការទម្លាក់​គ្រាប់​ដែល​អាមេរិក​ធ្វើ​ជា​រៀងរាល់ថ្ងៃ ផ្ទួនៗ​គ្នា​នៅក្នុង​សង្គ្រាម វា​មិន​តិច​ជាង​ចំនួន​ជា​មធ្យម​ប្រចាំ​ថ្ងៃ​ទេ​។​មិនទាន់​មាន​ផលប៉ះពាល់​ណាមួយ នៃ​ការប្រើប្រាស់​កងកម្លាំង​ក្នុង​ជម្លោះ​នៅ​ស៊ី​រី អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គានី​ស្ថាន ឬក៏​វិបត្ដិ​នៅ​កូរ៉េ​ទេ​។​តាមពិត​រឿងនេះ​វា​បាន​កើតឡើង​រួចទៅហើយ ក្នុង​ពេល​លោក​បា​រ៉ាក់ អូ​បា​ម៉ា​កាន់អំណាច​។​

លោក​Michael O'Hanlon​គូសបញ្ជាក់​ទៀត​ថា លោក​អូ​បា​ម៉ា​បានសម្លាប់​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា​លោក​Osama bin Laden ហើយ​ប្រើប្រាស់​យន្ដហោះ​គ្មាន​មនុស្ស​បើក វាយប្រហារ​សម្លាប់​ក្រុម​ភេរ​វករ ជា​សកម្មភាព​មិន​ធ្លាប់​មាន​ពីមុន នៅ​ជុំវិញ​ពិភពលោក​។​លោក​ត្រាំ​សង្ឃឹម​មេដឹកនាំ​ក្នុង​ពិភពលោក មើលឃើញ​ពី​រឿង​មិន​អាច​ប៉ាន់ស្មាន​បាន ធ្វើឡើង​ដោយ​លោក​អូ​បា​ម៉ា ហើយ​យើង​ក៏​មើលឃើញ​ដែរ​។​

​សរុប​មក​វិញ មាន​ក្ដីកង្វល់​និង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការបង្ក​ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ ខណៈ​លោក​ត្រាំ​បាន​បញ្ជូន​នាវា​ដឹក​យន្ដហោះ នាវាចម្បាំង​ទៅក្នុង​តំបន់​នោះ​។​អនុ​ប្រធានាធិបតី​អាមេរិក​លោក​Mike Pence បាន​និយាយ​​ក្នុង​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន​ថ្មីៗ​នេះ ព្រមាន​ម្ដង​ទៀត​ថា ជម្រើស​ទាំងអស់​ត្រូវ​យក​មក​ដាក់​លើ​តុ ដើម្បី​សម្រេច​ឲ្យបាន​គោលដៅ គឺ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ ទោះបី​កិច្ចចរចា​នៅតែ​ជា​វិធីសាស្ដ្រ​ដ៏​ល្អ​អាច​យកមក​ប្រើប្រាស់​បាន​ក៏ដោយ​៕


ព័ត៌មានផ្សេងទៀត