អគ្គនាយក​ពន្ធដារ​៖​​នឹង​ចាត់វិធាន​ការ​ផ្លូវ​ច្បាប់​​ចំពោះ​អ្នក​មិន​​បាន​បង់​ពន្ធ​ជូន​រដ្ឋ​​

ដោយ៖ គួន សំបូរ 21-04-2017 10:49 am 10601
​លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​ពន្ធដា​រ

​អគ្គនាយកដ្ឋាន​ពន្ធដា​រ បានប្រកាសថា នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ម្ចាស់​ក្រុមហ៊ុន សហគ្រាស​ទាំងឡាយណា​ដែល​មិន​បាន​ចូល​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​បាន​ត្រឹមត្រូវ​។ ការប្រកាស​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ពន្ធ​ប្រចាំត្រីមាស​ឆ្នាំ​២០១៧ នា​ព្រឹក​ថ្ងៃទី​២០ ម្សិលមិញ នៅ​សាលា​ជាតិ​ពន្ធដារ​។

​លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានបញ្ជាក់​ថា យន្តការ​នៃ​ការធ្វើ​សវនកម្ម​លើ​ការប្រកាស​បង់ពន្ធ​នេះ នឹង​ធ្វើ​ចំពោះ​ក្រុមហ៊ុន សហគ្រាស​ណា​ដែល​មិន​បាន​ប្រកាស​បង់ពន្ធ​បាន​ត្រឹមត្រូវ​។ លោក​បន្ថែម​ទៀត​ថា  ចំពោះ​របប​ស្វ័យ​ប្រកាស​អ្នក​ជាប់ពន្ធ អាច​ធ្វើ​ការប្រកាស​បាន ប៉ុន្តែ​ប្រសិន បើ​គាត់​ប្រកាស​ខ្វះចន្លោះ យន្តការ​នៃ​ការធ្វើ​សវនកម្ម​របស់​ពន្ធដា​រ​នឹង​ទៅ​ដល់​ក្រុមហ៊ុន សហគ្រាស​ទាំងនោះ ហើយ​បើ​ពន្ធដារ​រកឃើញថា ម្ចាស់​ក្រុមហ៊ុន សហគ្រាស​ប្រកាស​ពន្ធ​មិន​ស្មោះត្រង់​នោះ នឹង​ត្រូវ​ប្រឈមមុខ​នឹង​ច្បាប់​សារពើពន្ធ​។

​លោក​គង់ វិបុល បាន​លើកឡើង​ថា បច្ចុប្បន្ន​នេះ​គឺ​មាន​ក្រុមហ៊ុន​មួយចំនួន​ហើយ ដែល​បាន​រង​ពិន័យ​ចំពោះ ការ​មិន​ប្រកាស​បង់ពន្ធ​ត្រឹមត្រូវ ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ ហើយ​អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​បន្ត​ធ្វើ ការងារ​នេះ បន្ថែមទៀត បូក​រួម​ទាំង​ការ ពង្រឹង​នូវ​វប្បធម៌​បង់ពន្ធ និង​អភិបាលកិច្ច​ល្អ​។

​ជាមួយគ្នានេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​បន្ត​ខិតខំ​ក្នុង​ការផ្តល់​សេវា​ឱ្យបាន ល្អ​ទៅ​ដល់​ការប្រមូល​ពន្ធ ទាំង​អ្នក​ជាប់ពន្ធ​បង់ពន្ធ​ឱ្យ​បាន​ស្រួល​ជាង​មុន ការប្រមូល​ពន្ធ​ឱ្យមាន​តម្លាភាព​ជាង​មុន និង​ពិបាក​គេចពន្ធ តាមរយៈ​ការរៀបចំ​ប្រព័ន្ធ​អាយ​ធី ឱ្យបាន​ល្អ​ប្រសើរ​ជាង​មុន ដើម្បី​ធ្វើឱ្យ​ការប្រមូល​ពន្ធ​ចូល​ថវិកា​ជាតិ​កាន់ តែ​មាន​កំណើន​ច្រើនឡើង​។​

​សូម​បញ្ជ​ក់ថា ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៧​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ​បាន ប្រមូល​ពន្ធ​ជូន​រដ្ឋ​មាន​ការកើនឡើង​ជាង​៩០​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត