ព័ត៌មានអន្តរជាតិ  |  សង្គម

នាវា​​រុស្ស៊ី​​ទៅដល់​​ហ្វីលីពីន​​ខណៈ​លោក​​Duterte​​កំពុង​រឹតចំណង​មិត្ដភាព​​នឹង​អាមេរិក

20-04-2017 4:11 pm
 ចំនួនទស្សនា 637
នាវាកងទ័ពជើងទឹករុស្ស៊ីកំពុងស្ថិតនៅកំពង់ផែប្រទេសហ្វីលីពីនថ្ងៃទី២០មេសា២០១៧

​នាវា​កងទ័ពជើងទឹក​រុស្ស៊ី បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​ហ្វីលីពីន​ហើយ នៅ​ថ្ងៃ​ទី​២០​មេសា​នេះ ដើម្បី​ចូលរួម​សកម្មភាព​ហ្វឹកហាត់ ជា​ផ្នែក​មួយ​ជំរុញ​ចំណង​មិត្ដភាព​ថ្មី​ផ្នែក​សន្ដិសុខ ខណៈ​លោក​ប្រធានាធិបតី​Rodrigo Duterte កំពុង​តែ​ជួសជុល​ចំណង​មិត្ដភាព​ជាមួយ​សម្ព័ន្ធមិត្ដ​ចាស់​ឡើងវិញ គឺ​អាមេរិក​។​

​ហ្វីលីពីន​និង​អាមេរិក​បាន​ថ្នាំងថ្នាក់​នឹង​គ្នា​យ៉ាងខ្លាំង បន្ទាប់ពី​លោក​Rodrigo Duterte​ឡើងកាន់តំណែង ហើយ​លោក​បា​រ៉ាក់ អូ​បា​ម៉ា​នៅ​ជា​ប្រធានាធិបតី​អាមេរិក​។​ប៉ុន្ដែ​ក្រោយ​លោក​ដូណាល់ ត្រាំ​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក លោក​Duterte​បាន​កែប្រែ​គោលនយោបាយ​ការ​បរទេស​មួយ​ចំនួន ក្នុងន័យ​រឹតចំណង​មិត្ដភាព​ឡើ​ង​វិញ​។​

​នាវា​កងទ័ពជើងទឹក​របស់​រុស្ស៊ី ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ហ្វីលីពីន ជា​ការផ្លាស់ប្ដូរ​លោក​Duterte​រៀបរាប់ថា ជា​សកម្មភាព​ស្របតាម​រដ្ឋធម្មនុញ្ញ​។​លោក​មិន​បាន​បង្ហាញ​លោក​មាន​គំនុំ​ជាមួយ​អាមេរិក​ទេ និង​បាន​និយាយ​ថា​រុស្ស៊ី​និង​ចិន​ក៏​ជា​ប្រទេស​អាទិភាព ដែល​លោក​ចង់​ជំរុញ​ឲ្យមាន​ចំណង​មិត្ដភាព​ល្អ​ប្រសើរ​ដូចៗ​គ្នា​។​

​តាម​កាលវិភាគ​នៃ​ការចូលរួម​ហ្វឹកហាត់​រួមគ្នា ភាគី​រុស្ស៊ី​សង្ឃឹម​នឹង​អាច​បង្កើត​បាន​លទ្ធផល​យ៉ាង​គាប់ប្រសើរ ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ ព្រមទាំង​រក្សា​ស្ថេរភាព​នៅក្នុង​តំបន់​។​ទីក្រុង​ម៉ូស្គូ​ចង់​ជួយ​ហ្វីលីពីន​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ជ្រុលនិយម ក៏​ដូចជា​អំពើ​លួច​ប្លន់​តាម​សមុទ្រ​។​ចំណែក​ហ្វីលីពីន​វិញ​ក៏​រំពឹង​ដូចគ្នា​ថា នឹង​ទ​ទូល​បាន​បទពិសោធន៍​បន្ថែម​ពី​រុស្ស៊ី​។​

​ទំនាក់ទំនង​រុស្ស៊ី​និង​ហ្វីលីពីន​អាច​នឹង​មាន​ការអភិវឌ្ឍ​ជាង​មុន នៅ​ពេល​លោក​Duterte​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី​Putin​នៅ​ខែ​ក្រោយ ធ្វើ​ជា​សាក្សី​នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារជាតិ ក្នុង​ទីក្រុង​ម៉ូស្គូ​។​លោក​Duterte​ក៏​បាន​ណែនាំ​ទៅ រដ្ឋមន្ដ្រី​ការពារជាតិ​របស់​លោក ឲ្យ​ក្រឡេក​មើល​ពី​វិធី​ដែល​ហ្វីលីពីន​អាចនឹងទទួល​បាន​បរិក្ខារ​យោធា​ពី​រុស្ស៊ី ដូចជា​យន្ដហោះ​គ្មាន​មនុស្ស​បើក កាំភ្លើង និង​ឧទ្ធម្ភាគចក្រ​ជាដើម​៕

ព័ត៌មានផ្សេងទៀត

 
x