ព័ត៌មានអន្តរជាតិ  |  សង្គម

អាមេរិក​-​ជប៉ុន​​ថ្កោលទោស​​កូរ៉េខាងជើង​​ក្នុង​កិច្ចប្រជុំ​​ក្រុមប្រឹក្សា​​សន្ដិសុខ​UN

19-04-2017 9:37 am
 ចំនួនទស្សនា 313
កិច្ចប្រជុំ​របស់ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​កន្លងមក

​អាមេរិក​និង​ជប៉ុន​ដែល​ជា​គូ​ជម្លោះ​ជាមួយ​កូរ៉េខាងជើង បាន​ថ្កោលទោស​ដល់​រដ្ឋ​ផ្ដាច់ខ្លួន​មួយ​នេះ​បន្ថែម​ទៀត ពាក់ព័ន្ធ​នឹង​ការ​កេងប្រវ័ញ្ច​លើ​ប្រជាជន និង​ការ​អ​ភ​វិ​ឌ្ឍ​កម្មវិធី​នុយក្លេអ៊ែ​រ​-​មី​ស៊ី​ល ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។​ប្រទេស​ទាំង​ពីរ​បាន​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហប្រជាជាតិ បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​។​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​១៨​មេសា បាន​ធ្វើឡើង​តាម​ការអំពាវនាវ​របស់​អាមេរិក ដើម្បី​ពិភាក្សា​ពី​បញ្ហា​សិទ្ធិមនុស្ស​។​

​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី​Nikki Haley​បាន​លើកឡើង​ថា ការរំលោភបំពាន​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​របស់​កូរ៉េ​ខាងជើង បាន​ជួយ​ធានា​ដល់​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​រដ្ឋ​មួយ​នេះ​។​លោក​ស្រី​ថា​ទីក្រុង​ព្យុងយ៉ាង​បាន​បង្ខំ​ឲ្យ​ប្រជាជន​ជាច្រើន​ធ្វើការ ក្នុងនោះ​មាន​អ្នកទោសនយោបាយ​ផង រហូត​មាន​គំរាម​ដល់​អាយុជីវិត​ទៀត ដើម្បី​រក​ប្រាក់​មក​ផ្គត់ផ្គង់​ដល់​វិស័យ​យោធា​។​

​ចំណែក​បេសកជន​ពិសេស​ជប៉ុន​ប្រចាំ​អង្គការសហប្រជាជាតិ​លោក​Koro Bessho បាន​និយាយថា​កូរ៉េ​ខាងជើង​បាន​បន្ដ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ស្រប​ពេល​វា​ប៉ះពាល់​ដល់​គោលការណ៍​មនុស្សជាតិ និង​ប៉ះពាល់​សុខុមាលភាព​ប្រជាជន​ខ្លួនឯង​។​ម្យ៉ាង​ការចាប់ខ្លួន​ជនបរទេស​បង្ហាញថា កូរ៉េ​ខាងជើង​បាន​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស ហើយ​ក្នុង​ពេល​ជាមួយគ្នា កូរ៉េ​ខាងជើង​បាន​ធ្វើឲ្យប៉ះពាល់​ដល់​អាយុជីវិត និង​គំរាមកំហែង​សុវត្ថិភាព​ប្រជាជន​។​

​លោក​Bessho​សង្កត់ធ្ងន់​ថា ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ មាន​ការទទួលខុសត្រូវ​ដើម្បី​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង ក្នុងនោះ​មានការ​ចាប់ពង្រត់​មនុស្ស​ផង​។​

​ជប៉ុន​និង​អាមេរិក​បាន​ថ្កោលទោស​លើ​កូរ៉េខាងជើង ប៉ុន្ដែ​រុស្ស៊ី​វិញ​បាន​រិះគន់​អាមេរិក និង​ថា​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ មិនមែន​ជា​កន្លែង​សម្រាប់​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​ទេ​។​ចំណែក​ចិន​វិញ មិន​បាន​និយាយ​អ្វី​ទាំងអស់​មិន​ថា​បញ្ហា​សិទ្ធិមនុស្ស ឬ​រឿង​ពាក់ព័ន្ធ​នឹង​កូរ៉េខាងជើង​៕

ព័ត៌មានផ្សេងទៀត

 
x