ប្រជាជន​ស៊ី​រី​​រាប់ពាន់​នាក់​​បន្ដ​ជម្លៀស​ខ្លួន​​ក្រោយ​ការវាយប្រហារ​​បំផ្ទុះ​គ្រាប់បែក​

ដោយ៖ ពេញ ផេង 20-04-2017 9:09 am 1699
ប្រជាជនស៊ីរីដែលរងគ្រោះដោយសារការបំផ្ទុះគ្រាប់បែកលើរថយន្ដដឹកពួកគេ​កាលពីថ្ងៃសៅរ៍​សប្ដាហ៍មុន

​ប្រជាជន​ស៊ី​រី​រាប់ពាន់នាក់ បាន​ជម្លៀស​ខ្លួន​ចេញពី​ទីក្រុង​ដែល​ត្រូវ​ឡោមព័ទ្ធ​នៅក្នុង​ប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​ទី​១៩​មេសា​។​ការជម្លៀសចេញ ស្រប​ពេល​បញ្ហា​សន្ដិសុខ​កំពុងតែ​តឹងតែង បន្ទាប់​ពី​មាន​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​កាលពី​សប្ដាហ៍​មុន ទៅលើ​រថយន្ដ​ដឹក​ប្រជាជន​ចេញពី​តំបន់​កាន់កាប់​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​។​

​ការជម្លៀស​ប្រជាជន​ចេញ​នៅ​ពេល​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​និង​ក្រុមប្រឆាំង ដើម្បី​បង្ការ​កុំឲ្យ​មាន​ប្រជាជន​ស្លាប់​កាន់តែច្រើន​។​ក្បួន​រថយន្ដ​ក្រុង​យ៉ាង​ធំ​សម្បើម​មួយ បាន​ចេញដំណើរ​ពី​ទីក្រុង​ដែល​កាន់កាប់​ដោយ​រដ្ឋាភិបាល​ស៊ី​រី​គឺ​ទីក្រុង​Fuaa និង​ក្រុង​Kafraya ក្នុង​ខេត្ដ​Idlib កាលពី​ថ្ងៃទី​១៩​មេសា​។​រថយន្ដ​ទាំងនោះ​ដឹក​មនុស្ស​ប្រមាណ​៣​ពាន់​នាក់ ឆ្លងកាត់​ចំណុច​ដែល​ក្រុម​ឧទ្ទាម​កាន់កាប់​នៅ​ជិត​ក្រុង​Aleppo​។​

រូបភាពផែនទីនៃកិច្ចព្រមព្រៀងជម្លៀសប្រជាជន

ស្របពេល​ជាមួយ​គ្នា មាន​រថយន្ដក្រុង​១១​គ្រឿង​ផ្សេងទៀត​ដឹក​មនុស្ស​៣០០​នាក់ ចាក​ចេញពី​តំបន់​ដែល​ក្រុម​ឧទ្ទាម​កាន់កាប់​នៅក្នុង​ខេត្ដ​Damascus​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រុម​អ្នកតាមដាន​សិទ្ធិមនុស្ស​ស៊ី​រី​។​ការជម្លៀស​ប្រជាជន​ស៊ី​រី ចុងបញ្ចប់​បាន​ទៅដល់​ទីតាំង​ដែល​កងទ័ព​រដ្ឋាភិបាល​កាន់កាប់​ដោយ​សុវត្ថិភាព គឺ​ស្រុក​Ramussa​នៅ​ភាគខាងត្បូង​ក្រុង​Aleppo​។​

​សូម​បញ្ជាក់​ឡើងវិញ​ថា ការជម្លៀស​ប្រជាជន​ធ្វើឡើង​បន្ទាប់​ពី​បញ្ហា​សន្ដិសុខ​កាន់តែ​ផុយស្រួយ ក្រោយ​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក ទៅលើ​រថយន្ដ​ដឹក​ប្រជាជន​ជម្លៀស​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ក្នុង​ក្រុង​Rashidin បាន​សម្លាប់​មនុស្ស​១២៦​នាក់ មាន​ក្មេងៗ​៦៨​នាក់​។​ដោយឡែក​សង្គ្រាម​ស៊ីវិល​នៅ​ស៊ី​រី ដែល​ចាប់ផ្ដើម​ឡើង​តាំងពី​មាន​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ខែ​មីនា​ឆ្នាំ​២០១១ បាន​សម្លាប់​មនុស្ស​ជាង​៣២០,០០០​នាក់​ហើយ​៕

ព័ត៌មានផ្សេងទៀត