ក្រុមប្រឹក្សាសន្ដិសុខ​​អង្គការសហប្រជាជាតិ​​ព្រមាន​ដាក់ទណ្ឌកម្ម​ថ្មី​​លើ​កូរ៉េខាងជើង​

ដោយ៖ ពេញ ផេង 21-04-2017 3:28 pm 7250
អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដែលដាក់បង្ហាញ​ក្នុងព្រឹត្ដិការណ៍ជាតិ

​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​២០​មេសា បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​ជា​ថ្មី​របស់​កូរ៉េខាងជើង ហើយ​បាន​គំរាម​ដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ទីក្រុង​ព្យុង​យ៉ាង ចំពោះ​ឥរិយាបថ​កាន់តែ​ព្រហើន​ជាង​មុន​បង្ក​អស្ថេរភាព​។​នៅក្នុង​សេចក្ដីថ្លែងការណ៍​ឯកច្ឆន្ទ​មួយ ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​បាន​ទាមទារ​ថា កូរ៉េខាងជើង​មិន​ត្រូវ​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​បន្ថែម​ទៀត​ទេ ហើយ​សកម្មភាព​ធ្វើតេស្ដ​មី​ស៊ី​ល​ខុស​ច្បាប់​របស់​ទីក្រុង​ព្យុងយ៉ាង គឺ​បង្ក​ភាព​តានតឹង​កាន់តែ​ខ្លាំង​នៅក្នុង​តំបន់​។​

​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​បាន​គំរាម ចាត់វិធានការ​បន្ថែម​ក្នុងនោះ​មាន​ទណ្ឌកម្ម​ផង ដាក់​លើ​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​។​កន្លង​មក​កូរ៉េខាងជើង​រង​ទណ្ឌកម្ម​ចំនួន​៦​លើក​មក​ហើយ ក្នុងនោះ​មាន​ទណ្ឌកម្ម​ចំនួន​ពីរ បាន​សម្រេច​ដាក់​កាលពី​ឆ្នាំមុន ជា​វិធានការ​ប្រឆាំង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ប្រទេសមួយ​នេះ​។​

សូមជម្រាបថា ទីក្រុង​ព្យុងយ៉ាង​កំពុងតែ​អភិវឌ្ឍ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ មាន​សមត្ថភាព​បាញ់​ដល់​ទឹកដី​អាមេរិក ជាមួយនឹង​ការបំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ​។​កូរ៉េ​ខាងជើង​បាន​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​៥​លើក​មក​ហើយ ពីរ​លើក​ធ្វើតេស្ដ​កាលពី​ឆ្នាំមុន​។​

​ខណៈ​ពេល​នេះ ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​ក្ដៅគគុក បន្ទាប់​ពី​អាមេរិក​ប្រកាស​បញ្ជូន​នាវាចម្បាំង​និង​នាវា​ដឹក​យន្ដហោះ​ទៅកាន់​ឧបទ្វីប​កូរ៉េ​។​អាមេរិក​បាន​ព្រមាន​ដែរ​ថា នឹង​ឆ្លើយតប​លើ​កូរ៉េខាងជើង​យ៉ាង​ចាស់ដៃ បើសិន​រដ្ឋ​ផ្ដាច់ខ្លួន​មួយ​នេះ បន្ដ​ធ្វើ​តេស្ដ​មី​ស៊ី​ល​ឬ​អាវុធ​នុយក្លេអ៊ែរ​។​អ្វី​ដែល​សំខាន់ បើសិន​កូរ៉េខាងជើង​ហ៊ាន​ប៉ះពាល់​ដល់​សម្ព័ន្ធមិត្ដ​អាមេរិក គឺ​កូរ៉េខាងត្បូង​និង​ជប៉ុន ដែល​កូរ៉េខាងជើង​តែង​គំរាម​វាយប្រហារ​កន្លងមក​។​

​យ៉ាងណាក៏ដោយ កូរ៉េខាងជើង​នៅ​តែ​មិន​ខ្លាច​រអា ហើយ​បោះពាក្យ​ទៅ​វិញ​ថា ស្វាគមន៍​ជានិច្ច​បើ​អាមេរិក​ចង់​ធ្វើសង្គ្រាម សង្គ្រាម​ប្រភេទ​ណា​ក៏​បាន​។​ការប្រកាស​ព្រមាន​គ្នា​ទៅវិញទៅមក កំពុង​ធ្វើឲ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​។​ចំណែក​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ក៏​ព្រមាន​កុំឲ្យ​កូរ៉េខាងជើង​បង្កហេតុ​តទៅទៀត ដើម្បី​រក្សា​ស្ថេរភាព​ក្នុង​តំបន់​និង​ស្ថេរភាព​ក្នុង​ពិភពលោក​។​ការព្រមាន​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ គ្មានអ្វី​ក្រៅពី​ការដាក់ទណ្ឌកម្ម​បន្ថែម​នោះ​ទេ ដើម្បី​គាបសង្កត់​កូរ៉េខាងជើង​៕

ព័ត៌មានផ្សេងទៀត