ពលរដ្ឋ​ខ្មែរ​មួយចំនួន​​ទាត់ចោល​​ទិដ្ឋភាព​ច្បាប់ ​ចាប់​យក​​ការវិនិច្ឆ័យ​​ដោយ​​ខ្លួនឯង​​

ដោយ៖ អឿន ភារ៉ា 21-04-2017 3:17 pm 14808

​ក្រោយ​ហេតុការណ៍​ក្មេងស្រី​ម្នាក់​ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ នា​យប់​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ នៅ​បរិវេណ​ផាប់​ស្ត្រី​ត សមត្ថកិច្ច​បាន​ចាប់ខ្លួន ស្ត្រី​ម្ចាស់​ហាង​ស្ប៉ា ពី​បទ​មនុស្សឃាត ដោយ​អ​ចេតនា ដោយសារ​ធ្វេសប្រហែស​រាយ​ខ្សែភ្លើង នៅមុខ​ហាង​បណ្តាលឲ្យឆ​ក់​មនុស្ស​ស្លាប់ ។ ប្រតិកម្ម​បាន​ផ្ទុះឡើង​នឹង​ការ​ឍអនុវត្ត​ច្បាប់ លើ​ស្ត្រី​រូបនេះ បើ​ទោះជា​សមត្ថកិច្ច អះអាងថា ស្ត្រី​រូប​នេះ​មាន​កំហុស​ បង្ក​ឲ្យ​មនុស្ស​ស្លាប់​ក៏ដោយ​។ តើ​ហេតុអ្វី​ការអនុវត្ត​ច្បាប់ បែរ​ជា​រង​នូវ​ការរិះគន់​ទៅវិញ​?

​ប្រសិន​និយាយ​ពី​ទិដ្ឋភាព​ច្បាប់ ដោយ​លើក​ពី​ការទទួលខុសត្រូវ​នោះ ត្រឹមត្រូវ​ណាស់​ដែល​ស្ត្រី​ម្ចាស់ ហាង​ស្ប៉ា​មួយកន្លែង ស្ថិតនៅ​ខេត្ត​សៀមរាប បរិវេណ​ផាប់​ស្ត្រី​ត ត្រូវ​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​អ​ចេតនា ប្រសិន​ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយសារ​ឆក់​នឹង​ឧបករណ៍​អគ្គិសនី​របស់​ហាង​នេះ​មែន​។ ខ្លឹមសារ​នៃ​បទ​ចោទ​នេះ មាន​សេចក្តី​ថា ការធ្វេសប្រហែស ការ​មិន​ប្រុងប្រយត្ន័ឬ​ការ​ខ្ជីខ្ជា ការបំពាន​លើ​កាតព្វកិច្ច​សន្តិសុខ ឬ​កាតព្វកិច្ច​ប្រុងប្រយត្ន័​ដែល​ច្បាប់ត​ម្រូ​វ​ត្រូវ​ចាត់ទុក​ជា​បទ​មនុស្សឃាត​ដោយ​អ​ចេតនា គឺជា​អំពើ​បណ្តាលឲ្យ​ស្លាប់​អ្នកដ៏ទៃ​។ ប្រសិន​និយាយ​ពី​ការទទួលខុសត្រូវ លើ​ករណី​នេះ តើ​គួរតែ​មាន​អ្នកទទួលខុសត្រូវ​ស្ដង់ដា​អគ្គិសនីរ​ដ្ឋ​នៅ​ទីនោះ​ដែរ​រឺទេ​?

​ក៏ប៉ុន្តែ​ជា​ការកត់សម្គាល់ នៅពេល​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ចំពោះ​ករណី​នេះ ប្រតិកម្ម​មហាជន​បាន​កើតឡើង​យ៉ាង​ពុះកញ្ជ្រោល​។ សម្រាប់​ភ្នែក​របស់​ពលរដ្ឋ​មួយចំនួន ហាក់​មិន​ទម្លាប់​និង​មិន​អាច​ទទួលយក​ការអនុវត្ត ច្បាប់​របស់​សមត្ថកិច្ច បើ​ទោះជា​សមត្ថកិច្ច​បាន​ធ្វើ​ត្រឹមត្រូវ តាម​ការកំណត់​របស់​ច្បាប់​ក៏ដោយ​។ និន្នាការ​យល់ឃើញ របស់​ប្រជាពលរដ្ឋ គួរតែ​បន្ទោស​ទៅ​ការអនុវត្ត​ច្បាប់​មិន​បាន​ត្រឹមត្រូវ រឺ​ការអនុត្ត​ច្បាប់​ដែល ធ្វើឲ្យ​ពលរដ្ឋយ​ល់​បញ្ច្រាស់ ពី​ការអនុវត្ត​ច្បាប់​។ ច្បាប់​នៅពេល​មាន ហេតុការណ៍​គ្រោះថ្នាក់ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់ ប្រសិន​មាន​ពាក់​ពន្ធ័​រដ្ឋាភិបាល តែង​ត្រូវ​សមត្ថកិច្ច​ជំនាញ របស់​រដ្ឋាភិបាល​ស៊ើបអង្កេត ហើយ​សន្និដ្ឋានថា នោះ​ជា​ឧបទ្ទវហេតុ ដែល​ត្រូវ​ទទួលខុសត្រូវ​ជា​រួម​។​

ករណី​អនុវត្ត​ច្បាប់​ខ្លះ​ត្រូវបាន​ពលរដ្ឋ​ចងចាំ និង​យក​ធ្វើ​ជា​ឧទាហរណ៍ ដើម្បី​ទាត់ចោល ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​តួ​យ៉ាង​ហេតុការណ៍​ជាន់​គ្នា​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ​។​មហា​សោកនាដកម្ម​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៣០០​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​តា​មរយៈ​គណៈកម្មការ​ស៊ើបអង្កេត​មួយ កំណត់ថា បណ្តាលមកពី “​ស្ពាន​យោល​” ដោយ​សន្និដ្ឋាន មូលហេតុ​ធំ​ចំនួន​ពីរ​គឺ ទី​១-​ក្រុម​មនុស្ស​មិន​ដឹង​អំពី​ស្ថានភាព​ស្ពាន និង​ទី​២-​ស្ពាន​ដែល​មាន​ស្ថានភាព​យោល​បាន បង្កើត​ឱ្យមាន​ភាព​ជ្រួលច្របល់ និង​ចលាចល​កើតឡើង​។​កាលណោះ​ថ្វី​ត្បិត​សំណង​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ផ្តល់​ជូន​គ្រួសារ​ជនរងគ្រោះ រួម​ទាំង​មូលនិធិ​ដែល​ប្រមូលបាន​ពី​មហាជន​មាន​ចំនួន​ច្រើនក្តី ក៏​ប៉ុន្តែ​ករណី​នេះ​បាន​បញ្ចប់​ដោយ​បន្សល់​នូវ​សំណួរ​ជា​ច្រើន​ថា តើ​អ្នក​សាងសង់​ស្ពាន  គួរ​ទទួលខុសត្រូវ​ដែររឺទេ​លើ​បញ្ហា​នេះ​? ចុះ​គណៈកម្មការ​សន្តិសុខ ដែល​កាលណោះ ក្រោម​ការបញ្ជា​របស់ កែប ជុតិមា គួរតែមាន​ចំណែក​បង្កហេតុ​ដែររឺទេ ដែល​មិន​បាន​គ្រប់គ្រង​ស្ថានការណ៍ និង​បង្ការ​គ្រោះថ្នាក់ រឺ​ណែនាំ និង​រៀបចំ​អោយ​មាន​ការ​ប្រចាំការ ទប់ស្កាត់​ចរន្ត​អ្នក​ឆ្លងកាត់​ស្ពាន​?

​ករណី​មួយ​ផ្សេង​ទៀត​កើត​ឡើង​នៅ​ចុងឆ្នាំ​២០១៤​យុវជន​ម្នាក់​បាន​ស្លាប់ ដោយ​កាំ​ជ្រូច​បាញ់​អបអរ​ពិធី​ឡើង​គ្រង​រាជសម្បត្តិ របស់​សម្តេច​សីហមុនី​។ ករណីនេះ​មន្ត្រី​រដ្ឋាភិបាល​អះអាងថា ជា​កំហុស​បច្ចេកទេស និង​ជា​កំហុស​ជនរងគ្រោះ​ផ្ទាល់ ដែល​ឆ្លង​ចូល​កន្លែង​ហាមឃាត់​។​យ៉ាងណាមិញ កំហុស​បច្ចេកទេស គឺជា​លេស​គេចចេញ ពី​ការទទួលខុសត្រូវ និង​មិន​ផ្តល់​សំណង ជូន​គ្រួសារ​ជនរងគ្រោះ ក្រៅ​តែ​ពី​ថវិកា​ផ្ទាល់ខ្លួន របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ចំនួន​២​លាន​រៀល និង​ថវិកា​៦​លាន​រៀល ពី​គណៈកម្មការ​បុណ្យ​ជាតិ​ដើម្បី​ចូល​បុណ្យ​សព​។ ក្រុមគ្រួសារ​ជនរងគ្រោះ​ទាមទារ​ឲ្យមាន​ការទ​ទួលខុសត្រូវនិ​ង​សំណង ប៉ុន្តែ​ករណី​នេះ​ត្រូវ​បាន​ស្ងាត់​មកដល់​បច្ចុប្បន្ន​។ ជា​សំណួរ​គណៈកម្មការ​បុណ្យជាតិ ដែលជា​អ្នក​រៀបចំ​ពិធីបុណ្យ គួរ​ទទួលខុសត្រូវ​ដែររឺទេ​? អ្នករៀបចំ​កាំជ្រួច​គួរ តែ​ជាប់ទោស​ពី​បទ​មនុស្សឃាត ដោយ​អ​ចេតនា រឺក៏​អត់​?

​ផ្ទុយ​ពី​ករណី​ទាំង​២​នេះ​ស្ត្រី​ដែល​ស្លាប់ ដោយសារ​ដែក​ធ្លាក់ ពី​លើ​ការដ្ឋាន​សំណង់ ជាប់​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក កើតចេញ​ពី​ការ​ធ្វេសប្រហែស កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ក្រៅ​តែ​ពី​ក្រុមហ៊ុន​សំណង់ ផ្តល់​សំណង ៦​ម៉ឺន​ដុល្លារ ដល់​គ្រួសារ​សព​ហើយ​នោះ មេការ​២​នាក់ និង កម្មករ​៥​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយមក​ក៏​មាន​ការដោះលែង មេការ​២​នាក់​វិញ​។​

​ករណី​ជា​ឧទាហរណ៍​មួយ​ផ្សេងទៀត កាលពី​ថ្ងៃ​ទី​១៦​ខែ​មេសា​ឆ្នាំ​២០១៤​នេះ មាន​ហេតុការណ៍​លិច​សាឡាង​ដឹក​អ្នកដំណើរ​មួយ​នៅ​កូរ៉េខាងត្បូង ដែល​បណ្តាលឲ្យ​មនុស្ស​ជាង​៣០០​នាក់​។ ក្រោយ​ហេតុការណ៍​កិច្ច​ចាប់ខ្លួន ក្រុម​នាវិក​ជាង​១០​នាក់​។ ក្រុម​រដ្ឋអាជ្ញា​នៃ​ប្រទេស​កូរ៉េខាងត្បូង​ទទួច ឲ្យ​ចៅក្រម​ប្រហារជីវិត​លើ​អ្នកបើកបរ​៣​នាក់ និង​កាត់ទោស​ឲ្យ​អ្នក​ធ្វើ​ការលើ​សាឡាង​នោះ ១១​នាក់​ផ្សេង​ទៀត ឲ្យ​ជាប់​ពន្ធនាគារ​៣០​ឆ្នាំ​។  ក្នុង​នោះ​ក្រោយ​ហេតុការណ៍​លិច​សាឡាង​នាយករដ្ឋមន្ត្រី កូរ៉េខាងត្បូង​លោក មូន ឆេង​គឿក បាន​សុំ​លាលែង​ពី​តំណែង​។​

​ទឡ្ហូករណ៍​ទាំងនេះ គឺជា​ការលើកឡើង ដែល​អាច​ទាញ​ជា​ឧទាហរណ៍ ពី​រូបភាព​នៃ​ការអនុវត្ត​ច្បាប់ នៅ​កម្ពុជា ក៏​ប៉ុន្តែ​អ្វី​ដែល​ចង់​ឆ្លុះបញ្ចាំង​នោះ ប្រសិន​ការអនុវត្ត​ច្បាប់ ត្រូវ​ធ្វើឡើង​ដោយ​ស្មើភាព គ្រប់​រូបភាព និង​គ្រប់​ករណី ប្រតិកម្ម​ពលរដ្ឋ​នឹង​នៅតែមាន តែ​មាន​តិច​ជាង​ច្រើន ត្បិត​ពលរដ្ឋ​យល់​ពី​ទិដ្ឋភាព នៃ​ការអនុវត្ត​ច្បាប់ របស់​សមត្ថកិច្ច​។​

​ផ្ទុយទៅវិញ ប្រសិន​គំរូ​អាក្រក់ ដែល​បង្ហាញ​ពី​ការអនុវត្ត​ច្បាប់ មិន​បាន​ត្រឹមត្រូវ ភាព​គ្មាន​ទំនួល​ខុស​ត្រូវ លើ​ករណី​ហេតុភេទ​ណាមួយ​នោះ ពលរដ្ឋ​នឹង​មើលស្រាល ការអនុវត្ត​ច្បាប់ ច្បាប់​ស្ថិតនៅ​លើ​បបូរមាត់ លុះដល់​ពេល​ករណី​ណា​កើតឡើង ក្រោយៗ​ទៀត ការអនុវត្ត​ច្បាប់ របស់​សមត្ថកិច្ច​ប្រែ​ក្លាយទៅជា​រឿង​ចម្លែក ពលរដ្ឋ​លែង​យល់​ពី​ទិដ្ឋភាព​ច្បាប់ ហើយ​ចាប់​យក​ទិដ្ឋភាព​ដែល​ខ្លួន​មើល​ឃើញ ដើម្បី​កាត់ក្តី​ខុស​និង​ត្រូវ រួច​ទាត់ចោល​ទិដ្ឋភាព​ច្បាប់​វិញ​។​

​មួយវិញទៀត​របៀប​អនុវត្ត​ច្បាប់ ដែល​មិន​ស្ថិត​លើ​ផ្លូវ​តែមួយ មិន​ថា​ករណី​បុគ្គល​និង​បុគ្គល ករណី​បុគ្គល​និង​រដ្ឋ និង​នៅ​ពេល​ការទទួលខុសត្រូវ​បុគ្គល និង​រដ្ឋ​ចែក​មិន​ដាច់​ពីគ្នា​នោះ​នឹង​នាំ​ឲ្យ​ការប្រព្រឹត្ដខុស​ក្លាយជា​រឿង​ធម្មតា​និង​ប្រពៃណី ហើយ​ការពិភាក្សា​ពី​ច្បាប់​គ្មាន​សមភាព ​ក្នុង​សង្គម​តែ​មួយ​នឹង​កើតឡើង​។​

(អត្ថបទដោយៈ យ៉ាន់ លីណា)

ព័ត៌មានផ្សេងទៀត