សហជីព​​និង​និយោជក​​យល់ថា​ ច្បាប់​ប្រាក់​ឈ្នួល​​អប្បបរមា​​នឹង​​បង្ក​ការ​លំបាក​​

ដោយ៖ អឿន ភារ៉ា 20-04-2017 4:07 pm 569

​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឱ្យដឹងថា សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​មាន​សារៈប្រយោជន៍​យ៉ាងខ្លាំង ក្នុង​ការធានា​បាន នូវ​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​ក៏ដូចជា​ការលើកកម្ពស់​កម្រិត​ជីវភាព​របស់​កម្មករ​និយោជិត ព្រមទាំង​ធានា​នូវ​ស្ថិរភាព និរន្តរភាព​នៃ​វិស័យ​ពាណិជ្ជកម្ម និង​ការទាក់ទាញ​ការវិនិយោគ​នៅ​កម្ពុជា​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មេសា រដ្ឋមន្ត្រីក្រសួង​ការងារ​នេះ គូសបញ្ជាក់ថា ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​ក៏​បើក​ឱកាស​ឲ្យ​ភាគី​ពាក់ព័ន្ធ​នានា​ចូលរួម​បញ្ចេញយោបល់ ក្នុង​ការកំណត់​ប្រាក់​ឈ្នួល​កម្មករ​ជា​ជាង​ការធ្វើ​សកម្មភាព​តវ៉ា​ក្រៅ​ផ្លូវច្បាប់​....
​សំឡេង​លោក​អ៊ិត សំហេង​៖

​នៅក្នុង​សិក្ខាសាលា​ប្រមូល​ធាតុ​ចូល និង​អនុសាសន៍​នានា​លើ​សេចក្តីព្រាង​បឋម​នៃ​ច្បាប់​ប្រាក់​ឈ្នួល​អប្បបរមា តំណាង​ឲ្យ​ភាគី​សហជីព និង​និយោជក​ទទួលស្គាល់ថា ច្បាប់​នេះ​មាន​ចំណុច​ល្អ​ដែល​អាច​បម្រើ​ដល់​ផលប្រយោជន៍​កម្មករ និង​ថៅកែ ប៉ុន្តែ​ក៏​មាន​ចំណុច​ដែល​គួរឲ្យ​ព្រួយបារម្ភ​ដែរ​។ លោ​កណាង សុធី តំណាង​និយោជក លើកឡើងថា នៅក្នុង​ច្បាប់​បាន​កំណត់​ពី​ការដំឡើង​ប្រាក់​ឈ្នួល​ជា​រៀងរាល់ឆ្នាំ ដែល​អាច​បង្ក​ការលំបាក ហើយ​ទិន្នន័យ និង​បច្ចេកទេស​នៃ​ការរៀបចំ​ប្រាក់​ឈ្នួល​ម្តងៗ ក៏​មិនមែន​ជា​ការងាយស្រួល​ដែរ​។​
​សំឡេង​លោ​កណាង សុធី​៖

​ចំណែក​លោក​អាត ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា យល់ថា ច្បាប់​នេះ​នឹង​កាត់បន្ថយ​សិទ្ធិ​បញ្ចេញមតិ​របស់​សហជីព ព្រោះថា មានតែ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​មួយគត់ ដែល​មាន​សិទ្ធិ​ក្នុង​ការជជែក​ពិភាក្សា ហើយ​ការសិក្សា​ស្រាវជ្រាវ​ប្រាក់​ឈ្នួល​អប្បបរមា ក៏​ស្ថិត​ក្រោម​ការគ្រប់គ្រង របស់​រដ្ឋមន្ត្រី​ការងារ​ដែរ​។ តំណាង​សហជីព​រូបនេះ បាន​បញ្ជាក់​ត្រង់​ចំណុច ដែល​គួរឲ្យ​ព្រួយបារម្ភ​ទៀតថា ការតវ៉ា​ឬ​ញុះញង់​ពី​សហជីព​អាច​ត្រូវ​ប្រឈម​មុន​នឹង​ផ្លូវ​ច្បាប់​តាមរយៈ​មាត្រា​នៅក្នុង​ច្បាប់​នេះ​ផង​ដែរ​....
​សំឡេង​លោក​អាត ធន់​៖

​គួរបញ្ជាក់​ថា សេចក្តីព្រាងច្បាប់​បឋម​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​៦​ជំពូក និង​៣៣​មាត្រា ដែល​មាន​វិសាលភាព​គ្របដណ្តប់​លើ​សហគ្រាស ឬ​គ្រឹះស្ថាន និង​ជន​ទាំងទ្បាយ​ដែល​ស្ថិតនៅ​ក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ​។

​បើ​តាម​រដ្ឋមន្ត្រីក្រសួង​ការងារ បញ្ជាក់ថា ច្បាប់​នេះ​គោលដៅ​រួម​៣​ចំណុច​៖ (១)-​ធានា​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ជន​ទាំងទ្បាយ​ដែល​ស្ថិតនៅ​ក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ (២)-​បង្កើត​នីតិវិធី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​តាមបែប​វិទ្យាសាស្ត្រ ដោយ​ផ្អែក​លើ​លក្ខណវិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច (៣)-​បង្កើត​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ជា​យន្តការ​ត្រីភាគី​សម្រាប់​សិក្សា​ស្រាវជ្រាវ និង​ផ្តល់​អនុសាសន៍​អំពី​ប្រាក់​ឈ្នួល​អប្បបរមា និង​អត្ថប្រយោជន៍​ផ្សេងៗ​។ តាម​ផែនការ ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​រៀបចំ​តាក់តែង​ឲ្យ​រួចរាល់​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​៕

ព័ត៌មានផ្សេងទៀត