ព័ត៌មានជាតិ  |  សង្គម

“​ថវិកា​ឆ្លើយតប​នឹង​យេនឌ័រ​នៅ​ថ្នាក់ក្រោម​ជាតិ​”​ជា​អ្វី​?

21-04-2017 11:48 am
 ចំនួនទស្សនា 502

​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​”​ថវិកា​ឆ្លើយតប​នឹង​យេនឌ័រ នៅ​ថ្នាក់ក្រោម​ជាតិ​” ត្រូវបាន​រៀបចំ​ធ្វើឡើង នៅ​សណ្ឋាគារ​សាន់វេ ក្រោម​ការដឹកនាំ​ដោយ​លោកស្រី​ធីតា ឃឹះ ប្រធាន​គណកម្មការ​ដឹក​នាំ គណកម្មាធិការ​លើកស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​(​គ​.​ស​.​ន​) និង​ជា​នាយិការ​អង្គការ​សីល​ការ​។ តើ​ថវិកា​ឆ្លើយតប​នឹង​យេនឌ័រ នៅ​ថ្នាក់ក្រោម​ជាតិ​មាន​ន័យ​ដូចម្តេច​?

​ថ្លែង​ក្នុង​អង្គ​សិក្ខាសាលា​នេះ លោកស្រី​ធីតា ឃឹះ បានបញ្ជាក់​ថា គោលបំណង​សំខាន់ នៃ​ការរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​នា​ថ្ងៃនេះ គឺ​ដើម្បី​ពិភាក្សា​ពី​គំហើញ​ដែល​អង្គការ​ដៃគូ​បាន​រៀបចំ​ធ្វើឡើង ក្នុង​ការស្វែងរក​ដំណោះស្រាយ ថា​តើ​គួរ​ធ្វើ​យ៉ាងណា​ដើម្បី ឲ្យ​ថវិកា​នៅ​ថ្នាក់ក្រោម​ជាតិ មាន​ការឆ្លើយតប​ទៅនឹង​តម្រូវការ​យេនឌ័រ​។ ជាមួយគ្នានេះ លោកស្រី​ធីតា ឃឹះ បាន​បកស្រាយ​ឃ្លា “​ថវិកា​ឆ្លើយតប​នឹង​យេនឌ័រ​” មានន័យ​ថា​..៖

សំឡេង​

​កញ្ញា​សេង រាសី អ្នកសម្របសម្រួល​គម្រោង គ​.​ស​.​ន បានបង្ហាញ​ពី​របាយការណ៍ ស្តី​ពី​ឧបសគ្គ​ដែល​រកឃើញ ទាក់ទង​នឹង ថវិកា​ឆ្លើយតប​នឹង​យេនឌ័រ នៅ​ថ្នាក់ក្រោម​ជាតិ មាន​៥​ចំណុច​សំខាន់ៗ រួមមាន​៖ ១.​ចំនួន​សមាជិក​ក្រុមប្រឹក្សា​ស្ត្រី នៅ​មាន​ចំនួន​តិចតួច ២.​ការគាំទ្រ​ពី​ក្រុមប្រឹក្សា​ជា​បុរស​នៅមានកម្រិត ៣.​ការបណ្តុះបណ្តាល​សមត្ថ​ភាព​របស់​ស្ត្រី​ដឹកនាំ នៅមានកម្រិត ៤. ខ្វះ​ការទទួលបាន​ព័ត៌មាន និង​៥. ថវិការ​នៅមានកម្រិត សម្រាប់​ការអនុវត្ត​ការងារ ក្រុមប្រឹក្សា​ជា​ស្ត្រី​។​

​ទាក់ទង​នឹង​បញ្ហា​នេះ ក្រសួង​កិច្ច​ការងារ​នារី តាមរយៈ​លោកស្រី​អ៊ឹង កន្ថាផាវី បានបញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​បញ្ហា​យេនឌ័រ គឺជា​កិច្ចការ​អន្តរ​វិស័យ ដែល​តម្រូវឲ្យ​មាន​ការ​ឆ្លើយ​តប នៅ​គ្រប់​វិស័យ និង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច និង​ភិបាល​កិច្ច​របស់ជាតិ​។

តាមរយៈ​វឌ្ឍនភាព និង​ទិដៅ​ជាក់លាក់​របស់​ក្រសួង​កិច្ចការនារី បានឲ្យដឹងថា សម្រាប់​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០១៧-២០១៩ គឺ​ផ្តោតលើ​ការជំរុញ​ការអនុវត្ត​ការបញ្ជ្រាប​យេនឌ័រ ក្នុង​កម្មវិធី​កំណែទម្រង់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដើម្បី​លើកកម្ពស់ ការចំណាយ​ថវិកា តាម​វិស័យ​ឆ្លើយតប​នឹង​សមភាព​យេនឌ័រ ដោយ​មាន​ការកំណត់ ឧបករណ៍​វាស់វែង​ច្បាស់លាស់​។ រៀបចំ​សិក្ខាសាលា​ប្រចាំឆ្នាំ ស្តីពី​ការបញ្ចូល​យេនឌ័រ ក្នុង​វដ្ត​ថវិកា​ប្រចាំឆ្នាំ​តាម​វិស័យ ដែល​រៀបចំ ដោយ​ក្រសួង​កិច្ចការនារី និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​យ៉ាងណាក៏ដោយ ក្រសួង​កិច្ចការនារី​បាន​អះអាង​ថា ថវិកា​ដែល​ឆ្លើយតប​នឹង​យេនឌ័រ មិនមែន​ជា​កញ្ចប់​ថវិកា​ដោយ​ឡែក សម្រាប់​ការងារ​យេនឌ័រ ឬ​សម្រាប់​ស្ត្រី​នោះ​ទេ ប៉ុន្តែ​វា​គឺជា​ការរៀបចំ​ថវិកា​របស់​វិស័យ ឬ​អង្គភាព​ណាមួយ ដើម្បី​ដោះស្រាយ​នូវ​វិសមភាព​យេនឌ័រ នៅក្នុង​វិស័យ និង​អង្គភាព​នោះ ហើយក៏​ជា​ផលប្រយោជន៍​របស់​អង្គភាព និង​ស្ថាប័ន​នោះ​ដោយ​ផ្ទាល់​ដែរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត

 
x