ទម្រង់​ល្ខោន​មហោរី ​កំពុងធ្វើដំណើរ​ទៅ​រក​ផ្លូវ​បាត់បង់​​

ដោយ៖ ចេន សុជាតា 21-04-2017 3:49 pm 2468
ប្រភពរូបពីហ្វ៊េសប៊ុក

​ល្ខោន​មហោរី គឺជា​សិល្បៈ​ចំណាស់ និង​ជា​ទម្រង់​នៃ​របាំ ដែល​បាន​បង្កើត​នៅក្នុង​ឆ្នាំ​១៩៦០ ដោយ ផ្អែក​ទៅលើ​ចម្រៀង​មហោរី ការ​រាំ និង​ការនិយាយ​គ្នា​។ ពាក្យ​មហោរី ក្លាយ​មកពី​ពាក្យ មនោ​ហារី ឬ មនោហ​រា ខណៈពេល​វា​លេចចេញ​ពី​អក្សរ​ចារឹក​នៅលើ​សិលា​បុរាណ​។ ការ​រាំ និង​ចំរៀង​មហោរី ធ្វើឱ្យ​មាន​ការ​លំហែ ការសម្តែង និង​កាយវិការ​វា ប្រហាក់ប្រហែល​នឹង​របាំ​ប្រជាប្រិយ ផងដែរ​។ ល្ខោន​នេះ​ត្រូវ​បាន​សម្ដែង​ដោយ​ការ​បន្ទរ​តាម​ដោយ​ភ្លេង​មហោរី​។ វា​ត្រូវ បាន​ណែនាំ​ឱ្យ​ស្គាល់​ដោយ​សាស្ត្រាចារ្យ ពេជ្រ ទុំ​ក្រ​វ៉ិល ក្នុង​ឆ្នាំ​១៩៦៧​។ សូម​ស្ដាប់​ការអធិប្បាយ​ពី​ចេន សុជាតា​៖

សំឡេង៖

​ល្ខោន​មហោរី​គឺជា​ទម្រង់​ល្ខោន​ច្រៀង​រាំ​បែប​បុរាណ​នៅ​ប្រទេស​កម្ពុជា​។ ពាក្យ​ថា​មហោរី​នេះ គឺជា​ឈ្មោះ​វង់​តន្ត្រី​មួយ​របស់​ជនជាតិ​ខ្មែរ​យើង​ដែល​ជា​ប្រភេទ​តន្ត្រី​សំឡេង​ស្រាល សម្រាប់​ប្រគុំ​កំដរ​បរិយាកាស​សប្បាយ​រីករាយ​ក្នុង​ពិធី​ជួបជុំ​កែ​កំសាន្ត​នានា មាន​ពិធី​ជប់លៀង ឬ​ពិធីបុណ្យ​តាម​គ្រួសារ ពិធី​បុណ្យ​ក្នុង​ភូមិ ឬ​ឱកាស​លំហែ​ពី​ការងារ​ជា​ដើម​។​ចំណែក​ខាង​ល្ខោន​មហោរី​វិញ ដែល​ជា​ទម្រង់​ល្ខោន​មួយបែប​ដែលមាន​សិល្បករ​ចម្រុះ​ប្រុស​ស្រី រាំ​ផង​ច្រៀង​ផង និយាយ​ផង ក្នុងពេល​សម្ដែង និង​ដោយសារ​ទម្រង់​នេះ​ពឹងផ្អែក​ទាំងស្រុង​លើ​វង់​តន្ត្រី​មហោរី ពោល​គឺ​យក​វង់​តន្ត្រី និង​ចម្រៀង​មហោរី​រាប់រយ​បទ ជា​មធ្យោបាយ​គ្រឹះ​របស់ខ្លួន​ក្នុង​ការសំដែង​នោះ ទើប​ទស្សនិកជន ហៅ​ឈ្មោះ​នេះ​ថា ល្ខោន​មហោរី​ជា​រៀង​រហូត​មក​។

​បើ​តាម​ប្រសាសន៍​គ្រូ​ល្ខោន​ចាស់ៗ បាន​ពោល​ថា​៖ ល្ខោន​មហោរី​នេះ មានកំណើត​តាំង​ពី​ច្រើន​ទសវត្ស​មកហើយ​ដែរ ប៉ុន្តែ​តម្រង់​នេះ​ក៏​ដូច​ជា​ទម្រង់​សិល្បៈ​ដទៃទៀត បាន​ជួប​វិបត្តិ​រុះ​រោយ ចុះ​ទៅ​តាម​ដំណើ​រវិ​វឌ្ឍដ៏​ពិបាក​នៃ​ប្រវត្តិសាស្ត្រក​ម្ពុ​ជា​ក្នុង​ដំណាក់កាល​ខ្លះ​។ ដោយឡែក​ចាប់ពី​អំឡុង​ឆ្នាំ​១៩២៩ ឬ​១៩៣០ មក ល្ខោន​មហោរី​ក៏ដូចជា​ទម្រង់​សិល្បៈ​ផ្សេង​ទៀត​ដែល​មាននៅ​តាម​រោង​នានា​នៅ​រាជធានី​ភ្នំពេញ​ក៏​បាន​ជួប​វិបត្តិ​ជា​បន្តបន្ទាប់​។ ដោយ​ក្នុង​កាលៈទេសៈ​នោះ ល្ខោន​មហោរី នឹង​ល្ខោនបាសាក់ ដែល​មាន​កំណើត​មក​ពី​កម្ពុជា​ក្រោម ដែល​ទទួលបាន​ជោគជ័យ​ធំធេង​ក្នុង​ជីវិត​របស់​ខ្លួន​ដោយ​បាន​ទាក់ទាញ​ទឹកចិត្ត​ទស្សនិកជន ឲ្យមក​ទស្សនា​កាន់តែ​ច្រើន​រហូ​ត​មក​។ ក្នុង​គ្រោះវិបត្តិ​នេះ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទម្រង់​សិល្បៈ​ល្ខោន​មហោរី​កាន់តែ​សាបរលាប​ទៅៗ រហូត​ស្ទើរ​បាត់​រូប​តែ​ម្ដង​។​

​ប៉ុន្តែ​រហូតមកដល់​ឆ្នាំ ១៩៦៥-៦៦ ពេល​ដែល​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បាន​កើតឡើង នៅក្នុង​ពិធី​ជប់លៀង​មួយ​ក្នុង​បវិវេន​សកល លោក​សាស្ត្រាចារ្យ មាស គ​ក លោក​សាស្ត្រាចារ្យ ឆេង ផុន លោក​សាស្ត្រាចារ្យ ប៉ុល សំអឿន ដែល​សុទ្ធ​ជា​សាស្ត្រាចារ្យ​ខាង​វិជ្ជា​ល្ខោន បាន​លើកយក​អន្លើ​មួយ​នៃ​រឿង​ថ្ម​រាំ ដែល​និពន្ធ​ដោយ សាស្ត្រាចារ្យ ហង់ ធន​ហាក់ មក​រៀបរៀង​ជា​ល្ខោន​មហោរី ហើយ​ដែល​កាលណោះ សំដែង​ដោយ​លោក ឈន ទត (​ពេជ្រ ទុំ​ក្រ​វ៉ិល​) និង​អ្នកស្រី អ៊ុំ ម​ន្ថា​។​

គឺ​ដោយសារ​មេរៀន​ដ៏​តូច និង​មាន​សារៈសំខាន់​នេះហើយ ដែល​ល្ខោន​មហោរី​បានចាប់កំណើត​ជា​ថ្មិ​ឡើងវិញ ហើយ​បង្ហាញខ្លួន​នៅ​ចំពោះ​ភ្នែក​ទស្សនិកជន​ជាតិ និង​អន្តរជាតិ  សារ​ជា​ថ្មី​ដោយ​អ្នកនិពន្ធ បន្ត​វេន បាន​សិក្សា​ស្រាវជ្រាវ​បន្ថែម​ហើយ​បាន​និពន្ធ និង​រៀបរៀង​រឿង​ជាច្រើន​ក្នុង​រូបភាព​ទម្រង់​ល្ខោន​មហោរី មាន​ជាអាទិ៍​៖

រឿង​វិប្បដិសារី នៃ​ព្រានព្រៃ និពន្ធ​ដោយ​លោក ពេជ្រ ទុំ​ក្រ​វ៉ិល​
រឿង​ប្រហែស​បាត់​ប្រយ័ត្ន​គង់ និពន្ធ​ដោយ​លោក​ពេជ្រ ទុំ​ក្រ​វ៉ិល​
​រឿង​មិន​ខ្វះ​ទេ​អ្នក​ស្រលាញ់​យុត្តិធម៌ និពន្ធ​ដោយ​លោក​ពេជ្រ ទុំ​ក្រ​វ៉ិល​
​រឿង​តេមិយ​កុមារ រៀន​រៀង​ដោយ​លោក​ពេជ្រ ទុំ​ក្រ​វ៉ិល​
​រឿង​សុវណ្ណ​សាម រៀបរៀង​សោយ​លោក​ពេជ្រ ទុំ​ក្រ​វ៉ិល​
​ព្រមទាំង​មាន​រឿង​ខ្លះៗ​ទៀត ដែល​ជា​ស្នាដៃ​របស់​មិត្តភក្តិ​លោក​ក្នុង​ជំនាន់​នោះ​ផង​។​

គេ​សង្កេតឃើញ​មាន​ទម្រង់​ល្ខោន​មហោរី​នេះ រហូត​ដល់​រយៈកាល​សង្គ្រាម​ស៊ីវិលដ៏​កាចសា​ហាវ​នា​ឆ្នាំ​១៩៧០ បាន​ចាប់ផ្ដើម​ឡើង ឬ​ក្រោយ​នោះ​បន្តិច​ផង​នៅ​រាជធានី​ភ្នំពេញ​។ ឥឡូវនេះ​វិញ​គេ​បាន​ជួបប្រទះ ឬ​ទស្សនា​ទម្រង់​ល្ខោន​មហោរី​នេះ​ដោយ​កម្រ ពោល​គឺ​ទម្រង់​ល្ខោន​មហោរី​នេះ ក៏​កំពុងតែ​ត្រូវ​គំរាម​គំហែង ធ្វើដំណើរ​ទៅ​រក​ផ្លូវ​បាត់បង់​៕ (អត្ថបទដកស្រង់ចេញពីសៀវភៅទស្សនីយភាពខ្មែរ)

ព័ត៌មានផ្សេងទៀត