ព័ត៌មានអន្តរជាតិ  |  សង្គម

សព​អតីត​​មហាក្សត្រ​ថៃ​​ព្រះបាទ​ភូមិបុល​​នឹងត្រូវ​បូជា​​នៅ​ថ្ងៃទី​២៦​​តុលា​

19-04-2017 2:54 pm
 ចំនួនទស្សនា 1893
រូបភាពព្រះបាទភូមិបុល អាឌុលយ៉ាដេត

​ថៃ​នឹង​ប្រារព្ធ​ពិធី​បូជាសព​ព្រះបាទ​ភូមិបុល អាឌុលយ៉ាដេត នៅ​ថ្ងៃ​ទី​២៦​ខែ​តុលា​ខាង​មុខ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ដ្រី​រដ្ឋាភិបាល​ថៃ​នៅ​ថ្ងៃទី​១៩​មេសា ដោយ​បន្ថែម​ថា ព្រះរាជ​ពិធី​បុណ្យសព នឹង​ធ្វើឡើង​ក្នុង​អំឡុងពេល​៥​ថ្ងៃ​។​ការបញ្ជាក់​ពី​កាលបរិច្ឆេទ​ពិធី​បូជាសព​នេះ ព្រះបាទ​មា​ហា វ៉ា​ជី​រ៉ា​ឡុងកន ជា​បុត្រា​ព្រះបាទ​ភូមិបុល អាឌុលយ៉ាដេត ដែល​ត្រូវ​តែងតាំង​ឲ្យ​ឡើង​គ្រងរាជ្យ​ជំនួស​ព្រះបិតា នឹង​ត្រូវ​ប្រកាស​ពិធី​អភិសេក​រាជ្យសម្បត្ដិ​ក្នុងពេល​ឆាប់ៗ​ដែរ​។​ព្រះបាទ​មា​ហា វ៉ា​ជី​រ៉ា​ឡុងកន បាន​ឡើង​សោយរាជ្យ​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន ប៉ុន្ដែ​មិន​ទាន់​មាន​ពិធី​អភិសេក​ជា​ផ្លូវការ​ទេ ត្រូវ​រង់ចាំ​រហូតដល់​បញ្ចប់​ពិធី​បុណ្យសព​ព្រះបិតា​សិន​។​

​ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ​បាន​និយាយថា ពិធី​អភិសេក​ស្ដេច​ថ្មី​នឹង​ធ្វើឲ្យ​មាន​ការចាប់ផ្ដើម​ឡើងវិញ​រឿង​នយោបាយ ដែល​បាន​ស្ងប់ស្ងាត់​អស់​រយៈពេល​មួយ​ឆ្នាំ​ក្នុង​អំឡុងពេល​កាន់ទុក្ខ ហើយ​ការ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រី​ក៏​នឹង​ធ្វើឡើង​បន្ទាប់​គ្នា​ដែរ​។​

​សូម​រម្លឹកថា ព្រះបាទ​ភូមិបុល អាឌុលយ៉ាដេត បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃ​ទី​១៣​ខែតុលា​ឆ្នាំ​២០១៦ ដោយសារ​ជំងឺ​ប្រចាំកាយ​ជា​យូរ​មក​ហើយ​។​ព្រះអង្គ​មាន​ព្រះ​ជន្មាយុ​៨៨​ព្រះវស្សា ហើយ​ត្រូវបាន​ចាត់ទុកជា​ស្តេច​ដែលមាន​ឥទ្ធិពល​ប្រៀបបាន​នឹង​អាទិទេព​។​ប្រជាជន​ថៃ​គោរព​កោតខ្លាច​ព្រះមហាក្សត្រ​របស់​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន គេហដ្ឋាន​ប្រជាជន​ម្នាក់​ណា ក៏​មាន​តាំង​រូប​ព្រះអង្គ​ដែរ ដែល​បង្ហាញ​ពី​ការស្រឡាញ់ និង​ការគោរព​ចំពោះ​ព្រះអង្គ​។​នៅ​ប្រទេស​ថៃ ព្រះមហាក្សត្រ មាន​អំណាច​លើ​រដ្ឋាភិបាល​យ៉ាង​ស៊ីជម្រៅ ត្បិត​ថា​ព្រះអង្គ​លែង​មាន​អំណាច គ្រប់គ្រង​ប្រទេស​តាំងពី​ឆ្នាំ​១៩៣២​មក​ក្តី​។​

​ព្រះបាទ​ភូមិបុល ប្រសូត្រ​នៅ​ឆ្នាំ​១៩២៧ នៅ​សហរដ្ឋអាមេរិក ហើយ​ព្រះអង្គ​បាន​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​១៩៤៦ បើ​គិត​មក​ទល់​នឹង​ពេល​ទ្រង់​សោយ​ទិវង្គត ព្រះអង្គ​បាន​ឡើង​គ្រងរាជ្យ​រយៈពេល​៧០​ឆ្នាំ​និង​១២៥​ថ្ងៃ​។​ព្រះអង្គ​គឺជា​ស្តេច​ទី​៩​នៃ​រាជ្យ​វង្ស​ចក្រី​។​ព្រះបាទ​ភូមិបុល អាឌុលយ៉ាដេត បាន​ជាប់​ឈ្មោះ​ជា​ស្តេច​ដែល​គ្រងរាជ្យ​យូរ​ជាង​គេ​នៅលើ​ពិភពលោក និង​ជា​ស្តេច​មួយ​អង្គ​ដែល​គ្រងរាជ្យ​យូរ​ជាងគេ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ថៃ​ផងដែរ​។​

​ព្រះអង្គ​បាន​រៀប​អភិសេក ជាមួយ​កូនស្រី​របស់​ឯកអគ្គរាជទូត​ថៃ ប្រចាំ​នៅ​ប្រទេស​បារាំង​នាម​Sirikit Kitiyakara​នៅ​ឆ្នាំ​១៩៥០​។​ចំណង​អាពាហ៌ពិពាហ៌​រវាង​ព្រះមហាក្សត្រ​Bhumibol Adulyadej និង​ព្រះ​អគ្គមហេសី​Sirikit Kitiyakara មាន​បុត្រ​ចំនួន​៤​ព្រះអង្គ បុត្រី​បី​អង្គ​និង​បុត្រា​មួយអង្គ​៕

ព័ត៌មានផ្សេងទៀត

 
x