ព័ត៌មានជាតិ  |  សង្គម

ជួប សម្លាប់សម្រេច​​ចិត្តប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹងទោសដាក់​ពន្ធនាគារអស់​មួយ​ជីវិត​​

21-04-2017 5:01 pm
 ចំនួនទស្សនា 357

​អឿ​ត អាង ហៅ​ជួប សម្លាប់ បាន​សម្រេចចិត្ត​ប្តឹង​ទៅ​កាន់​សាលាឧទ្ធរណ៍ បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា បាន​កាត់ទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត ពាក់ព័ន្ធ​ទៅនឹង​ការបាញ់​សម្លាប់​លោក​កែម ឡី​។​ការ​សម្រចចិត្ត​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​នេះ ដោយសារតែ​ខ្លួន​យល់ឃើញថា ការកាត់ទោស​ដោយ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​នោះ គឺ​ធ្ងន់ធ្ងរ​ពេក ដែល​ធ្វើឲ្យ​រូបគេ​គ្មានឱ​កាសកែប្រែ​កំហុស​។​នេះ​បើ​តាម​លោក យុង ផានិត​មេធាវី​ការពារ​ក្ដី​ជួប សម្លាប់ ប្រាប់​ដល់​អង្គភាព​សារព័ត៌មាន Fresh News នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា​។​

ពាក់ព័ន្ធ​ទៅនឹង​ការកាត់ក្តី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​កន្លង​មក​នេះដែរ លោក យុង ផានិត ដែល​ជា​មេធាវី​ការពារ​ក្តី​អោយ​ជួប សម្លាប់​នោះ ធា្លប់បាន​ប្រាប់​ដល់​អ្នកសារព័ត៌មា​ន​ថា បើ​ពិនិត្យ​ទៅតាម​នីតិវិធី​ត្រូវតែមាន​ស្ថានសម្រាលទោស​ខ្លះ បើទោះបីជា​បទល្មើស​អ្វី​ក៏ដោយ ពីព្រោះថា មាន​កត្តា​ជាច្រើន​ដែល​ជម្រុញ​ឲ្យ​ជួប សម្លាប់ ប្រព្រឹត្ត​បទល្មើស​។

​មិនតែប៉ុណ្ណោះ​លោក ក៏​ចង់ឲ្យ​តុលាការ​បំបែកសំណុំរឿង​នេះ​ជា​ពីរ​ផ្សេង​គ្នា ដើម្បី​ស្វែង​ក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នេះ​ផង​ដែរ ជាពិសេស​មនុស្ស​ចំនួន ២​នាក់ អ្នក​ទៀត ដែល​មួយ​ឈ្មោះ​ពូ លី​ស និង ឈ្មោះ​ចក់​។​

អឿ​ត អាង ហៅ​ជួប សម្លាប់ ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ចំនួន ២​ករណី ជុំវិញ​ការបាញ់​សម្លាប់​លោក កែម ឡី ដោយ​ករណី​ទី​១ ចោទប្រកាន់​ពីបទ ឃាតកម្ម​គិត​ទុកជាមុន និង ករណី​ទី​២ ចោទប្រកាន់​ពីបទ​កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត​ត្រង់​មាត្រា ២០០ និង មាត្រា ៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ កន្លងមក លោក​កែម ឡី ដែល​អ្នកវិភាគ​បញ្ហា​សង្គម​ដ៏​ល្បី ត្រូវបាន​ឃាតករ​បាញ់​សម្លាប់​នៅ​ស្ដារ​ម៉ា​ត​ក្បែរ​ស្ដុប​បូកគោ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​ក្រោយ​ពី​ហេតុការណ៍​បាញ់សម្លាប់ អាជ្ញាធរ​បាន​ចាប់ខ្លួន​បុរស​តែ​ម្នាក់ ដែល​បាន​សារភាពថា ខ្លួន​ឈ្មោះ ជួប សម្លាប់ ជា​អ្នក​បាញ់សម្លាប់​លោក កែម ឡី ៕


ព័ត៌មានផ្សេងទៀត

 
x