កម្ពុជា​ទទួលបាន​​ឈុត​គ្រឿងអលង្ការ​មាស​​នា​សម័យ​អង្គរ​​ដែល​បាត់​មកវិញ​​

ដោយ៖ ចេន សុជាតា 21-04-2017 4:56 pm 2656

​ជា​មោទនភាព​សម្រាប់​កម្ពុជា​មួយ​ទៀត ដែល​ទទួលបាន​មកវិញ​នូវ​ឈុត​គ្រឿងអលង្ការ​មាស​របស់​ខ្មែរ​នា​សម័យអង្គរ ដែល​បាន​បាត់​អស់​រយៈកាល​រាប់រយ​ឆ្នាំ​មកហើយ​។ ការ​ត្រឡប់មកវិញ​នេះ​ធ្វើឡើង​តាមរយៈ​ភ្នាក់ងា​រលក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art  ជាមួយ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស នា​ទីក្រុង​ឡុង​ដ៍ កាលពី​ថ្ងៃ​ទី ២០ ខែ​មេសា ឆ្នាំ​២០១៧​។

​មុន​ពេល​ស្ម័គ្រចិត្ត​ប្រគល់​វត្ថុ​បុរាណ​ដ៏​មានតម្លៃ​មក​ឲ្យ​កម្ពុជា​នេះ ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​មួយ​នោះ ធ្លាប់បាន​ប្រកាស​ដាក់​តាំង​លក់​ក្នុង​អំឡុង​ចុងឆ្នាំ​២០១៦​។ ក្រោយ​ទទួលបាន​ដំ​ណេង​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ធ្វើ​ការទាមទារ​ជាបន្ទាន់ ដោយ​ស្នើសុំ​ឲ្យ​ភ្នាក់ងា​រលក់​វត្ថុ​បុរាណ​នោះ​ដកចេញ​ពី​បញ្ជី​លក់ និង​សម្របសម្រួល​មក​ឲ្យ​កម្ពុជា​វិញ​។ ពេល​នោះ​កម្ពុជា​បាន​ផ្ដល់​សក្ខីកម្ម​យ៉ាងច្បាស់​ថា វត្ថុ​បុរាណ​នេះ​ជា​កម្មសិទ្ធិ​តែមួយគត់​របស់​កម្ពុជា តាមរយៈ​ក្បូរ​ក្បាច់រចនា​របស់​ខ្មែរ ហើយ​ត្រូវបាន​នាំ​ចេញ​ដោយ​ខុសច្បាប់​ពី​កម្ពុជា​។

​ក្រៅពី​ថ្លែងអំណរគុណ​ដល់​ភ្នាក់ងារ​លក់​នៃ​ចក្រភព​អង់គ្លេស លោក​ស្រីភៀង សកុណា រដ្ឋមន្ត្រី​ក្រសួង​ប្បធម៌ និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍​អំពាវនាវ​ដល់​គ្រប់​ស្ថាន​នានា​លើ​សកលលោក ដែល​កំពុង​តាំង​បង្ហាញ និង​រក្សា​ទុក​វត្ថុ​បុរាណ​របស់​កម្ពុជា មេត្តា​ប្រគល់​វត្ថុ​បុរាណ​ទាំងនោះ​មក​ឲ្យ​កម្ពុជា​វិញ​។  

​គួរ​រម្លឹក​ដែរ​ថា កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦  រដ្ឋាភិបាល​នៃ​ប្រទេស​បារាំង​បាន ប្រគល់​វត្ថុ​បុរាណ​ព្រះ​សិរ្ស​ចំនួន​ពីរ ដើម្បី​រក្សា​ទុក​នៅ​សារៈមន្ទីរ​ជាតិ​។ និង កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៥ វត្ថុ​បុរាណ​របស់​កម្ពុជា​ចំនួន​១៦​ដុំ រដ្ឋាភិបាល​ថៃ ក៏​បាន​ប្រគល់​ឱ្យ​កម្ពុជា​វិញ បន្ទាប់ពី​អាជ្ញាធ ថៃ រឹបអូស​បាន​ពី​ពួក​ឈ្មួញ​ទុច្ចរិត​។ សូមជម្រាបថា នា​ពេល​កន្លង​ទៅ​មុនៗ​នេះ កម្ពុជា​ក៏​ទទួលបាន​វត្ថុ​បុរាណ​ដែល​បាន​បាត់បង់​ទៅ ពី​បណ្ដា​ប្រទេស​មួយចំនួន​ផង​ដែរ​៕ ដោយ​៖ ចេ​ន សុជាតា​

ព័ត៌មានផ្សេងទៀត