ផ្លូវ​មួយចំនួន​ត្រូវ​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​រត់ Baton Run

ដោយ៖ ថា ចាន់ធី 21-04-2017 2:52 pm 1812
រូបតំណាង ការរត់កីឡាBaton Run

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៧​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​រត់ Baton Run​ដើម្បី​អបអរសាទរ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី ៩ ឆ្នាំ​២០១៧​នៅ​ប្រទេស​ម៉ាឡេស៊ី​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ព្រឹត្តិការណ៍​នេះ​មាន​កីឡាករ​ចូលរួម​ចំនួន ៦០០​នាក់ ដោយ​ធ្វើ​ការជួបជុំ​គ្នា​នៅមុខ​ស្ថានទូត​ប្រទេស​ម៉ាឡេស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួច​ធ្វើការ​រត់តាម​មហាវិថី​ព្រះ​នរោត្តម ផ្លូវ​សុធារស បន្ត​ទៅ​រង្វង់​មូល​សម្តេចព្រះសង្ឃរាជ​ជួ​ន ណាត តិរវិថី​ព្រះស៊ីសុវត្ថិ ផ្លូវ​លេខ​១៥៤ មហាវិថី​ព្រះ​នរោត្តម ផ្លូវ​លេខ​២១៤ ផ្លូវ​លេខ​១៦១ ផ្លូវ​លេខ​១៨២ និង​ផ្លូវ​លេខ ២១៧ រួច​បន្ត​ដំណើរ​ទៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​តាមផ្លូវ​ព្រះ​មុន្នី​រ៉េត​។​

​ដើម្បី​អោយ​ការ​ប្រារព្ធ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរ នៅ​តំបន់​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើ​ការបញ្ចៀស និង​បិទ​សកម្មភាព​ចរាចរ ជា​បណ្តោះអាសន្ន​តាម​ទីតាំង​ជួបជុំ និង​ផ្លូវ​ខ្សែ​រត់ ចាប់ពី​ម៉ោង​៦:00 ដល់​ម៉ោង​៩ :៣០​នាទី ។​

​សូមបញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ​ត្រូវបាន​រៀបចំ​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា សហការ​ជាមួយ​គណៈ​កម្មា​ជាតិ​អូឡាំពិក​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត