គ​.​ជ​.​ប​ប្រកាស​​បិទ​ផ្សាយ​​បញ្ជី​បេក្ខជន​ផ្លូវការ ​និង​ផ្តើម​ចែក​​ប័ណ្ណ​ព័ត៌មាន​​ជូន​អ្នក​បោះឆ្នោត​​

ដោយ៖ គួន សំបូរ 18-04-2017 4:03 pm 264

​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា​នេះ បាន​ធ្វើ​សន្និសីទកាសែត ស្តី​ពី​ការបិទ​ផ្សាយ​បញ្ជី​បេក្ខជន​ផ្លូវការ និង​ការចែក​ប័ណ្ណ​ព័ត៌មាន ដល់​អ្នកបោះឆ្នោត នៅ​តាម​ភូមិ ឃុំ សង្កាត់​។ សន្និសីទ​កាសែត​នេះ​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន សមាជិក គ​.​ជ​.​ប​។ នៅក្នុង​សន្និសីទ​កាសែត  គ​.​ជ​.​ប បានប្រកាសថា ការចែក​ប័ណ្ណ​ព័ត៌មាន​ដល់​អ្នកបោះឆ្នោត ចាប់​អនុវត្ត ពី​ថ្ងៃ​ទី​១៧ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​ឧសភា​ឆ្នាំ​២០១៧​។ ប៉ុន្តែ​ការចែក​នេះ គណបក្សនយោបាយ​មួយចំនួន សម្តែង​ក្តីមិនពេញចិត្ត​ទេ​។

​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា​នេះ បាន​ប្រជុំ​ផ្សព្វផ្សាយ ពី​ការបិទ​ផ្សាយ​បញ្ជី​បេក្ខជន​ផ្លូវការ នៅ​គឃ​.​សប និង​ការចែក​ប័ណ្ណ​ព័ត៌មាន ដល់​អ្នកបោះឆ្នោត នៅ​តាម​ភូមិ ក្នុង​ឃុំ​.​សង្កាត់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ការចែក​ប័ណ្ណ​ព័ត៌មាន​នេះ នឹង​ចាប់ផ្តើម​អនុវត្ត ពី​ថ្ងៃ​ទី​១៧ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​ឧសភា​ឆ្នាំ​២០១៧​។ ចំនួន​ប័ណ្ណ​ព័ត៌មាន​អ្នកបោះ​ឆ្នោត​ គឺ​យក​តាម​ចំនួន​ប្រជាពលរដ្ឋ ដែល​មាន​នៅក្នុង​បញ្ជី ឈ្មោះ​បោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤​នេះ​។​

​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អះអាង​ថា ការចែក​ប័ណ្ណ​ព័ត៌មាន ដល់​អ្នកបោះឆ្នោត​គឺ​មាន​សារៈសំខាន់​ពីរ​យ៉ាង គឺ​ទី​១ ជួយ​ដល់​អ្នកបោះឆ្នោត​ឲ្យ​ស្គាល់​ពី​ការិយាល័យ​របស់​ខ្លួន ទី​២ ជួប​ដល់​មន្ត្រី​បោះឆ្នោត​ងាយស្រួល​ក្នុង​ស្វែងរក​ឈ្មោះ​អ្នកបោះឆ្នោត​៖

​សំឡេង​៖

​ការចែក​ប័ណ្ណ​ព័ត៌មាន ដល់​អ្នកបោះឆ្នោត នៅ​តាម​ភូមិ ឃុំ សង្កាត់​នេះ គណបក្សនយោបាយ​មួយ​ចំនួន​សម្តែង​ក្តីមិនពេញចិត្ត​ទេ​។ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​គ​.​ជ​.​ប ចុះ​ការចែក​ប័ណ្ណ​ព័ត៌មាន ទៅដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ ដើម្បី​បញ្ជាក់​ថា ប័ណ្ណ​ព័ត៌មាន​ទាំងអស់​នោះ​បាន​ដល់ដៃ​ពលរដ្ឋ​។ ម្យ៉ាងវិញទៀត​គណបក្ស​ប្រឆាំង​មួយ​នេះ ស្នើ​ដល់គ​.​ជ​.​ប កុំឲ្យ​បេក្ខភាព​មេឃុំ​-​សង្កាត់ ជា​អ្នក​ចែក​ប័ណ្ណ​ព័ត៌មាន ធ្វើ​ដូច្នេះ ដើម្បី​ជៀសវាង​ការឃោសនា​មុន​ការ​បោះឆ្នោត​មក​ដល់​។

​ដោយឡែក​ចំពោះ​គណបក្ស ហ្វ៊ុន ស៊ិនប៉ិច​វិញ សម្តែង​ការ​មិន​គាំទ្រ​ការចែក​ប័ណ្ណ​ព័ត៌មាន ដល់​អ្នក​បោះឆ្នោត​ទេ​។ មិន​គាំទ្រ​ដោយ​គណបក្ស​នេះ​យល់ថា វា​បាន​ធ្វើឲ្យ​ខ្ជះខ្ជាយ​ដល់​ថវិកា ព្រោះ​កន្លងមក​ការចែក​ប័ណ្ណ​ព័ត៌មាន​នេះ មិន​ដែល​បាន​ដល់ដៃ​ប្រជាពលរដ្ឋ​ឡើយ ហើយ​គណបក្ស ហ្វ៊ុន ស៊ិនប៉ិច ស្នើ​ដល់ ម្ចាស់​ជំនួយ​គួរ​ពិចារណា​ឡើងវិញ​លើក​ចំណុច​នេះ​។​

​យ៉ាងណាក្តី គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់ ប្រាប់​ដល់​ភាគី​ពាក់ព័ន្ធ​ថា ប័ណ្ណ​ព័ត៌មាន​នឹង​បាន​ដល់ដៃ​ប្រជាពលរដ្ឋ​ច្រើន​ជាង​មុន ព្រោះ​ឥឡូវនេះ​គ​.​ជ​.​ប បាន​ធ្វើ​ការកែទម្រង់រ​បស់​ខ្លួន​ហើយ មិនមែន​ជា​គ​.​ជ​.​ប​ចាស់​ទេ​។ ចំណែក​ទាក់ទង​ស្នើ​កុំឲ្យ​បេក្ខភាព​មេឃុំ សង្កាត់ ជា​អ្នក​ចែក​ប័ណ្ណ​ព័ត៌មាន​វិញ គ​.​ជ​.​ប​អះអាងថា មិន​បាន​អនុញ្ញាត្តិ​បេក្ខភាព​មេឃុំ សង្កាត់ ជា​អ្នក​ចែក​ប័ណ្ណ​ព័ត៌មាន​ទេ ហើយ​បើ​មាន​បេក្ខភាព​មេឃុំ សង្កាត់ ឬ​គណបក្ស​ណា​យក​ការចែក​ប័ណ្ណ​ព័ត៌មាន​ទៅ​ជា​ការឃោសនា គណបក្ស​ផ្សេង​អាច​ដាក់​ពាក្យប្តី​មកកាន់គ​.​ជ​.​ប​បាន​។​

​គួរបញ្ជាក់​ថា កម្ពុជា​នឹង​រៀបចំ​បោះឆ្មោត​ជ្រើសរើស ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧​នេះ ដោយ​មាន​គណបក្សនយោបាយ ចំនួន​១២ ដែល​បាន​ចុះ​បញ្ជី​បេក្ខជន ឈរឈ្មោះ​បោះឆ្នោត​។

​មុន​ការបោះឆ្នោត​មកដល់​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អំពាវនាវ​ដល់ ភាគី​ពាក់ព័ន្ធ ត្រូវ​ការពារ​សន្តិសុខ​ដល់​ប្រជាពលរដ្ឋ និង​គណបក្ស​នយោបាយ​ទាំងអស់ ដែល​បាន​ចូលរួម ប្រកួតប្រជែង​ការបោះឆ្នោត ដើម្បី​លើកស្ទួយ​ការពារ​សុវត្ថិភាព ក្នុង​ការបោះឆ្នោត និង​ដើម្បី​ធ្វើ​ឲ្យ​ជាតិ កាន់តែ​មាន​សុខសន្តិភាព ស្ថេរភាព ហើយ​លទ្ធិ​ប្រជាធិបតេយ្យ និង​ត្រូវបាន​ពង្រឹង តាមរយៈ​ការបោះឆ្នោត ដែល​ជា​ការបោះឆ្នោត តាម​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​៕

 

ព័ត៌មានផ្សេងទៀត