លោកហ៊ុន សែន​ផ្ញើសារ​ដល់​ពលករខ្មែរ​នៅ​កូរ៉េ​សូម​កុំព្រួយ​បារម្ភ​ពី​សុវត្ថិភាព​​

ដោយ៖ សៅ វិសាល 20-04-2017 4:12 pm 2358

ដោយសារ​ភាព​តានតឹង និង​មើល​មិន​ឃើញ​ថា សង្គ្រាម អាច​ផ្ទុះឡើង​ពេលណា រវាង​អាមេរិក និង​កូរ៉េខាងជើង បាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​មួយចំនួន បង្ហាញ​ក្តីព្រួយបារម្ភ ពី​សុវត្ថិភាព​ប្រជាជន​របស់​ខ្លួន ដែល​កំពុង​រស់នៅ​ឧបទ្វីប​កូរ៉េ ពិសេស​នៅ​កូរ៉េខាងត្បូង​។ ដើម្បី​ជា​ការផ្តល់​ភាពកក់ក្តៅ​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ក្រុមគ្រួសារ​របស់​ពួកគេ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​ក្នុងនាម​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ថា សូម​ពលករ​ខ្មែរ​ទាំងអស់​នៅ​ទីនោះ​រក្សា​ភាពស្ងប់ស្ងាត់ និង​កុំ​ជ្រួលច្របល់ ព្រោះ​លទ្ធភាព​នៃ​ការផ្ទុះ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ មិនអាច​កើត​ឡើង​នោះឡើយ​។ ការផ្ទុះ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ អាច​កើតមាន ក្នុង​កម្រិត​ត្រឹមតែ​០.១​ភាគរយ​ប៉ុណ្ណោះ​។​

សំឡេង​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​សកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប នា​ថ្ងៃ​ទី​២០ ខែ​មេសា​នេះ លោកនាយក​រដ្ឋមន្ត្រី បាន​ឆ្លើយតប​នឹង​មតិ​លើកឡើង ពី​ការចង់​ជម្លៀស​ប្រជា​ពលករ​ខ្មែរ នៅ​កូរ៉េ​ខាង​ត្បូង​​ថា មិនមែន​ជា​ជម្រើស​ល្អ​នោះ​ឡើយ ព្រោះ​ការជម្លៀស​មានតែ​ធ្វើឡើង​តាម​ផ្លូវទឹក និង​ផ្លូវអាកាស​តែប៉ុណ្ណោះ មិន​អាច​ធ្វើ​តាម​ផ្លូវគោក​បាន​នោះទេ​។ ម្យ៉ាងវិញទៀត ការជម្លៀស​នឹង​ធ្វើឲ្យ​ខូចខាត​ធ្ងន់ធ្ងរ ដល់​ការងារ​ជាង ៤​ម៉ឺន​កន្លែង នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែល​នឹង​បង្ក​ជា​ផល​លំបាក ក្នុង​ការស្វែងរក​ការងារ ពី​ប្រទេស​កូរ៉េ នា​ពេល​ក្រោយ ព្រោះ​ទីផ្សារការងារ​នៅ​កូរ៉េ​មិនមែន​ងាយស្រួល​ឡើយ គឺ​មាន​ការ​ដណ្តើម​គ្នា ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​។

​ប្រមុខ​រដ្ឋាភិបាល បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​តាមដាន និង គិតគូរ​យ៉ាង​ល្អិន​ល្អ​ន់ ចំពោះ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ ដោយ​មិន​បាន​ទុក​ពលករ​ខ្មែរ ឲ្យ​រងគ្រោះ​នោះ​ឡើយ​។​

លោក​ឡុង ឌី​ម៉ង់ ឯកអគ្គរាជទូត​កម្ពុ​ជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ដល់​វិទ្យុ​វាយោ តាមរយៈ​សារ​អេឡិចត្រូនិច​ថា រហូតមកដល់​ពេលនេះ ស្ថានភាព​នៅ​កូរ៉េ​ខាងត្បូង មាន​សភាព​ស្ងប់ស្ងាត់​ធម្មតា ទាំង​ប្រជាពលរដ្ឋ​កូរ៉េ ក៏​ដូច​ប្រជាពលរដ្ឋ​ជាតិ​សាសន៍​ដទៃ​ទៀត ដែល​រស់នៅ​ទីនោះ ហាក់​មិន​មាន​ការភ្ញាក់ផ្អើល​អ្វី​ឡើយ​។ លោក​បន្តថា ទោះបីជា​យ៉ាងណា​ក៏ដោយ លោក​នឹង​បន្ត​តាមដាន​រាល់​ការ​វ​វិត្ត​ន៍ នូវ​សភាពការណ៍​ផ្សេងៗ ដោយ​យកចិត្ត​ទុក​បំផុត ដើម្បី​សុវត្ថិភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​។​

​សូមបញ្ជាក់​ថា ដើមហេតុ​ដែល​បង្ក​ឲ្យមាន​ភាព​តានតឹង នៅ​ឧបទ្វីប​កូរ៉េ ដោយសារតែ មេដឹកនាំ​វ័យក្មេង កូរ៉េខាងជើង គីម ជុន​អ៊ុន បាន​ព្រមាន​ហើយ​ថា កូរ៉េ​ខាងជើង​នឹង​វាយ​បក ប្រសិន​អាមេរិក បង្ក​សង្គ្រាម​ជាមួយ​ខ្លួន​។ អាមេរិក​ធ្លាប់​បាន​បញ្ជាក់ថា នឹង​វាយប្រហារ​កូរ៉េខាងជើង ប្រសិនបើ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ នៅតែ​បន្ត​ផ្គើន​បាញ់​សាកល្បង អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន​។ ទីបំផុត​កូរ៉េខាងជើង នៅ​តែ​បាញ់ ទើប​បង្ក​ឲ្យមាន​ការ​ភ័យ ខ្លាច​ថា អាច​នឹង​កើត​មាន​សង្គ្រាម​ផ្ទុះឡើង​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត