រដ្ឋអាជ្ញា​​ឥណ្ឌូនេស៊ី​​អំពាវនាវ​ឲ្យ​​កាត់ទោស​​អភិបាលក្រុង​​ចា​កាតា​​ដាក់​ពន្ធនាគារ​​មួយ​ឆ្នាំ​

ដោយ៖ ពេញ ផេង 20-04-2017 3:03 pm 2985
លោកអភិបាល​ក្រុង​ចាកាតា​ពេលទៅបង្ហាញខ្លួននៅតុលាការនៅថ្ងៃទី២០មេសា២០១៧នេះ

​រដ្ឋអាជ្ញា​ឥណ្ឌូនេស៊ី​បាន​អំពាវនាវ​នៅ​ថ្ងៃ​ទី​២០​មេសា​នេះ ឲ្យ​កាត់ទោស​អភិបាលក្រុង​ចា​កាតា​លោក​Basuki Tjahaja Purnama​ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ ពី​បទ​ប្រមាថ​ដល់​ព្រះ​ជា​ម្ចាស់​របស់​ក្រុម​ម៉ូ​ស្លីម​។​លោក​Purnama​មាន​វ័យ​៥០​ឆ្នាំ កំពុងតែ​ប្រជែង​ជាមួយ​ដៃគូ​មក​ពី​ខាង​ម៉ូ​ស្លីម ដើម្បី​ដណ្ដើម​តំណែង​ជា​អភិបាលក្រុង​បន្ដទៀត ដែល​ការបោះឆ្នោត​ទើបតែ​ធ្វើ​ឡើង​ថ្មីៗ​នេះ​។​ប៉ុន្ដែ​បើ​តាម​ការ​រាប់​សន្លឹកឆ្នោត ដែល​មិន​បាន​បញ្ចេញ​ជា​ផ្លូវការ​បង្ហាញថា លោក​Purnama​ទំនង​ចាញ់​លោក​Anies Baswedan​។​

“​យើង​សុំ​អំពាវនាវ​ឲ្យ​ចៅក្រុម​កាត់ទោ​សលោក​Purnama ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ សម្រាប់​អ្វី​ដែល​លោក​បាន​ប្រមាថ​ដល់​ព្រះ​ជា​ម្ចាស់ ដែល​ជា​អាទិទេព​របស់​ប្រជាជន​ម៉ូ​ស្លីម​ឥណ្ឌូនេស៊ី​។​”​នេះ​ជា​ការលើកឡើង​របស់​ប្រធាន​រដ្ឋអាជ្ញា​លោក​Ali Mukartono​។​លោក​បន្ថែមថា សូម​អំពាវនាវ​ឲ្យ​បន្ថែម​រយៈពេល​ព្យួរទោស​ពីរ​ឆ្នាំ​ទៀត នោះ​បានន័យថា បើ​លោក​Purnama​នៅ​បន្ដ​ធ្វើ​អំពើ​ដូច​មុន​ទៀត​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​នេះ លោក​នឹង​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​។​

​សូម​រម្លឹកថា លោក​Basuki Tjahaja Purnama ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាលពី​ឆ្នាំមុន លោក​បាន​ប្រើ​ពាក្យសម្ដី​ប៉ះពាល់​ដល់​ព្រះ​ជា​ម្ចាស់​របស់​ក្រុម​ម៉ូ​ស្លីម បន្ទាប់​មក​ក្រុម​ម៉ូ​ស្លីម​បាន​ចោទ​ថា លោក​អភិបាលក្រុង​ចា​កាតា​រូបនេះ ប្រមាថ​ដល់​ព្រះ​របស់​គេ​។​ក្រុម​ម៉ូ​ស្លីមក៏​នាំគ្នា​តវ៉ា​ជា​ច្រើនលើក​ច្រើនសារ សុំឲ្យ​ទម្លាក់លោក​Purnama​ចេញពី​តំណែង និង​ត្រូវ​ចាប់ខ្លួន​យកទៅ​ដាក់​ពន្ធនាគារ​។​ការតវ៉ា​នៅ​ក្នុង​ក្រុង​ចា​កាតា​កន្លងមក បាន​បង្ក​ជា​ក្ដីបារម្ភ​យ៉ាងខ្លាំង ខ្លាច​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ផ្នែក​សាសនា រវាង​ក្រុម​ម៉ូ​ស្លីម​ជាមួយ​ក្រុម​សាសនា​គ្រិស្ដ ដែល​លោក​អភិបាលក្រុង​ចា​កាតា​Purnama​កំពុង​តែ​កាន់​ស្រាប់​។​

លោក​Purnama​ធ្លាប់​បដិសេធ លោក​មិន​បាន​ធ្វើ​អ្វី​ដូច​ការចោទប្រកាន់​ឡើយ ប៉ុន្ដែ​យ៉ាងណាមិញ​ក្រុម​ម៉ូ​ស្លីមនៅ​ឥណ្ឌូនេស៊ី នៅ​តែ​ទាមទារ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង ហើយ​ទាមទារ​ឲ្យ​តុលាការ​ត្រូវ​តែ​កាត់ទោស​ដាច់ខាត មិន​អាច​លើកលែងឲ្យ​អ្នក​ប្រព្រឹត្ដទង្វើ​នេះឡើយ​៕

ព័ត៌មានផ្សេងទៀត