លោក​ហ៊ុន សែន​រិះគន់​​អ្នក​នយោបាយ​​ក្រៅ​រដ្ឋាភិបាល​​មិន​សាទរ​​ការទទួលបាន​​មេដាយ​​ពិភពលោក​

ដោយ៖ អ៊ុន សុខឡា 21-04-2017 9:40 am 398
លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែននៅក្នុងឱកាសលើកទឹកចិត្តដល់កីឡាការិនីអ៊ុក ស្រីមុំកាលពីថ្ងៃទី២០ខែមេសា

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​រិះគន់​ដល់​អ្នកនយោបាយ​ក្រៅ​រដ្ឋាភិបាល ដែល​មិន​ផ្ញើ​សារ សាទរ​ចំពោះ​កីឡាករ កីឡាការិនី​ខ្មែរ ទទួលបាន​មេដាយ​កម្រិត​ពិភពលោក​។ ​លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា <<​បើ​មិន​ទទួលស្គាល់​សមិទ្ធផលរ​បស់​រាជរដ្ឋាភិបាល កើត​ពី​គណបក្ស​ប្រជាជន​កម្ពុជា វា​ជា​រឿង​ធម្មតា តែ​រឿង​កីឡា​ជា​រឿង​ជាតិ​ទាំងមូល ក៏​មិន​មាន​ការ​សាទ​រដែរ​។​>> ការ​ថ្លែង​រិះគន់​របស់​លោក​ហ៊ុន សែន​ដូច្នេះ ធ្វើឡើង​នៅក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កីឡាការិនី​អ៊ុក ស្រីមុំ​ដែលជា​ម្ចាស់​មេដាយមាស​ពិភពលោក ផ្នែក​កីឡា​ប៉េតង់​កម្ពុជា នា​វិមាន​រាជរដ្ឋាភិបាល​នៅ​ថ្ងៃទី​២០​ខែ​មេសា​។​

​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​នោះ ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​ផ្តល់ប្រាក់​លើកទឹកចិត្ត​ដល់​កីឡាការិនី​អ៊ុក ស្រីមុំ​ចំនួន​១២០​លាន​រៀល ព្រម​ទាំង​ថវិកា​ឧបត្ថម្ភ​ផ្ទាល់​របស់​លោក​ហ៊ុន សែន​ចំនួន​១​ម៉ឺន​ដុល្លារ​ថែម​ទៀត​។ ចំពោះ​គ្រូបង្វឹក ទទួលបាន​១២០​លាន​រៀល​ពី​រដ្ឋ និង​ទទួលបាន​ការឧបត្ថម្ភ​ផ្ទាល់​របស់​លោក​ហ៊ុន សែន​ចំនួន​៣​ពាន់​ដុល្លារ​ទៀត​ផង​ដែរ​។ ចំណែកឯ​កី​ឡា​ករ កីឡា​ការិនី​ដែល​ឈ្នះ​មេដាយប្រាក់​២​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៨០​លាន​រៀល និង​ទទួលបាន​ការឧបត្ថម្ភ​ពី​លោក​ហ៊ុន សែន​ចំនួន​២​ពាន់​ដុល្លារ​។

​កីឡាការិនី​អ៊ុក ស្រីមុំ​គឺជា​ស្ដ្រី​ខ្មែ​រទី​២ ដែល​ដណ្ដើម​បាន​មេដាយមាស​ផ្នែក​កីឡា​ប៉េតង់​ពិភពលោក បន្ទាប់​ពី​កីឡាការិនី​កែវ ឡេង​ដែល​ដណ្ដើម​បាន​មេដាយមាស​លើ​វិញ្ញាសា វាយ​ឯកត្តជន​នារី​ចំនួន ២​លើ​ក​ជាប់​គ្នា កាលពី​ឆ្នាំ​២០១៣​និង​ឆ្នាំ​២០១៥​។ លើសពីនេះ កីឡាក​រសុខ ចាន់​មាន​ក៏​ធ្លាប់​ដណ្ដើមបាន​មេដាយមាស​ពិភពលោក​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ​ផង​ដែរ​។ កីឡាករ ​កីឡាការិនី​ដែល​ទទួលបាន​មេដាយ​កម្រិត​ពិភពលោក​នេះ សុទ្ធតែ​ត្រូវបាន​លោក​ហ៊ុន សែន​ផ្តល់​កិត្តិយស​ជួប​សំណេះសំណាល និង​លើកទឹកចិត្ត​ដោយផ្ទាល់​ផងដែរ​។​

​គួរ​ជម្រាបជូន​ថា ក្រុមកីឡា​ប៉េតង់​កម្ពុជា បាន​ដណ្ដើម​មេដាយ​២​គ្រឿង​ពី​ព្រឹត្តិការណ៍ Championship Petaque 2017 នៅ​ទីក្រុង Ghent ប្រទេស​បែលហ្ស៊ិក​កាលពីដើម​សប្តាហ៍​នេះ​។ ក្នុងនោះ មេដាយមាស ១​គ្រឿង ដណ្ដើម​បាន​ដោយ​កីឡាការិនី​អ៊ុក ស្រីមុំ​លើ​វិញ្ញាសា វាយ​ឯកត្តជន​នារី​។ ចំណែក​មេដាយប្រាក់ ដណ្ដើម​បាន​លើ​វិញ្ញាសា វាយ​គូ​ចម្រុះ ដោយ​កីឡាករ​ញ៉ែម បូរ៉ា​និង​កីឡាការិនី​ស្រ៊ាង សុ​រ៉ា​ឃីម​។ លោកនាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​អោយ​កីឡាករ ទាំងអស់​យកចិត្តទុកដាក់ ជាពិសេស​ក្នុងពេល​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ប៉េតង់​នៅ​ឆ្នាំ ២០១៩ ខាងមុខនេះ​៕


ព័ត៌មានផ្សេងទៀត