ព្រឹត្តិការណ៍សំខាន់ៗ  |  ហេតុការណ៍សំខាន់

កម្ពុជា​​នឹង​ប្រឈម​​វិបត្តិ​សង្គម​​ប្រសិន​​គម្លាត​រវាង​​អ្នកមាន​​និង​អ្នកក្រ​​កាន់តែ​ធំ​​

19-04-2017 3:14 pm
 ចំនួនទស្សនា 2634
រូបពីសារព័ត៌មាន សែនសុខ

​ចាប់តាំងពី​ឆ្នាំ​១៩៩១​មក កម្ពុជា​បាន​ជ្រក​ក្រោម​ដំបូល​សន្តិភាព​ជាង​បី​ទសវត្ស​មកហើយ​។ សន្តិភាព​នេះ បាន​បង្ក​ភាពងាយស្រួល​ដល់​កម្ពុជា ក្នុង​ការអភិវឌ្ឍ​ប្រទេស​គ្រប់​វិស័យ​។ នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ កម្ពុជា​បាន​ទទួល​នូវ​កំណើន​សេដ្ឋកិច្ច​ប្រមាណ​៧​ភាគរយ ហើយ​កំណើន​នេះ​រដ្ឋាភិបាល​រំពឹងថា នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​។ បើ​ទោះបីជា​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ដូច្នេះ សម្រាប់​អ្នកជំនាញ​នៅ​តែ​យល់​ថា កំណើន​នេះ​អាច​នៅ​ទ្រឹង ឬ​គ្មាន​ឱកាស​ហក់​ឡើង​ទៅ​មុខ ប្រសិនបើ​កម្ពុជា​មិន​ធ្វើ​កំណែទម្រង់​លើ គោលនយោបាយ​កាត់បន្ថយ​គម្លាត​អ្នកមាន និង​អ្នកក្រ ហើយ​បញ្ហា​នេះ អាច​បង្ក​ទៅជា​វិបត្តិ​សង្គម​កើតឡើង​ផង​ដែរ​។ សូម​ស្តាប់​បទ​វិភាគ​ដោយ គួន សំបូរ​៖

​របាយការណ៍​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់ ADB ដែល​មានឈ្មោះ​ថា ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី ២០១៧ ដែល​ជា​របាយការណ៍ ពិសេស​របស់​ស្ថាប័ន​នេះ បាន​ព្យាក​រថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​នៅតែ​បន្ត​មាន​ភាពរឹងមាំ ក្នុង​រយៈពេល ២​ឆ្នាំ​បន្តទៀត​។ ភាពរឹងមាំ​នេះ ដោយសារ​តែ​ការនាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង សកម្មភាព​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ និង​ការកើនឡើង​នូវ​ចំណាយ​របស់ រដ្ឋាភិបាល គួបផ្សំ​នឹង​ការ​ងើប​ឡើងវិញ​ក្នុង​កម្រិត នៃ​ផលិតកម្ម​កសិកម្ម ។ ADB បាន​លើកឡើង​ទៀត​ថា ផលិតផល​សរុប​ក្នុងស្រុក (​ផ​.​ស​.​ស​) នឹង​កើនឡើង​ដល់ ៧,១​ភាគរយ ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ពោល​នឹង​ខ្ពស់​ជាង​តួលេខ​ប៉ាន់ប្រមាណ ៧,០​ភាគរយ ក្នុង​ឆ្នាំ​២០១៦​បន្តិច ។

​មិន​ខុស​ពី​របាយការណ៍​ADB​ទេ សម្រាប់​កម្ពុជា​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពីដើមឆ្នាំ​២០១៧ បាន​ព្យាក​រថា កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​៧​ភាគរយ​នៅ​ឆ្នាំ​២០១៧​នេះ ជា​អត្រាកំណើន​ដូចគ្នា​នឹង​ឆ្នាំ​មុន​ដែរ​។  លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឲ្យដឹងថា ការរក្សាបាន​កំណើនសេដ្ឋកិច្ច ៧ ភាគរយ​ក្នុង​មួយឆ្នាំ ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​នៃ​ដំណើរការ​សេដ្ឋកិច្ច​ពិភពលោក​នា​ពេល​នេះ គឺជា​ការ​សម្រេចបាន​ដ៏​ល្អ ខណៈ​កម្ពុជា​បាន​ដាក់ចេញ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ដ៏​ប្រុងប្រយ័ត្ន​។​

​លោក​បន្តថា​៖ «​អាទិភាព​សំខាន់​នាពេលនេះ​គឺ​រក្សា​ឲ្យបាន​កំណើន​៧​ភាគរយ​នេះ​បន្ត​ឲ្យ​យូរ​ទៀត ហើយ​ប្រើប្រាស់​សមិទ្ធផល​នេះ​ឲ្យ​ល្អ​ដើម្បី​ទ្រទ្រង់​កំណើន​រយៈពេល​វែង​ទៀត ហើយ​ឲ្យ​ប្រជាជន​បានទ​ទួលផ​លពី​កំណើន​នេះ​កាន់តែ​ច្រើន​ទៅៗ​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ដំបូង​របស់​ខ្លួន បន្ទាប់ពី​លោក​ត្រូវបាន​សភា​បោះឆ្នោត​ឲ្យធ្វើ​ជា​នាយករដ្ឋមន្ត្រី​នីតិកាល​ទី​៥ បាន​ប្តេជ្ញា​ថា លោក​នឹង​ធានាឲ្យបាន​នូវ​កំណើន​សេដ្ឋកិច្ច​យ៉ាងតិច​បំផុត​ប្រមាណ ៧​ភាគរយ​នៅ​រយៈពេល​មធ្យម​ខាងមុខ​នេះ​។​

​ជា​ការពិត​ណាស់ ការរក្សា​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នា​រយៈពេល​ចុងក្រោយ​នេះ គឺជា​រឿង​មួយ​ដែល​យើង​ត្រូវតែ​លើកទឹកចិត្ត​។ ទាំងអស់​នេះ​សបញ្ជាក់​ឲ្យឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុងតែ​ខិតខំ​ប្រឹងប្រែង ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​ឈរ​ក្នុង​តួលេខ​ល្អ ខណៈពេលដែល​ស្ថានការណ៍​នយោបាយ​ពិភពលោក​កំពុងតែ​មាន​កម្តៅ​។​

​តែ​យ៉ាងណាក្តី អ្នកជំនាញ​សេដ្ឋកិច្ច​មួយចំនួន បាន​លើកឡើង​ថា កម្ពុជា​អាច​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ​៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៧ ប៉ុន្តែ​កំណើន​នោះ​នឹង​អាច​នៅ​ទ្រឹង ឬ​គ្មាន​ឱកាស​ហក់​ឡើង​ចេញ​ពី​ប្រទេស​កំពុង​អភិវឌ្ឍ​ទៅ​ជា​ប្រទេស​អភិវឌ្ឍ​ឡើយ ប្រសិនបើ​កម្ពុជា មិន​ធ្វើ​កំណែទម្រង់​លើ​គោលនយោបាយ​កាត់បន្ថយ​គម្លាត​អ្នកមាន និង​អ្នកក្រ រួម​ទាំង​មិន​ពង្រឹង​មូលដ្ឋាន​ផលិត​ដែល​បម្រើ​ប្រជាពលរដ្ឋ​ទូទៅ​ទេ​នោះ​។​

​សម្រាប់​របាយការណ៍រ​បស់​ធនាគារពិភពលោក (World Bank)​វិញ វាយតម្លៃថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​ថយ​ល្បឿន​បន្តិច ពោល​គឺ ពី​៧​ភាគរយ​នៅ​ឆ្នាំ​២០១៥ មក​នៅត្រឹម​៦.៩​ភាគរយ នៅ​ឆ្នាំ​២០១៨​។ អត្រា ៦.៩​ភាគរយ​នេះ នឹង​មិន​ប្រែប្រួល​រហូតដល់​ឆ្នាំ​២០១៨ ប៉ុន្តែ​វា​នឹង​បន្ត​ធ្លាក់ចុះ​បន្តិច​នៅត្រឹម ៦.៧​ភាគ​នៅ​ឆ្នាំ​២០១៩​។​

​បន្ថែម​ពី​នេះ ធនាគារពិភពលោក (World Bank) បាន​រកឃើញថា ប្រជាពលរដ្ឋ​តិចតួច​បាន​ទទួល​ផល​ពី​កំណើន​សេដ្ឋកិច្ច​រៀងរាល់​ឆ្នាំ​។ អ្នកមាន និង​អ្នកក្រ​នៅ​កម្ពុជា មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​ភាគច្រើន​ប្រមាណ ៨០​ភាគរយ​មាន​ដី​ធ្វើ​កសិកម្ម​តិចជាង​មួយ​ហិកតា ស្របពេល​ដែល​អ្នកមាន​អំណាច​ប្រមាណ​២០​ភាគរយ​មាន​ដី​ច្រើន​ជាង ៥០០​ហិកតារ ដែល​គ្រប់គ្រង​ដី​ផលិត​កសិកម្ម​ស្ទើរតែ​ទាំងស្រុង​នៅ​ប្រទេស​កម្ពុជា​។​

​ត្រង់​ចំណុច​នេះ​ធ្វើឲ្យ​គម្លាត​អ្នកមាន និង​អ្នកក្រ​កាន់តែ​ធំ​ឡើង ប្រសិន​គម្លាត​នេះ កាន់តែ​ធំ​នោះ ពិត​ណាស់​វិបត្តិ​សង្គម​នឹង​កើតឡើង ដោយ​គួបផ្សំ​នឹង​ស្ថានភាព​នយោបាយ​មិន​មាន​ស្ថិរភាព​ល្អ ការ​អត់​ការងារ​របស់​យុវជន​នៅ​បន្ត​ច្រើន ដោយសារ​តែ​អ្នកវិនិយោគ​មិន​ហ៊ាន​ចូល​មក​វិនិយោគ​បន្ថែម រីឯ​អ្នកវិនិយោគ​ដែល​មាន​ស្រាប់ អាច​បញ្ឈប់​វិនិយោគ​ជា​ដើម​។​

​យើង​នៅ​ចាំបាន​ថា នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្នុង​អំឡុង​ឆ្នាំ​១៩៧០ ដឹកនាំ​ដោយ​របប​សាធារណៈរដ្ឋ​ខ្មែរ​របស់​លោក​សេនាប្រមុខ​លន់ នល់ កាលណោះ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ មាន​ភាពខុសគ្នា​ខ្លាំង អ្នក​មាន​ចេះតែមាន​ទៅ ចំណែក​អ្នកក្រ​កាន់តែ​ក្រ​ឡើង​។ អំពើពុករលួយ​កើតមាន​ពេញ​ស្ថាប័នរដ្ឋ​ជាពិសេស​នៅក្នុង​វិស័យ​យោធា​។ ព្រោះ​អាមេរិក​ជា​អ្នក​ផ្តល់​លុយ ដើម្បី​ធ្វើ​សង្គ្រាម​ក្នុង​ឧបទ្វិប​ឥណ្ឌូចិន​។

​គម្លាត​អ្នកមាន និង​អ្នកក្រ​ខ្លាំង​នេះហើយ បាន​ធ្វើឲ្យ​របប​សាធារណៈ​ខ្មែរ​ដួលរលំ​នៅ​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដោយ​អ្នកក្រ​ស្អប់​អ្នកមាន ហើយ​នាំគ្នា​រត់​ចូល​ព្រៃ​តាម​ការអំពាវនាវ​របស់​សម្តេច នរោត្តម សីហនុ  ដើម្បី​ទាមទា​ការរៀបចំ​សង្គម​ជាថ្មី​។ របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា ខ្មែរក្រហម បាន​ឡើង​កាន់​អំណាច ហើយ​អនុវត្ត​តាម​គោលនយោបាយ​របស់​ខ្លួន​។​

​ជា​រួម​មក​វិញ ដើម្បីឲ្យ​ការអភិវឌ្ឍ​ប្រទេស​អាច​ដើរ​ទៅ​មុខ​ប្រកបដោយ​ភាគ​ជោគជ័យ អ្នកនយោបាយ​រឺ​រដ្ឋាភិបាល ដៃគូរ​ពាក់​ពន្ធ័ ក្រៅពី​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​ដើរ​ទៅ​មុខ គប្បី ព្យាយាម​រក​វិធីសាស្ត្រ​ឲ្យ​ប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច​បាន​ធ្លាក់​ទៅ​ពលរដ្ឋ​ក្រីក្រ​។ គួរតែ​មាន​គោលនយោបាយ​ធ្វើយ៉ាងណា កុំឲ្យ​មាន​គម្លាត​អ្នក និង​អ្នកក្រ​ខ្លាំង កាលណា​មាន​គម្លាត​អ្នកមាន និង​អ្នកក្រ​ខ្លាំង បញ្ហា​សង្គម វិបត្តិ​ផ្លូវចិត្ត​របស់​ពលរដ្ឋ​នឹង​កើតមានឡើង ដូចដែល​បាន​ឃើញ​ក្នុង​ប្រវត្តិសាស្ត្រ​ស្រាប់​។

​ម្យ៉ាងទៀត រដ្ឋ​គួរ​មាន​គោលនយោបាយ​ពង្រឹង​មូលដ្ឋាន​នៃ​ការផលិត​ក្នុងស្រុក​ដែល​បម្រើ​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិនមែន​បម្រើ​តែ​អ្នក​មាន​។ ការពង្រឹង​នេះ ធ្វើឡើង​តាមរយៈ ស្ថាប័នរដ្ឋ និង​ឯកជន និង​ជម្រុញ​ឲ្យមាន​ការវិនិយោ​គ លើ​វិស័យ មួយ​ចំនួយ​ដូចជា​៖ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ប្រព័ន្ធធារាសាស្ត្រ ការអប់រំ និង​ជា​ពិសេស​ប្រព័ន្ធ​សុខាភិបាល​ជាដើម ដើម្បី​គាំទ្រ​ដល់​ពលរដ្ឋ​ក្រីក្រ​៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត

 
x