អាមេរិក​-​ជប៉ុន​​នឹង​ជំរុញ​ឲ្យ​ចិន​​ចាត់វិធានការ​បន្ថែម​​លើ​កូរ៉េខាងជើង​

ដោយ៖ ពេញ ផេង 19-04-2017 11:28 am 560
អនុប្រធានាធិបតីអាមេរិក(ឆ្វេង)​ពេលជួបជាមួយ​នាយករដ្ឋមន្ដ្រីជប៉ុន

នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​Shinzo Abe និង​អនុ​ប្រធានាធិបតី​អាមេរិក​លោក​Mike Pence បាន​យល់​ឃើញ​ដូច​គ្នា​ថា ចិន​ពិតជា​មាន​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការដោះស្រាយ​ការគំរាមកំហែង​ពី​កូរ៉េខាងជើង ដែល​កំពុង​កើតឡើង​ខ្លាំង​ជាង​មុន​។​ការលើកឡើង​នេះ នៅ​ក្នុង​កិច្ច​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ទាំង​ពីរ​នៅ​ការិយាល័យ​នាយករដ្ឋមន្ដ្រី ក្រោយ​លោក​Mike Pence​ធ្វើ​ទស្សនកិច្ច​ទៅ​ដល់​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ទី​១៨​មេសា​។​

​លោក​Abe​បាន​បញ្ជាក់​ពី​ក្ដីសង្ឃឹម នៃ​ការបង្ហាញ​ជំហរ​រឹងមាំ​រវាង​សម្ព័ន្ធមិត្ដ​ជប៉ុន​-​អាមេរិក ខណៈពេល​ដែល​ស្ថានភាព​នៅ​កូរ៉េខាងជើង​កំពុងតែ​តានតឹង​។​លោក​សង្កត់ធ្ងន់​ថា ចាំបាច់​ត្រូវ​បន្ដ​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ឲ្យចូល​តុ​ចរចា​ដើម្បី​ពិភាក្សា​គ្នា​។​លោក​ក៏​បង្ហាញ​ការគាំទ្រ​ដល់​ជំហរ​របស់​រដ្ឋបាល​លោក​ដូណាល់ ត្រាំ ដែល​ថា​ជម្រើស​ទាំងអស់​ត្រូវ​យកមក​ដាក់​នៅ​លើ​តុ ប្រសើរ​ជាង​បន្ដ​ប្រើ​យុទ្ធសាស្ដ្រ​អត់ធ្មត់​។​

​ចំពោះ​អនុ​ប្រធានាធិបតី​អាមេរិក​លោក​Mike Pence ឆ្លើយតប​ថា​អាមេរិក​សូម​ប្ដេជ្ញា​ធ្វើ​ការ​ជាមួយ​ជប៉ុន​និង​សម្ព័ន្ធមិត្ដដ​ទៃទៀត ស្វែងរក​និង​សម្រេច​ឲ្យបាន​សន្ដិភាព ស្ថេរភាព​នៅក្នុង​តំបន់​។​លោក​បញ្ជាក់ថា អាមេរិក​យល់ នេះ​គឺជា​ពេល​ដែល​ប្រជាជន​ជប៉ុន​រស់នៅក្នុង​តំបន់​រង​ការ​បង្កហេតុ កំពុង​ប្រឈម​នឹង​បញ្ហា​។​ដូច្នេះ​អាមេរិក​និង​នៅ​ជាមួយ​ជប៉ុន​១០០​ភាគរយ​ដើម្បី​ជួយ​ជប៉ុន​។​

​នៅ​ក្នុង​កិច្ច​ជំនួប ភាគី​ទាំងពីរ​បាន​ឯកភាព​ថា ត្រូវតែ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ជំរុញ​ឲ្យ​ចិន​ប្រើ​ឥទ្ធិពល​ដែល​មាន​លើ​កូរ៉េខាងជើង ស្របពេល​មាន​ការគំរាមកំហែង​ជាថ្មី​។​បន្ថែម​លើ​នេះ លោក​Shinzo Abe​និង​លោក​Mike Pence បាន​យល់ព្រម​ឲ្យមាន​កិច្ចប្រជុំ​២+២ រវាង​រដ្ឋមន្ដ្រី​ការបរទេស​និង​ការពារ​ជាតិ​ជប៉ុន​ជា​មួយ​អាមេរិក​ផង​ដែរ​៕

ព័ត៌មានផ្សេងទៀត