លោក​សុខ ទូច​៖ លោក​សម រង្ស៊ី ចូល​ចិត្ត​និយាយ​ឲ្យ​ពិរោះ​ស្តាប់ ប៉ុន្តែ​មិន​ចូល​ចិត្ត​ធ្វើ​

ដោយ៖ សៅ វិសាល 19-04-2017 6:06 pm 11814

​ភា្ល​មៗ​ក្រោយ​បញ្ចប់​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​សារ​នយោបាយ ដល់​ប្រជាពលរដ្ឋ​ត្រូវ​ផ្លាស់ប្តូរ​នូវ​ភាពអវិជ្ជមាន ក្នុង​របប​ដឹកនាំ​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន​។

​តាមរយៈ​ហ្វេ​សប៊ុក លោក​សម រង្ស៊ី បាន​ពន្យល់ ពី​ភាពអវិជ្ជមាន នៃ​សង្គម នាពេល​បច្ចុបន្ន​នេះ ដែល​ចាំបាច់​ត្រូវតែ​ផ្លាស់ប្តូរ​ចេញ​។ ចំណុច​ដែល​ត្រូវ​ផ្លាស់ប្តូរ​រួមមាន ការផា្លស់ប្តូរ អំពើ​អយុត្តិធម៌​សង្គម អំពើពុករលួយ បក្សពួកនិយម គ្រួសារនិយម ការបំផ្លិចបំផ្លាញ ធនធានធម្មជាតិ និង​អំពើ​អយុត្តិធម៌ នៃ​ប្រព័ន្ធ​តុលាការ​បច្ចុប្បន្ន​។ លោក សម រង្ស៊ី ក៏បាន​ក្រើនរម្លឹក​ពលរដ្ឋ​ខ្មែរ​ថា ឆ្នាំ​២០១៧ នេះ គឺជា​ចរន្ត​នៃ​ការផ្លាស់ប្ដូរ ដើម្បី​អំណាច របស់​ពលរដ្ឋ ក្នុងការ​ធ្វើ​សេចក្ដីសម្រេច​មួយ នៃ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​។​

សំឡេង​

​ការផ្ញើរ​សារ​នយោបាយ​របស់​លោក សម រង្ស៊ី ត្រូវបាន​គណបក្ស​កាន់អំណាច​ចាត់ទុក​ថា​គ្មាន​ន័យ និង​គ្មាន​ឥទ្ធិពល​លើ​អ្នកបោះឆ្នោត​ឡើយ​។ គ្មាន​ន័យ​ដោយសារតែ អតីប្រធាន​គណបក្ស​ប្រឆាំ​ង​រូបនេះ ចូល​ចិត្ត​និយាយ​អ្វី​ឲ្យតែ​រួច​ពី​មាត់ និយាយ​ឲ្យតែ​ល្អ​ស្តាប់ តែ​អនុវត្ត​មិនបាន​។

​អ្នកវិភាគ លោក​មាស នី អ្នកតាមដាន​ស្ថានការណ៍​នយោបាយ និង​ការអភិវឌ្ឍន៍​សង្គម បាន មើលឃើញថា សារ​នយោបាយ​របស់​លោក​សម រង្ស៊ី  នៅតែ​មាន​ឥទ្ធិពល មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​។ ការលើកឡើង ពី​ការផ្លាស់ប្តូរ​របស់លោក​សម រង្ស៊ី មិនមែន​មាន​សារៈសំខាន់​សម្រាប់​តែ​គណបក្សប្រឆាំង​នោះ​ទេ ប៉ុន្តែ​ជា​រឿង​សំខាន់​សម្រាប់​សង្គមជាតិ ដែល​ប្រជាពលរដ្ឋ​ខ្មែរ បាន​ទទួលស្គាល់ ពី​បញ្ហា​អយុត្តិធម៌​សង្គម និង​បញ្ហា​ពុករលួយ​ជា​ដើម​។​

លោក​មាស នី បន្ថែមថា លោក​មិនមែន មិន​ទទួលស្គាល់​ចំពោះ​ការអភិវឌ្ឍន៍​ប្រទេសជាតិ ក្រោម​ការដឹកនាំ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ការអភិវឌ្ឍន៍ និង​សន្តិភាព នៅ​មិនទាន់​ពេញលេញ​១០០% ដោយសារតែ​ប្រជាពលរដ្ឋ នៅតែ​ទទួលរង​នូវ​ភាពអយុត្តិធម៌​សង្គម តាមរយៈ​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ ការរារាំង​សិទ្ធិ​បញ្ចេញមតិ និង​បញ្ហា​ពុករលួយ​។​

សំឡេង​

​លោក​សុខ ទូច សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ បាន​ប្រាប់​ដល់​វិទ្យុ​វាយោ​ថា សារ​របស់​លោក​សម រង្ស៊ី ពិតណាស់​ថា​មាន​ឥទ្ធិពល​នយោបាយ​នៅ​កម្ពុជា​។ បើទោះបីជា​អស់តំណែង ក្នុង​គណបក្សប្រឆាំង ប៉ុន្តែ​លោក​សម រង្ស៊ី នៅ​មាន​មន្ត្រី​របស់​ខ្លួន ដូចជា​លោក​យឹម សុវណ្ណ លោកស្រី​មូរ សុខ​ហួរ លោក​អេង ឆៃអ៊ាង ជាដើម​ដែល​អាច​ស្ថិត​ក្នុង​ការបង្គាប់បញ្ជា​បាន​។ ដោយឡែក ការលើកឡើង ពី​បញ្ហា​ពុករលួយ​នៅ​កម្ពុជា ក៏​ត្រូវបាន​លោក​សុខ ទូច បញ្ជាក់​ទៅ​លោក​សម រង្ស៊ី​វិញ​ថា​....៖

សំឡេង

​ជាមួយគ្នានេះ លោក​សុខ ទូច បាន​បន្ថែមថា លោក​សម រង្ស៊ី ជា​មនុស្ស​ចូល​ចិត្ត​និយាយ​ឲ្យ​ពិរោះ​ស្តាប់ ប៉ុន្តែ​មិន​ចូល​ចិត្ត​ធ្វើ​។​

សំឡេង​

​សូមបញ្ជាក់​ថា សារ​នយោបាយ របស់​លោក​សម រង្ស៊ី ដែល​ពន្យល់​ពី​ការផ្លាស់ប្តូរ ត្រូវបាន​គេ​មើលឃើញថា ធ្វើឡើង​ខណៈដែល ការបោះឆ្នោត​ឃុំ​សង្កាត់ កៀក​នឹង​ចូលមក​ដល់ ពោល​នៅសល់​ត្រឹមតែ​ជាង​១​ខែ​ទៀត​តែប៉ុណ្ណោះ​។​

​សម្រាប់​ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ខាង​មុខ​នេះ  មាន​គណបក្ស​ចូលរួម​ប្រកួត​ចំនួន​១២ តែ​គណបក្ស​ធំ ២ ប៉ុណ្ណោះ គឺ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់ពង្រាយ​បេក្ខជន​របស់​ខ្លួន​ទូទាំង​ប្រទេស ដែល​នាំឲ្យ​អ្នកវិភាគ​មើលឃើញ អំពី​តុល្យភាព​ការប្រកួតប្រជែង របស់​គណបក្ស​ទាំង​២​នេះ ខ្លាំងក្លា ជាង​ការបោះឆ្នោត​ឃុំ​-​សង្កាត់​អាណត្តិ​ទី ៤ ៕

ព័ត៌មានផ្សេងទៀត