លោក​ត្រាំ​​អាច​ចាត់វិធានការ​​ជា​ឯកតោភាគី​​លើ​កូរ៉េ​ខាងជើង​​បាន​យ៉ាងម៉េច​?

ដោយ៖ ពេញ ផេង 04-04-2017 3:32 pm 8366
លោកដូណាល់ ត្រាំ(ឆ្វេង)មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដ(កណ្ដាល)​និងលោកគីម ជុងអ៊ុន

​ស្ថានភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ​មួយ​រយៈពេល​ចុងក្រោយ​បាន​កម្រើក​ជាថ្មី គឺ​បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់ និង​បាន​ធ្វើ​តេស្ដ​ម៉ាស៊ីន​បាញ់​មី​ស៊ី​លពីរ​លើក​ថ្មីៗ​នេះ​ផង​។​ការ​ធ្វើ​តេស្ត​មី​ស៊ី​ល​និង​ម៉ាស៊ីន​បាញ់​មី​ស៊ី​ល កូរ៉េខាងជើង​ត្រូវ​អន្ដរជាតិ​ចាប់អារម្មណ៍​ជាថ្មី ខណៈ​ទណ្ឌកម្ម​ដាក់​លើក​មុន​មិនទាន់​ដកចេញ​។​កូរ៉េខាងជើង​ត្រូវ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ដាក់​បម្រាម រាល់​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ​គ្រប់​ប្រភេទ​។​ប៉ុន្ដែ​កូរ៉េខាងជើង​មិន​ស្ដាប់ ហើយ​បាន​ផ្គើន​ម្ដង​ជា​ពីរ​ដង បង្ក​ក្ដីបារម្ភ​ខ្លាច​ប៉ះពាល់​សន្ដិសុខ​លើ​ឧបទ្វីប​កូរ៉េ​និង​សន្ដិសុខ​អន្ដរជាតិ​។​អាមេរិក​ប្ដេជ្ញា​ចាត់វិធានការ​ជា​ឯកតោភាគី​លើ​កូរ៉េខាងជើង បើ​គ្មាន​នរណា​ព្រម​សហការ​រួមទាំង​ចិន​ផង​។​តើ​អាមេរិក​អាច​មាន​យុទ្ធសាស្ដ្រ​អ្វី​ទប់ទល់​នឹង​កូរ៉េខាងជើង​?

ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ដូច​តទៅ​៖

​សំឡេង​៖

​អាមេរិក​ជា​ភាគី​ជួយ​សម្របសម្រួល​ធំជាងគេ​ក្រៅពី​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ មិន​ពេញចិត្ដ​ទេ ហើយ​ប្ដេជ្ញា​ប្រឆាំង​ដាច់ខាត​បើ​កូរ៉េខាងជើង​ធ្វើឲ្យប៉ះពាល់​ដល់​កូរ៉េខាងត្បូ​ងជាស​ម្ព័​ន្ធ​មិត្ដ​ខ្លួន និង​ប៉ះពាល់​ដល់​អាមេរិក​ផ្ទាល់​។​កូរ៉េខាងជើង​ធ្លាប់​ព្រមាន​អាមេរិក ចំពោះ​ការ​លូក​ដៃ​ឈាន​ជើង​ចូល​ឧបទ្វីប​កូរ៉េ ដោយ​នឹង​ប្រើ​មី​ស៊ី​ល​ឆ្លង​ទ្វីប​បាញ់​មិន​ឲ្យ​ខុស​ទឹកដី​អាមេរិក បើ​មិន​ព្រម​បញ្ឈប់​សកម្មភាព​ដែល​កូរ៉េខាងជើង​ចាត់ទុក​ជា​ការរំលោភ​បំពាន​។​ប្រទេស​ទាំង​ពីរ​នៅ​តែ​សង្កៀត​ធ្មេញ​ដាក់គ្នា ជុំវិញ​ភាពចម្រូងចម្រាស​កើតឡើង​កន្លងមក​។​

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​ថ្មី​អាមេរិក ធ្លាប់​បង្ហាញ​ជំហរ​ចង់​ជួប​ចរចា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បន្ធូរបន្ថយ​ភ្លើងកំហឹង តែ​មិន​ទាន់​បាន​ជួប​ទេ​។​លោក​ត្រាំ​ចាត់ទុក​ការបង្ក​ហេតុ​របស់​កូរ៉េខាងជើង​មិនអាច​លើកលែង​បាន​។​លោក​ប្ដេជ្ញា​រក​វិធីសាស្ដ្រ​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​បន្ថែមទៀត ក្រៅពី​សម្ពាធ​ដែល​អន្ដរជាតិ និង​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ​បានដាក់​រួចមកហើយ​។​

​នៅ​ថ្ងៃ​ទី​៦-៧​មេសា​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​អាមេរិក ហើយ​នឹង​មាន​កិច្ចប្រជុំ​កំពូល​លើក​ដំបូង​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​។​មាន​របៀបវារៈ​ជាច្រើន​ដែល​លោក​ត្រាំ​នឹង​លើកយក​មក​ពិភាក្សា​ក្នុង​ជំនួប​កំពូល ប៉ុន្ដែ​អ្វី​ដែល​សំខាន់ គឺ​ការជជែក​ពី​ផែនការ​ដោះស្រាយ​ជាមួយ​កូរ៉េ​ខាងជើង​។​លោក​ត្រាំ​ចង់​ស្នើ​សុំ​ឲ្យ​ចិន​សហការ​ជាមួយ​អា​មេរិក រក​យុទ្ធសាស្ដ្រ​និយាយ​យ៉ាង​ណា​ឲ្យចូល​ត្រចៀក​កូរ៉េខាងជើង បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់គេ​។​

​ចំពោះ​អាមេរិក​ជឿជាក់​លើ​ចិន​ថា​អាច​ចរចា​ជាមួយ​កូរ៉េ​ខាងជើង​បាន ព្រោះ​ចិន​ជា​បងធំ​មួយ​រូប​របស់​កូរ៉េខាងជើង ហើយក៏​ជា​ដៃគូ​នយោបាយ សេដ្ឋកិច្ច​សំខាន់​បំផុត​របស់​កូរ៉េខាងជើង​។​ហេតុ​នេះ​ចង់​មិន​ចង់​បើ​ចិន​ហាមាត់​ទទូច​ស្នើសុំ កូរ៉េខាងជើង​អាច​នឹង​ពិចារណា ខុស​ពី​អាមេរិក​ដែល​ទឹកមាត់​មិន​ប្រៃ​លើ​កូរ៉េខាងជើង​។​ចិន​ក៏​បាន​ប្រកាស​ដាក់​សម្ពាធ​គឺ​ផ្អាក​បណ្ដោះអាសន្ន​ការនាំ​ចូល​ធ្យូងថ្ម​ពី​កូរ៉េខាងជើង ជា​ធនធាន​សំខាន់​សម្រាប់​ប្រមូល​ថវិកា​ផ្គត់ផ្គង់​កម្មវិធី​នុយក្លេអ៊ែ​រ​។​ចិន​ធ្វើបែបនេះ ដើម្បី​ឲ្យ​កូរ៉េ​ខាងជើង​ផ្អាក​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​។​ប៉ុន្ដែ​អាមេរិក​នៅ​តែ​មិន​ជឿជាក់ថា​ផ្ដាច់​បាន​ទាំងស្រុង​។​អាមេរិក​សង្ស័យ​ចិន​មាន​មធ្យោបាយ​ធ្វើ​ពាណិជ្ជកម្ម ជាមួយ​កូរ៉េ​ខាងជើង​ដោយ​លាក់បាំង​លើ​អាជីវកម្ម​នេះ​។​

​វា​ជា​ហេតុផល​ដែល​លោក​ដូណាល់ ត្រាំ​នឹង​ស្នើ​ទៅ​ប្រធានាធិបតី​ចិន​ម្ដងទៀត សុំ​ឲ្យ​រួម​គ្នា​ជាមួយ​អាមេរិក​ស្វែងរក​ផ្លូវ​ចេញ​ពី​ភាពទាល់ច្រក​។​នេះ​ជា​កត្ដា​សំខាន់​ដែល​លោក​ត្រាំ​គ្រោង​ពិភាក្សា​ជាមួយ​លោក​ស៊ី ជីន​ពីង​។​ផ្ទុយទៅវិញ​បើ​សិន​លោក​ស៊ី​មិន​ព្រម​សហការ​ឬ​មិន​ព្រម​ជួយ អាមេរិក​នៅ​តែ​ធ្វើ​សកម្មភាព​ជា​ឯកតោ​ភាគីប្រឆាំង​កូរ៉េខាងជើង​។​

តើ​រដ្ឋាភិបាល​ថ្មី​អាមេរិក​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​លោក​ដូណាល់ ត្រាំ អាច​មាន​យុទ្ធសាស្ដ្រ​យ៉ាងណា​ទប់ទល់​នឹង​កូរ៉េខាងជើង​?

​អ្វី​ដែល​យើង​មើលឃើញ​ក្នុង​ពេល​នេះ អាមេរិក​អាច​ប្រើ​យុទ្ធសាស្ដ្រ​ចំនួន​បី ដើម្បី​ទប់ទល់​នឹង​កូរ៉េខាងជើង​។​យុទ្ធសាស្ដ្រ​ទីមួយ​គឺ​ការព្យាយាម​ផ្សារភ្ជាប់​អូសទាញ​កូរ៉េខាងជើង​ឲ្យ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ចូល​តុ​ចរចា​ជាមួយ​ភាគី​៦​ប្រទេស​វិញ ដ្បិតតែ​លំបាក​បន្ដិច​មែន​។​ភាគី​ចរចា​៦​ប្រទេស​មាន​កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ចិន រុស្ស៊ី និង​អាមេរិក បាន​ចាប់ផ្ដើម​ឡើង​កាលពី​ឆ្នាំ​២០០៣ ក្នុង​គោលបំណង​ទាមទារ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​។​ប្រទេស​ទាំង​៦​បាន​ជួប​ពិភាក្សា​គ្នា​ជាច្រើន​ដង ហើយ​ក៏​សម្រេចបាន​លទ្ធផល​គាប់ប្រសើរ​។​

​ប៉ុន្ដែ​អ្វី​ដែល​នឹកស្មាន​មិន​ដល់ គឺ​បន្ទាប់ពី​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ក្រោយ​បរាជ័យ​ការបាញ់​បង្ហោះ​ផ្កាយរណប កូរ៉េខាងជើង​នៅ​ថ្ងៃទី​១៤​ខែ​មេសា​ឆ្នាំ​២០០៩ បានប្រកាស​ដើរចេញ​ពី​ក្រុម​ពិភាក្សា​៦​ប្រទេស​។​បន្ទាប់​មក​កូរ៉េខាងជើង​បាន​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​កាន់តែ​ខ្លាំង​ជាង​មុន ដោយ​បាន​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​សរុប​ដល់​ទៅ​៥​លើក គឺ​ក្នុង​ឆ្នាំ​២០០៦ ឆ្នាំ​២០០៩ ឆ្នាំ​២០១៣ ថ្ងៃទី​០៦​មករា​ឆ្នាំ​២០១៦ និង​ថ្ងៃ​ទី​០៩​កញ្ញា​ឆ្នាំ​២០១៦​។​

ករណី​លោក​ដូណាល់ ត្រាំ​ចង់​ទប់ទល់​នឹង​កូរ៉េខាងជើង លោក​អាច​ព្យាយាម​ធ្វើ​យ៉ាងណា​អូសទាញ​ឲ្យ​កូរ៉េខាងជើង​ចូលក្នុង​ក្រុម​ពិភាក្សា​វិញ តែ​ក៏​មិន​ប្រាកដ​ថា​ជោគជ័យ​ដែរ លុះត្រាតែ​ភាគី​៥​ប្រទេស​ទៀត​ជួយ​ជំរុញ​។​លោក​Leon Sigal​នាយក​គម្រោង​កិច្ចសហប្រតិបត្ដិការ​សន្ដិសុខ​អាស៊ី​ភាគ​ឦសាន នៅ​ក្រុមប្រឹក្សា​ស្រាវជ្រាវ​វិទ្យាសាស្ដ្រ​សង្គម​ក្នុង​ទីក្រុង​ញូវយ៉ក​បានឲ្យដឹងថា កូរ៉េខាងជើង​អាច​នឹង​មាន​បំណង​ចង់​ផ្អាក​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​គេ ប្រសិនបើ​ទីក្រុង​វ៉ា​ស៊ីន​ឆ្លើយតប​នឹង​ការព្រួយបារម្ភ​ផ្នែក​សន្ដិសុខ​របស់​កូរ៉េខាងជើង​។​រាល់ដង​នៅពេល​មាន​ការអំពាវនាវ​ឲ្យ​កូរ៉េខាងជើង​ចូល​តុ​ក​ចរចា គឺ​មាន​លក្ខខណ្ឌ​ឲ្យ​ប្រទេស​មួយ​នេះ​បោះបង់​ចោល​មហិច្ឆតា​នុយក្លេអ៊ែរ​សិន ជា​ហេតុផល​ដែល​កូរ៉េខាងជើង​មិន​ព្រម​។​អ៊ីចឹង​ទេ​ចង់​បាន​ជោគជ័យ​ទាល់តែ​មាន​ការឆ្លើយតប​ណាមួយ​ស្រប​តាម​ការចង់បានរ​បស់​កូរ៉េខាងជើង​ដែរ​។​

​ចំណែក​យុទ្ធសាស្ដ្រ​ទី​ពីរ ការ​រឹត​បន្ដឹងបន្ថែម​។​អាមេរិក​ចាំបាច់​ត្រូវ​តា​មដាន​ឲ្យ​ខ្ជាប់ខ្ជួន​ធនាគារ​និង​ក្រុមហ៊ុន​របស់​ចិន ដែល​សង្ស័យថា​បាន​ផ្ដល់​ជំនួយ​ដល់​កូរ៉េខាងជើង ដោយ​យក​ការពិន័យ​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​លើ​ធនាគារ​អឺរ៉ុប ក្នុងពេល​មាន​ការដោះស្រាយ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជា​គំរូ​។​ដូច្នេះ​បើ​ធនាគារ​ឬ​ក្រុមហ៊ុន​ចិន​ណា​មួយ​ផ្គត់ផ្គង់​ដល់​កូរ៉េខាងជើង​មែន ត្រូវតែ​ពិន័យ​ដូច​ពិន័យ​ធនាគារ​អឺរ៉ុប​ដែរ​។​លោក​ត្រាំ​ត្រូវ​ឲ្យ​រតនាគារ​ស៊ើបអង្កេត​ក្រុមហ៊ុន​និង​ធនាគារ​ចិន និង​បញ្ជាក់​ដល់​ក្រុមហ៊ុន ធនាគារ​ទាំង​នោះ​ថា​មិន​អនុញ្ញាត​ឲ្យ​ផ្ដល់​ការគាំទ្រ ផ្ដល់​ជំនួយ​ដល់​កូរ៉េខាងជើង​ឡើយ ថែមទាំង​ត្រូវ​ដាក់​ពិន័យ​ផង​។​

​កាលពី​ថ្ងៃ​ទី​៣១​មីនា រតនាគារ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ជនជាតិ​កូរ៉េ​ខាងជើង​១១​នាក់​និង​ក្រុមហ៊ុន​កូរ៉េខាងជើង​មួយ ដែល​ពួកគេ​ជាប់​ទាក់ទង​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ហើយ​បំពាន​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។​

​យុទ្ធសាស្ដ្រ​ទី​ពីរ​នេះ មាន​អ្នកវិភាគ​លើកឡើង​ថា​មិន​ថា​ទណ្ឌកម្ម​អ្វី​ក៏ដោយ ក៏​ពិបាក​នឹង​ធ្វើឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ទទួលស្គាល់​ដែរ​។​លោក​Peter Layton​ជា​អ្នកតាមដាន​ស្ថានការណ៍​មួយ​រូប​លើកឡើងថា អាមេរិក​ត្រូវ​បញ្ចុះបញ្ចូល​ចិន បើ​ចង់​ទទួលបាន​ជោគជ័យ​។​

​យុទ្ធសាស្ដ្រ​ទី​បី គឺ​ការធ្វើ​សកម្មភាព​យោធា​។​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​អាស៊ី​កាលពី​ខែ​មុន រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​Rex Tillerson​និយាយថា អាមេរិក​នឹង​ពិចារណា​លើ​ការធ្វើ​សកម្មភាព​យោធា​ប្រឆាំង​កូរ៉េខាងជើង​ប្រសិនបើ​ចាំបាច់​។​លោក​សង្កត់ធ្ងន់​ថា អាមេរិក​ក៏​មិន​ចង់​ឲ្យ​បញ្ហា​ឈាន​ដល់​ជម្លោះ​យោធា​ដែរ ប៉ុន្ដែ​ប្រសិន​កូរ៉េខាងជើង​នៅ​តែ​បន្ដ​ផ្គើន​និង​គំរាមកំហែង​ដល់​កងកម្លាំង​កូរ៉េខាងត្បូង​ឬ​កងកម្លាំង​អាមេរិក នៅពេល​នោះ​កូរ៉េខាងជើង​នឹង​ទទួល​ការ​សងសឹក​យ៉ាង​ពេញចិត្ដ​។​អាមេរិក​អាច​ប្រើ​យោធា​ជា​ជម្រើស​ចុងក្រោយ​បំផុត ប៉ុន្ដែ​ក៏​នឹង​ទទួល​គុណ​វិបត្ដិ​ដូចគ្នា​។​

​លោក​Carl Schuster​សាស្ដ្រាចារ្យ​នៅ​សាកលវិទ្យាល័យ​Hawaii Pacific កត់សម្គាល់ឃើញ​ថា​គ្រប់យ៉ាង​ពិតជា​អាច​ធ្វើបាន ប៉ុន្ដែ​កុំ​ភ្លេច​ថា​ក៏​នឹង​មាន​ហានិភ័យ​ខ្ពស់​ដែរ ចំពោះ​លទ្ធផល​ដែល​សង្ឃឹមថា​នឹង​សម្រេច​បាន​។​អាមេរិក​អាច​ប្រើ​កម្លាំង​ទ័ព​ធ្វើជា​ព្យុះ​ភ្លៀង​លើ​កូរ៉េខាងជើង ប៉ុន្ដែ​ត្រូវ​ចាំ​ថា​កូរ៉េ​ខាងជើង​ក៏​មាន​គោលដៅ​លើ​អាមេរិក​ដូចគ្នា ពិសេស​កូរ៉េខាងត្បូង ជប៉ុន ជា​ប្រទេស​នៅ​ជិត​កូរ៉េខាងជើង និង​ជា​សម្ព័ន្ធមិត្ដ​អាមេរិក ប្រាកដ​ជា​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។​នេះ​ជា​បញ្ហា​អាមេរិក​ត្រូវ​គិត​ថា​គួរប្រើ​យោធា​ឬ​យ៉ាងណា​។​រីឯ​លោក​Layton​ជា​អតីតមន្ដ្រី​កងកម្លាំង​ជើង​អាកាស​អូស្ដ្រាលី​បាន​និយាយថា លោក​ត្រាំ​ពិតជា​មាន​ជម្រើស​ក្នុង​ការប្រើប្រាស់​យោធា​ប្រឆាំង​កូរ៉េខាងជើង​។​អាមេរិក​អាច​ប្រើ​នាវាចម្បាំង​ជាមួយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ពិសេស បាញ់​ទម្លាក់​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នៅ​ពេល​ក្រោយ​។​

សរុបទៅ ​អាមេរិក​នឹង​មិន​បណ្ដោយ​ឲ្យ​កូរ៉េ​ខាងជើង​ធ្វើ​អ្វី​តាម​អំពើ​ចិត្ដ​ឡើយ អាមេរិក​ពិតជា​មាន​ទណ្ឌ​កម្ម​ឬ​ការ​ទប់ស្កាត់​ណាមួយ​ជាក់​ជាមិនខាន​៕

ព័ត៌មានផ្សេងទៀត