តើ​ល្ខោនបាសាក់​មាន​ដើមកំណើត​មកពីណា​?

ដោយ៖ ចេន សុជាតា 31-03-2017 5:22 pm 2879

​ទម្រង់​សិល្បៈ​ទស្សនីយភាព​ខ្មែរ​បាន​យោន​យកឈ្មោះ​ក្នុង​លក្ខណៈ​ខុសៗ ប្លែក​គ្នា​ជាច្រើន​។ ទម្រង់​ខ្លះ​បាន​យកឈ្មោះ​ចេញ​អំពី​ឧបករណ៍​តន្ត្រី ឫ វង់​តន្ត្រី ណាមួយ ដូច​ជា​ល្ខោន​យី​កេ ឫ​ល្ខោន​មហោរី​ជាដើម​។ ប៉ុន្តែ​ទម្រង់​ខ្លះទៀត​បាន​យកឈ្មោះ​ពី​សិល្បករ​ដែលមាន​ប្រជាប្រិយភាព​ខ្លាំង​លើសលប់​ដូច​ជា​សិល្បៈ​ចម្រៀង​អា​យ៉ៃ​។ ចំណែក​ល្ខោនបាសាក់​វិញ ក៏​មិន​ខុស​ពី​ទម្រង់​ដទៃ​ទៀត​ប៉ុន្មាន​ដែរ ប៉ុន្តែ​បាន​យក​ឈ្មោះ​របស់​ខ្លួន​ពី​ទីកន្លែង​កំណើត​នៃ​ទម្រង់​សិល្បៈ​នេះ​បាន​រីកចម្រើន​ទៅ​វិញ​។ ចេ​ន សុជាតា ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​បន្ត​៖

ស្ដាប់ជាសំឡេង៖

ល្ខោនបាសាក់​មាន​ដើមកំណើត​នៅ​ស្រុក​បាសាក់ ខេត្ត​ឃ្លាំង ទល់មុខ​ព្រះ​ត្រពាំង​កម្ពុជា​ក្រោម ដែល​សព្វថ្ងៃ​ស្ថិត​ក្នុង​ប្រទេស​វៀតណាម​។ បាសាក់ ជា​ឈ្មោះ​ទន្លេ​មួយ​ដែលជា ខ្នែង​មួយ​នៃ​ទន្លេ​មេគង្គ​ទាំង​បួន​ដែល​ប្រសព្វ​គ្នា​នៅ​ភ្នំពេញ “​ចតុម្មុខ​” ។ តំបន់​នេះ​ក៏ដូចជា​តំបន់​ដទៃ​ទៀត មាន​ប្រជាជន​ខ្មែរ​រស់នៅ​ច្រើន​ជា​តំបន់​មាន​អារ្យធម៌ និង​មាន​កេរដំណែល​វប្បធម៌​ខ្មែរ​ពី​បរម​បុរាណ​ច្រើន​ដូចជា​ប្រាសាទ ស្រះ​បុរាណ វត្ត​អារាម តន្ត្រី​ច្រើន​វង់ និង​ល្ខោន​ច្រើន​ប្រភេទ ដូចជា យី​កេ និង​ល្ខោន​យក្ស​រាំ​ជាដើម​។ 

​តាម​ព័ត៌មាន​ដែល​ទទួលបាន ល្ខោនបាសាក់ សព្វថ្ងៃនេះ​មាន​ប្រភព​មក​ពី​ល្ខោន​ទ្រើង​ឃ្លោង ហើយ​បាន​រីកចម្រើន​ឡើង​ដោយ​ស្នាដៃ​បញ្ញវន្ត​មួយក្រុម​ដែល​មាន​ចំណេះ​ជ្រៅជ្រះ​ខាង​អក្សរសិល្ប៍ និង​សាសនា ក្រោម​ការដឹកនាំ​របស់​អតីត​ចៅអធិការ​វត្ត​ខ្សាច់កណ្ដាល “​កម្ពុជា​ក្រោម​” ឈ្មោះ​លោកគ្រូ​សួរ​។

ក្រោយ​ពេល​សឹក​មក លោកគ្រូ “​សួរ​” ក៏​បាន​ប្រមែប្រមូល​អ្នក​សឹក​ពី​បួស​បង្កើត​ជា​ល្ខោន​មួយ​វង់ ប៉ុន្តែ​ដោយ​កាល​ណោះ​នៅ​មាន​កង្វះខាត​ខាង​ផ្នែក​សម្ភារៈ និង​ឆាកល្ខោន​នេះ​ត្រូវ​គេ​នាំគ្នា​សម្ដែង​ដោយ​ផ្ទាល់​ដី​ក្នុង​រោង​ដែល​សង់​ឡើង​ដោយ​ប្រក់ ឫ​កាប់​មែកឈើ​យកមក​គ្រប​ប្រហាក់ប្រហែលគ្នា នឹង​ទ្រើង​ដែល​គេ​ដាំ​ឃ្លោក ទើប​អ្នកស្រុក​គេ​និយម​នាំ​គ្នា​ហៅ​ល្ខោន​នេះ​ថា ល្ខោន​ទ្រើងឃ្លោក ។ ល្ខោន​ទ្រើងឃ្លោក​នេះ មាន​វត្តមាន​រហូតដល់​អំឡុង​ឆ្នាំ ១៩៥៣ ឫ ក៏​ក្រោយ​នោះ​បន្តិច​ផង នៅ​ជាយក្រុង​ភ្នំពេញ និង​ជនបទ​នានា​។​

អ្នកខ្លះ​និយម​ហៅ ល្ខោន​ទ្រើងឃ្លោក​នេះ​ថា​ជា “​យូ​កេរ្តិ៍​” វិញ​។ ពាក្យ​យូរ​កេរ្តិ៍​នេះ​ជា​ពាក្យ​ដ៏​មាន​តម្លៃ​សម្រាប់​បញ្ជាក់ថា ទម្រង់​សិល្បៈ​នេះ​គឺ​ជា​មរតក​តាំងពី​យូរលង់​មក​ហើយ​របស់​ជនជាតិ​ខ្មែរ​។ ឈ្មោះ​នេះ ត្រូវ​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ប្រើប្រាស់​រហូត​មក​ដល់​សព្វថ្ងៃ​សម្រាប់​សំគាល់​ទម្រង់​ល្ខោន​មួយ​ដែល​ខ្មែរ​នៅ​កម្ពុជា​យើង​សព្វថ្ងៃ​និយម​ហៅថា ល្ខោនបាសាក់​នេះឯង ។​ ភ្លេង​៖«.................»

ល្ខោន​ទ្រើងឃ្លោក​បាន​ពង្រឹង​ប្រជាប្រិយភាព​របស់​ខ្លួន​យ៉ាង​ឆាប់រហ័ស ព្រោះ​អ្នក​សម្ដែង​សុទ្ធតែ​ជា​អ្នក​ពូកែ​ខាង​អក្សរសិល្ប៍ ពូកែ​ប្រើ​ពាក្យសម្ដី​ជា​កំណាព្យកាព្យឃ្លោង ពូកែ​ការសម្ដែង​ដោយ​ឥត​ព្រាងទុក​ជាហេតុ​នាំ​ឲ្យ​ទស្សនិកជន មាន​ការកោតសរសើរ និង​ចូលចិត្ត​ក្រៃលែង ។ មិនតែប៉ុណ្ណោះ​ល្ខោន​នេះ​បាន​ទៅ​ជា​កម្មវត្ថុ​នៃ​ការប្រឡងប្រជែង​ជាមួយនឹង​ល្ខោន “​កៃ​លឿង​វៀតណាម​” ហើយក៏​បាន​ជះឥទ្ធិពល​លើ​គ្នា​ទៅវិញទៅមក​។ ក្រោយមក​ក្នុង​ការ​ដែល​ជនជាតិ​ចិន​មួយចំនួនធំ​ជា​អ្នក​ភៀសខ្លួន​អំពី​សង្គ្រាម​នៅ​ស្រុក​ចិន ពិសេស​ក្នុង​រយៈពេល​នៃ​ការបះបោរ​របស់​ពួក​ម៉ាន់​ជូ (Manchu) បាន​ហូរ​ច្រាល​មក​តាម​សមុទ្រ ហើយ​បាន​ចូល​មក​បោះ​ទីតាំង​នៅ​តំបន់​កូសាំងស៊ីន​នេះ រស់​នៅ​លាយឡំ​ជាមួយ​ប្រជាជន​ខ្មែរ និង​ប្រជាជន វៀតណាម ។​ភ្លេង​៖«................»

​ក្នុងពេល​ដែល​ហូរ​ចុះ​មក​ជនជាតិ​ចិន​ទាំង​នោះ បាន​នាំយក​នូវ​ទំនៀមទម្លាប់​ប្រពៃណី និង​សិល្បៈ​ផ្សេងៗ​ដូចជា “​ល្ខោន​ហ៊ី​” ជា​ដើម​មក​ជាមួយ​ផង ។ ទាំង​ល្ខោន​ទ្រើងឃ្លោក​ខ្មែរ ទាំង​ល្ខោន​កៃ​លឿង​វៀតណាម​ទាំង​ល្ខោន​ហ៊ី​ចិន បាន​ប្រលងប្រជែង​ខំប្រឹង​បញ្ចេញ​ឥទ្ធិពល​រៀងៗ​ខ្លួន ដណ្ដើម​យក​ប្រជាប្រិយភាព​ស្រូប​យក​ចំណង់ និង​ចំណូលចិត្ត​ទស្សនិកជន​ក្នុង​តំបន់​នោះ ។ ទីបំផុត​ល្ខោន​ហ៊ី​ចិន​បាន​ទទួល​ជោគជ័យ​ដ៏​ធំធេង ។ ឃើញ​ហេតុផល​យ៉ាងនេះ ដើម្បី​ទាមទារ​ប្រជាប្រិយភាព​ក្នុងចំណោម​ទស្សនិកជន​ចម្រុះ​ជាតិ​សាសន៍​នោះ អ្នកដឹកនាំ​ល្ខោន​ទ្រើង​ឃ្លោក បាន​ចម្លង​យក​ចំណុច​សំខាន់ៗ ខ្លះ​ពី​ល្ខោន​ហ៊ី​ចិន​ដែល​ខ្លួន​យល់ថា​មាន​សារសំខាន់​សម្រាប់​ល្ខោន​ខ្លួន ។ ចាប់ពីពេលនោះ​មក​ល្ខោន​ទ្រើង​ឃ្លោក បាន​ទទួល​ប្រជាប្រិយ​ដ៏​ធំធេង​ក្នុង​តំបន់​កូសាំងស៊ីន​នេះ​ព្រោះ​ពេលនោះ ទាំង​អ្នកដឹកនាំ​វង់​ល្ខោន ទាំង​សិល្បករ អ្នក​សម្ដែង​មានការ​ឆ្លាត​វាងវៃ​ណាស់ នៅ​ទីណា​កន្លែង​ណា​ដែល​មាន​ប្រជាជន​ខ្មែរ​ជា​អ្នកមើល​ភាគច្រើន​គេ​តែង​នាំគ្នា សម្ដែង​ជា​ភាសា​ខ្មែរ​សុទ្ធ​កន្លែង​ណា​ដែល​មាន​ប្រជាជន​វៀតណាម​មើល​ច្រើន ការសម្ដែង​តែង​ឆ្លូក​គ្នា​ជា​ពីរ​ភាសា គឺ​ខ្មែរ​ផង វៀតណាម​ផង​ផ្ទុយទៅវិញ កន្លែង​ណា​ដែល​មាន​ប្រជាជន​ចិន​មើល​ច្រើន គេ​តែង​និយាយ និង​ច្រៀង​ភាសា​ខ្មែរ​ផង និង​ភាសា​ចិន​ផង សម្របសម្រួល​ខ្លួន​ទៅតាម​លក្ខណៈ​ភូមិសាស្ត្រ​ទឹកដី និង​ប្រជាជន​នៅតាម​តំបន់​។​ ភ្លេង​៖«.............»

ចំពោះ​ប្រវត្តិ​ដែល​ល្ខោន​ទ្រើង​ឃ្លោក ឫ​យូរ​កេរ្តិ៍ ជា​មរតក​ដែល​បាន​ចាប់កំណើត​នៅ​កម្ពុជា​ក្រោម​ហើយ​បាន​ត្រូវ​គេ​ប្ដូរ​ឈ្មោះ​មកជា​ល្ខោនបាសាក់​នៅ​កម្ពុជា​យើង​សព្វថ្ងៃនេះ នោះ​គឺ​មាន​ដំណើររឿង​ដូចតទៅ​នេះ​៖

មាន​បងប្អូន​ពីរ​នាក់ បង​ឈ្មោះ លី កា​ញ់ និង ប្អូន​ឈ្មោះ លី សួន និង​មាន​ដើមកំណើត​កើត​ជា​នៅ​ស្រុក​បាសាក់ ដែនដី​កម្ពុជា ក្រោម ។ លី កា​ញ់ ជា​បង​បាន​ចាកចេញ​ពី​ស្រុកកំណើត​របស់​ខ្លួន ដើម្បី​ទៅ​រស់នៅ​ប្រទេស​បារាំង ។ ក្រោយមក​ដោយ​ការ​ខំ​ប្រឹងប្រែង​រក​ទទួលទាន​មានបាន លី កា​ញ់ ក៏​ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ធនធាន​បង្គួរ​នៅ​ប្រទេស​បារាំង ។​
​ថ្ងៃមួយ លី សួន ជា​ប្អូន​ផ្ញើ​សំបុត្រ​ទៅសួរសុខទុក្ខ លី កា​ញ់ ជា​បង ហើយក៏​បាន​សុំ​ប្រាក់​មួយ​ចំនួន​ពី​បង ដើម្បី​ប្រកប​របរជំនួញ​ជួញដូរ​នៅឯ​ស្រុកកំណើត របស់ខ្លួន ។​លី កា​ញ់ ក្នុង​ទឹកចិត្ត​អាណិត​ប្អូន​ក្នុង​ទឹកចិត្ត​ស្រណោះស្រណោក ស្រុកកំណើត​ជា​ទីរលឹក​របស់ខ្លួន និង​ក្នុង​ស្មារតី​ចង់​ថែរក្សា​វប្បធម៌​ពណ៌​សម្បុរ​ជាតិ​របស់​ខ្លួន ដែល​ស្ថិត​ក្នុង​មជ្ឈដ្ឋាន​ចម្រុះ​ជាតិ​សាសន៍​ឲ្យ​គង់វង្ស ក៏​បាន​ផ្ញើ​ប្រាក់​មកឲ្យ លី សួន ជា​ប្អូន ហើយ​បាន​សរសេរ​សំបុត្រ​ប្រាប់ថា​សូម​ប្អូន​កុំ​ធ្វើ​ជំនួញ​ដូរ​អ្វី​ក្រៅ​ឲ្យសោះ លុយ​ដែល​បង ផ្ញើ​ឲ្យ​នេះ​សូម​ប្អូន​គិត​យ៉ាង​ណា​ជួយ​ពង្រីក និង​ថែរក្សា​សិល្បៈ យូរ​កេរ្តិ៍ ដែល​មាន​កំណើត​នៅ​ឃ្លាំង នៅ​ព្រះ​ត្រពាំង​ហើយ​ដែល​យើង​បាន​មើល​ទាំងអស់គ្នា​ជា​ញឹកញាប់​កាល​នៅ​ពី​តូចៗ នោះ​ឲ្យ​គង់វង្ស​ផង ។​

ដោយសារ​បណ្ដាំ និង​ជំនួយ​ពី លី កា​ញ់ ជា​បង លី សួន ក៏​ក្លាយ​ទៅ ជា​ថៅកែ​ល្ខោនបាសាក់​ដ៏​ល្បីល្បាញ​ដំបូង​គេ​បង្អស់​ដែល​ទស្សនិកជន​និយម​ហៅ​ឈ្មោះ គាត់​ថា ថៅកែ “​ឆា​គ្រួ​ន​” ។​
​ភ្លេង​៖«........»

ក្នុង​ឆ្នាំ ១៩៣០ ក្នុងពេល​ដែល​ទម្រង់​នេះ​រីក​ចម្រើន​នៅ​កម្ពុជា​ក្រោម “​វៀតណាម ខាងត្បូង​”​ថៅកែ​ក្រុម​ល្ខោន​ឈ្មោះ​លោក ឆា​គ្រួ​ន នេះ​បាន​នាំ​ក្រុម​សិល្បៈ​ល្ខោន របស់​ខ្លួន​មក​សម្ដែង​ធ្វើ​អាជីវកម្ម​នៅ​ភ្នំពេញ និង​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា ។ ដំណើរ​បេសកកម្ម​ទី​១ របស់​ក្រុម​ល្ខោន​លោក ឆា​គ្រួ​ន​ដែល​បាន​មក​សម្ដែង​នៅ ប្រទេស​កម្ពុជា មិនសូវ​ទទួលបាន​ជោគជ័យ​ទេ មូលហេតុ​មក​ពី​ទម្រង់​ល្ខោន​នេះ​ត្រូវ​ប្រឡង​ប្រជែង​ជាមួយ​ទម្រង់​ដទៃទៀត ដែល​មាន​យ៉ាង​សំបូរបែប​នៅ​កម្ពុជា​ភាគ​កណ្ដាល ដូច​ជា​ល្ខោន​ប្រាមោជទ័យ “១៩២០-១៩៤០” និង​ល្ខោន​មហោរី​ដែល​កើតមាន​ជា​យូរលង់​មកហើយ ។ ពិតមែន​តែ​លើក​ទី​១​នេះ ល្ខោនបាសាក់​បានទទួល​បរាជ័យ ប៉ុន្តែ​ពេលនោះ​សិល្បករ​ល្ខោនបាសាក់​បាន​ហាត់រៀន និង​ស្រូប​យក​នូវ​ចំណេះ​ថ្មីៗ មួយចំនួន​ពី​ទម្រង់​ល្ខោន​នៅ​ភ្នំពេញ ដូចជា​ភ្លេង​មហោរី ឫ​ចម្រៀង​មហោរី​ជាដើម មុន​ពេល​ត្រឡប់​ទៅ​ស្រុក​វិញ ។​ភ្លេង​៖«.....»

​ក្រោយពី​ពេល​ហាត់​វៀន និង​បាន​សម្ដែង​ច្រើនលើក​ច្រើនសារ​ដោយ​បញ្ចូល​បច្ចេកទេស​ថ្មីៗ​មួយចំនួន​ផង ល្ខោន​នេះ បាន​ទទួល​ជោគជ័យ​កាន់តែ​ធំធេង នៅ​តំបន់​កូសាំងស៊ីន ។ បន្ទាប់ពីនោះ​មក​លោក ឆា​គ្រួ​ន ក៏​នាំ​ក្រុម​របស់​គាត់​តាម​ទូក ប៉ុក​ចាយ ដែល​មាន​គ្រឿង​ប្រដាប់​ដំឡើង​ឆាក និង​សម្ភារៈ​តុបតែង​លំអ​ផ្សេងៗ គឺ​ឆាក​ចល័ត ដែល​ដំឡើង​លើគោក​ក៏បាន ឫ​ដំឡើង​លើ​ទូក​ក៏បាន ហើយ​នាំ​ក្រុម​សិល្បៈ​នេះ​មក​សម្ដែង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ឯ ទៀត ជា​លើក​ទី​២ ។ លើក​នេះ​ល្ខោន លោក ឆា​គ្រួ​ន បាន​ទទួល​ជោគជ័យ​យ៉ាង​ធំធេង ក្នុង​ការប្រកួតប្រជែង​ជាមួយ​ល្ខោន ប្រាមោ​ជ្ជទ័យ និង​ល្ខោន​មហោរី​នៅ​ភ្នំពេញ និង​តំបន់​ដទៃ​ទៀត​នៅ​ប្រទេស​កម្ពុជា ពិសេស​គឺ​ខេត្ត​តាម​មាត់​ទន្លេ ។ ល្ខោន​លោក ឆា​គ្រួ​ន នេះ​ស្រូប​យក​ទស្សនិកជន​យ៉ាងច្រើន​គគ្រឹកគគ្រេង ហើយ​បាន​ធ្វើឲ្យ​ល្ខោន​ប្រាមោជទ័យ និង​ល្ខោន​មហោរី​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បាត់បង់​ប្រជាប្រិយភាព ហើយ​ចំនួន​ទស្សនិកជន​ចេះតែ​ថយចុះ​ជា​លំដាប់​។

ដោយសារ​មធ្យោបាយ​សម្ដែង​ថ្មី​រហ័សរហួន ស្វាហាប់ ការតុបតែង​លំអ​ឆាក​សំលៀកបំពាក់​ការ​លាបមុខ ឫ​គូរ​មុខ​ដ៏​ល្អ (​កន្លែង​ខ្លះ​ទទួល​ឥទ្ធិពល​ពី​ហ៊ី​ចិន​) ទាំង​ល្បិច​ហោះហើរ​ក៏​ប៉ិនប្រសព្វ ពិសេស​សំនៀង​រដឺន ទាំង​សម្ដី​និយាយ ទាំង​ចម្រៀង​របស់​ខ្មែរ បាសាក់​ស្រទន់​ពីរោះ ហើយ​ពាក្យសម្ដី ប្រកប​ដោយ​អត្ថន័យ ខ្លឹមសារ​ល្អ ព្រោះ​អ្នក​សម្ដែង​ភាគច្រើន​ច្រើន​ជា​អ្នក​មាន​ចំណេះ​ជ្រៅជ្រះ​ខាង​អក្សរសិល្ប៍ និង​សាសនា​ផង ធ្វើឲ្យ​ទស្សនិកជន​នៅ​កម្ពុជា​កណ្ដាល​នេះ​ជក់ចិត្ត​ដិតអារម្មណ៍​យ៉ាងខ្លាំង រហូត​ដល់​គេ​នាំ​គ្នា​ហៅ ឫ​ឲ្យឈ្មោះ​ទម្រង់​ល្ខោន​នេះថា ជា “​ល្ខោនបាសាក់​” ដោយ​យក​ទី​កន្លែង​នៃ​ទម្រង់​សិល្បៈ​នេះ​រីក​ចម្រើន​? មក​ដាក់​ឈ្មោះ​ឲ្យ​ទម្រង់​ល្ខោន​នេះ​តែម្ដង ។ គឺ​ចាប់ពីពេលនោះ​មក​ហើយ ដែល​ល្ខោន​ទ្រើង​ឃ្លោក ឫ យូរ​កេរ្តិ៍​ប្រែ​ឈ្មោះ​ជា ល្ខោនបាសាក់​ដែល​យើង​ស្គាល់ និង​បាន​ឃើញ​រហូត​ដល់​សព្វ​ថ្ងៃនេះ​៕ (​អត្ថបទ​៖​ដកស្រង់​ចេញពី​សៀវភៅ​ទស្សនីយភាព​ខ្មែរ​)

ព័ត៌មានផ្សេងទៀត