ចំនួន​កុមារ​នៅ​កម្ពុជា​ដែល​កំពុង​រស់​​នៅ​កន្លែង​ថែទាំ​​មាន​ចំនួន​ច្រើន​​លើសលប់​​

ដោយ៖ ចេន សុជាតា 20-04-2017 4:10 pm 1420

​មាន​កុមារ​ជាង​១​ម៉ឺន​១​ពាន់​នាក់ បាន​នឹង​កំពុង​រស់នៅ ក្នុង​មណ្ឌល​ថែទាំ​កុមារ​ចំនួន ២៥៤​មណ្ឌល កាលពី​ឆ្នាំ​២០១៥ នេះ​បើ​យោងតាម​របាយការណ៍ របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដែល​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៧​នេះ​។​

​តួលេខ​ដែល​រកឃើញ​នេះ គឺ​ស្រដៀង​គ្នា​នឹង​តួលេខ​នៃ​របាយការណ៍​ស្តីពី​ការកំណត់​ទីតាំង កន្លែង​ថែទាំ​កុមារ ដែល​បាន​ធ្វើឡើង​ក្នុង​ឆ្នាំ​២០១៥ ដូចគ្នា ដែល​បាន​បង្ហាញថា មាន​កុមារ​ចំនួន​ជាង​១​ម៉ឺន​៦​ពាន់​នាក់ បាន​នឹង​កំពុង​រស់នៅ​ក្នុង​មណ្ឌល​ថែទាំ​កុមារ​ចំនួន ៤០៦​មណ្ឌល នៅ​ទូទាំង​ប្រទេស​។ របាយការណ៍​ក៏​បាន​ឲ្យដឹង​ដែរ​ថា ក្នុងចំណោម​មណ្ឌល​ថែទាំ​កុមារ​សរុប​នៅ​ទូទាំង​ប្រទេស មាន​មណ្ឌល​ថែទាំ​ចំនួន​៨៧% បាន​ផ្តល់​ការ​ស្នាក់នៅ​ដល់​កុមារ​។ ក្នុងនោះ​មាន​មណ្ឌល​នៃ​ខេត្ត​ចំនួន​២​ដែល​ផ្ទុក​កុមារ​ច្រើនជាងគេ គឺ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ដែល​ជា​កន្លែង​ប្រមូលផ្តុំ មណ្ឌល​ថែទាំ​កុមារ​ស្មើនឹង​ពាក់កណ្តាល នៃ​ចំនួន​មណ្ឌល​ថែទាំ​កុមារ​សរុប​។​

គួរបញ្ជាក់​ថា របាយការណ៍​ដែល​បាន​រក​ឃើញ​នេះ នឹង​ក្លាយជា​ព័ត៌មាន និង​ភស្តុតាង​កាន់តែ​ប្រសើរ ដើម្បី​អនុវត្ត​ផែនការ ពង្រឹង​ការថែទាំ​កុមារ និង សមាហរណកម្ម​កុមារ ចំនួន​៣០​ភាគរយ​ពី​មណ្ឌល​ថែទាំ​កុមារ ទៅកាន់​គ្រួសារ​ប្រកបដោយ​សុវត្ថិភាព ពី​ឆ្នាំ ២០១៦ ទៅ​ឆ្នាំ​២០១៨​។

​លោកស្រី ដេ​បូរ៉ា កូ​មីនី ប្រធាន​យូ​នី​សេ​ហ្វ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យដឹងថា «​យើង​ចាត់ទុក​ការ​មិន​ទុកដាក់​កុមារ​ក្នុង​មណ្ឌល​ថែទាំ និង ការធ្វើសមាហរណកម្ម​កុមារ​ពី​មណ្ឌល​ថែទាំ គឺជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ ឆ្ពោះទៅ​រក​កំណែទម្រង់ ប្រព័ន្ធ​ថែទាំ​កុមារ​របស់​កម្ពុជា​ដែល​កាន់តែ​ទូលំទូលាយ មាន​រយៈពេល​វែង​និង​ប្រកបដោយ​និរន្តរភាព​។ ផែនការ សកម្មភាព​នេះ​ផ្តល់​នូវ​ផែនទី​បង្ហាញផ្លូវ​មួយ សំដៅ​ឆ្ពោះទៅ​សម្រេច​ឱ្យបាន​នូវ​ការផ្លាស់ប្តូរ​នេះ​»​។  

​លោកស្រី​ក៏​នឹង​ជម្រុញ​ឱ្យ​ដៃគូ​អភិវឌ្ឍ​ដទៃទៀត គាំទ្រ​ដល់​ការលើកកម្ពស់​ការថែទាំ​កុមារ​តាម​គ្រួសារ និង​តាម​សហគមន៍ អាស្រ័យ​ដោយ​កុមារ​ភាគច្រើន យ៉ាងហោច​ណាស់​នៅ​មាន​ឪពុក​ឬ​ម្តាយ​ម្នាក់​នៅ​រស់​។ ស្របពេល​ជាមួយគ្នានេះ ក៏​បាន​អំពាវនាវ​ដល់​គ្រប់​បុគ្គល​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ក្នុង​ការអនុវត្ត​ផែនការ​នេះ ត្រូវ​ធានា​ថា​គោលការណ៍ នៃ​ការ​មិន​បង្ក​ការឈឺចាប់​ដល់​កុមារ​ត្រូវបាន​យកមក​អនុវត្ត​សម្រាប់​កុមារ​គ្រប់រូប​។

​ជាមួយគ្នានេះ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​មានប្រសាសន៍ថា « ការថែទាំ​កុមារ​តាម​គ្រួសារ និង​តាម​សហគមន៍​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។ ការថែទាំ​តាម​មណ្ឌល​គប្បី​ជា​ជម្រើស​ចុងក្រោយ និង​គប្បី​ជា​ដំ​ណោះ ស្រាយ​រយៈពេល​ខ្លី ហើយ​គ្រួសារ​របស់​កុមារ គឺជា​អ្នក​ដែល​មាន​តួនាទី​ចម្បង​ក្នុង​ការការពារ និង​ថែទាំ កុមារ​»​។

​គួរ​រំលឹក​ដែរ​ថា ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ នៅ​កម្រិត​សកល រាប់​ទសវត្សរ៍​កន្លង​មក បាន​បង្ហាញ​ឱ្យដឹងថា កុមារ​រស់នៅ​ក្នុង​កន្លែង​ថែទាំ អាច​បង្ក​គ្រោះថ្នាក់ ចំពោះ​ការអភិវឌ្ឍ​ផ្នែក​សង្គម ផ្លូវកាយ សតិ​បញ្ញា និង​ផ្លូវចិត្ត​របស់​កុមារ ដែលមាន​ផលប៉ះពាល់​រយៈពេល​វែង ទៅលើ​ជីវិត​ជា​មនុស្ស​ពេញវ័យ របស់​ពួកគេ​៕


ព័ត៌មានផ្សេងទៀត