​ការបាញ់ប្រហារ​​កើតឡើង​នៅ​ប្រទេស​បារាំង​​សម្លាប់​មន្ដ្រីប៉ូលិស​​ម្នាក់​

ដោយ៖ ពេញ ផេង 21-04-2017 8:32 am 2028
ប៉ូលិស​ចុះទៅអន្ដរាគមន៍​កន្លែងកើតហេតុ​ក្រោយការបាញ់ប្រហារ

​បុរស​ម្នាក់​បាន​បាញ់ប្រហា​រលើ​មន្ដ្រីប៉ូលិស នៅ​លើ​មហាវិថី​Champs-Elysees ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​កាលពី​ល្ងាច​ថ្ងៃទី​២០​មេសា បានសម្លាប់​មន្ដ្រីប៉ូលិស​ម្នាក់ និង​ពីរ​នាក់​រងរបួស​ធ្ងន់ធ្ងរ​។​ហេតុការណ៍​នេះ កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​មកដល់​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បារាំង​បាន​និយាយថា មាន​បុរស​ម្នាក់​បាន​ឈប់​រថយន្ដ​នៅ​ជិត​រថយន្ដ​ប៉ូលិស ហើយ​ភ្លាមៗ​បាន​ចេញពី​រថយន្ដ​បាញ់ប្រហារ​ជាមួយ​មន្ដ្រី​ប៉ូលិស​បួន​នាក់​។​ក្រោយមក​ជន​បង្ក​ក៏​ត្រូវបាន​បាញ់សម្លាប់​។​មាន​ភ្ញៀវទេសចរ​ជាច្រើន​ស្ថិត​នៅ​កន្លែងកើតហេតុ ខណៈ​មាន​ការបាញ់ប្រហារ​។​កម្លាំងប្រដាប់អាវុធ​ត្រូវបាន​ដាក់ពង្រាយ ព័ទ្ធ​ជុំវិញ​កន្លែងកើតហេតុ​ផងដែរ​។​ក្រុមរដ្ឋអ៊ីស្លាម​បានចេញមុខ​ទទួលខុសត្រូវ ការបាញ់ប្រហារនេះ។

​ប្រធានាធិបតី​បារាំង​លោក​Francois Hollande​បានបញ្ជាក់​ថា វា​គឺជា​ការវាយប្រហារ​ទាក់ទង​នឹង​អំពើ​ភេរវកម្ម​។​លោក​បន្ថែមថា កងកម្លាំង​សន្ដិសុខ​នឹង​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ក្នុង​អំឡុង​ពេល​បោះឆ្នោត​ដែល​នឹង​ចូលមក​ដល់​ឆាប់ៗ​។​ការបោះឆ្នោត​ជុំទីមួយ​នឹង​ប្រព្រឹត្ដទៅ​នៅ​ថ្ងៃ​ទី​២៣​មេសា​។​

​អាជ្ញាធរ​គ្រោង​ដាក់ពង្រាយ​កម្លាំង​ប៉ូលិស​និង​កងទ័ព ប្រមាណ​ជាង​៥​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​បារាំង ដើម្បី​រក្សា​សន្ដិសុខ សុវត្ថិភាព​នៅ​ថ្ងៃ​បោះឆ្នោត​។​បារាំង​ក៏​កំពុង​តែ​ស្ថិត​ក្នុង​រដ្ឋ​ប្រកាសអាសន្ន​នៅឡើយ ចាប់តាំងពី​មាន​ការវាយប្រហារ​ភេរវកម្ម​កើតឡើង​ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៥​។​

​ថ្មីៗ​នេះ​មាន​បុរស​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន ក្នុង​ទីក្រុង​Marseilles​ស្ថិត​នៅ​ភាគខាងត្បូង​ប្រទេស​បារាំង សង្ស័យ​គ្រោង​រៀបចំ​ផែនការ​វាយប្រហារ​ភេរវកម្ម​។​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​បាន​រាយការណ៍​ថា បេក្ខជន​ប្រធានាធិបតី​លោក​Francois Fillon និង​លោកស្រី​Marine Le Pen បាន​លុបចោល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃទី​២១​មេសា​នេះ​៕

ព័ត៌មានផ្សេងទៀត