កូរ៉េខាងត្បូង​​ច្រាន​ចោល​​ការលើក​ឡើង​​រប​ស់លោក​ត្រាំ​​ថា​ខ្លួន​​ជា​ផ្នែក​មួយ​​របស់​ចិន​

ដោយ៖ ពេញ ផេង 20-04-2017 10:44 am 2745
ប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ

​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ទី​១៩​មេសា បាន​ច្រានចោល​ការលើកឡើង​ដ៏​ចម្រូងចម្រាស​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ដែល​ថា​កូរ៉េ​ខាងត្បូង​គឺជា​ផ្នែក​មួយ​របស់​ចិន​។​មន្ដ្រី​ក្រសួងការបរទេស​កូរ៉េ​ខាងត្បូង​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា វា​ជា​រឿង​មិន​ពិត​ឡើយ ហើយក៏​ជា​ការឆ្លើយតប​មិន​សម​ហេតុផល​ដែរ​។​

​លោក​បន្ដ​ដូច្នេះ​ថា “​ទោះជា​វា​ពិត​ឬ​មិន​ពិត កូរ៉េខាងត្បូង​មិនមែនជា​ផ្នែក​ណាមួយ​របស់​ចិន អស់​រាប់​សិប​ឆ្នាំ​មកហើយ ហើយ​វា​ជា​ប្រវត្ដិសាស្ដ្រ​ពិតប្រាដក ដែល​សហគមន៍​អន្ដរជាតិ​ក៏​បាន​ដឹង គ្មាន​នរណា​អាច​ប្រកែក​បាន​ឡើយ​។​វា​ជា​រឿង​អត់​ប្រយោជន៍ ដែល​មាន​ការឆ្លើយតប​យ៉ាង​អ៊ីចឹង​។​”

​ភាពចម្រូងចម្រាស​នេះ​បាន​កើតឡើង បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ​អាមេរិក​រាយការណ៍​ថា លោក​ដូណាល់ ត្រាំ​បាន​កត់សម្គាល់​ថា​កូរ៉េខាងត្បូង​ជា​ផ្នែក​របស់​ចិន ពេល​ផ្ដល់​បទសម្ភាសន៍​ដល់​កាសែត​Wall Street Journal នៅ​ពេល​លោក​ចែករំលែក​ពី​កិច្ច​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​កាលពីដើម​ខែ​មេសា​។​

​មាន​ការចុះផ្សាយ​ដែរ​ថា ការលើកឡើង​របស់​លោក​ដូណាល់ ត្រាំ គឺ​ដកស្រង់​សម្ដី​លោក​ស៊ី ជីន​ពីង​មក​និយាយ​ទេ ពេល​ជួប​គ្នា​ក្នុង​កិច្ចប្រជុំ​កន្លងមក​។​ប៉ុន្ដែ​ក៏​មិន​ច្បាស់​ទេ​ថា វា​ពិតជា​អត្ថន័យ​ដែល​លោក​ស៊ី​បាន​និយាយ​មែន ឬក៏​មាន​បញ្ហា​បច្ចេកទេសផ្នែក​បកប្រែ​៕

ព័ត៌មានផ្សេងទៀត