ទំនាក់ទំនង​​រុស្ស៊ី​-​អាមេរិក​​ពិតជា​ពិបាក​ស្ដារឡើងវិញ​​ខុសពី​លោក​ត្រាំ​​ធ្លាប់​ប្ដេជ្ញា​?

ដោយ៖ ពេញ ផេង 21-03-2017 5:23 pm 4861
ប្រធានាធិបតីរុស្ស៊ី​លោកពូទីន​(ឆ្វេង)និងប្រធានាធិបតីអាមេរិក​លោកត្រាំ

​ទំនាក់ទំនង​រវាង​រុស្ស៊ី​ជាមួយ​អាមេរិក បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង ចាប់តាំងពី​លោក​ដូណាល់ ត្រាំ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំមុន ខណៈ​ដែល​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ មានបំណង​ចង់​កសាង​ចំណង​មិត្ដភាព​ឡើងវិ​ញ​។​ប៉ុន្ដែ​យ៉ាងណា​ក៏ដោយ រយៈពេល​ពីរ​ខែ​បន្ទាប់ពី​លោក​ត្រាំ​ស្បថ​ចូលកាន់​តំណែង អ្វីៗ​មិន​ដូច​ការរំពឹងទុក​ទេ​។​ដោយសារ​តែ​ភាពចម្រូងចម្រាស ជម្លោះ​ជា​ក់ឫស​ដ៏​ជ្រៅ និង​ការប្រកួតប្រជែង​ផលប្រយោជន៍​... ការប្រឈមមុខ​ដាក់​គ្នា​រវាង​មហាអំណាច​ទាំងពីរ ទំនង​មិន​អាច​ផ្សះផ្សារ​បាន​ឆាប់ៗ​ឡើយ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​អ្នកជំនាញ​។​

​ចង់​ដឹង​ព័ត៌មាន​បន្ថែម ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ដូច​តទៅ​៖

​សំឡេង​៖

​កត្ដា​ចម្រុះ​ដែល​ធ្វើឲ្យ​រាំងស្ទះ​ដល់កា​ររឹតចំណង​មិត្ដភាព​

តាមពិត​លោក​ដូណាល់ ត្រាំ មាន​ភាព​រួសរាយ​រាក់ទាក់​ចំពោះ​រុស្ស៊ី​និង​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន​ណាស់​។​មាន​ការរំពឹង​ទុក​ថា ភាព​ត្រូវរ៉ូវ​គ្នា​នេះ​អាច​នឹង​មាន​ចំណុច​ល្អ​ចំពោះ​ទំនាក់ទំនង​រុស្ស៊ី​-​អាមេរិក​។​ប៉ុន្ដែ​ការប្រឆាំង​រុស្ស៊ី​ដែល​មិន​បាន​ដឹង​មុន​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន ធ្វើឲ្យ​គោលបំណង​ផ្ដួចផ្ដើម​បង្កើតគោលន​យោបា​យងាក​ទៅរក​រុស្ស៊ី​ដោះស្រាយ​ភាពជាប់គាំង មិន​អាស្រ័យ​ទាំងស្រុង​លើ​លោក​ត្រាំ​និង​ទីប្រឹក្សា​របស់​លោក​ឡើយ​។​

​ទំនាក់ទំនង​រុស្ស៊ី​-​អាមេរិក​បាន​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ចន្លោះ​ពេល​មាន​វិបត្ដិ​ក្នុង​ប្រទេស​អ៊ុ​យក្រែន​។​អាមេរិក​រួម​ជាមួយ​សម្ព័ន្ធមិត្ដ​លោកខាងលិ​ច ក្នុងនោះ​មាន​សហភាព​អឺរ៉ុប បាន​ណែ​នាំឲ្យ​មាន​ការដាក់ទ​ណ្ឌកម្ម​លើ​រុស្ស៊ី ជុំវិញ​ការចោទប្រកាន់​ថា​រុស្ស៊ី​បាន​ពាក់ព័ន្ធ​នឹង​ជម្លោះ​អ៊ុ​យក្រែន គឺ​តាមរយៈ​ការជួយ​ដល់​ក្រុម​ឧទ្ទាម​បំបែក​ខ្លួន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​ឲ្យ​ប្រឆាំង​រដ្ឋាភិបាល​។​បច្ចុប្បន្ន ទណ្ឌកម្ម​ដែល​ដាក់​លើ​រុស្ស៊ី​នៅ​មិន​ទាន់​បញ្ចប់​ទេ ហើយ​រុស្ស៊ី​ក៏​បាន​ចាត់​វិធានការ​ប្រឆាំង​ទៅ​ប្រទេស​លោកខាងលិច​វិញ​ដែរ​។​

​អតីត​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​លោក​Michael Flynn ត្រូវបាន​បង្ខំ​ឲ្យ​ចុះចេញ​ពី​តំណែង​កាលពី​ខែ​មុន ដោយសារ​តែ​ការចោទប្រកាន់ថា​បាន​ជួប​ដោយ​សម្ងាត់​ជាមួយ​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​អាមេរិក ហើយ​ប្ដេជ្ញា​បន្ធូរបន្ថយ​ទណ្ឌកម្ម​ប្រឆាំង​ទីក្រុង​ម៉ូស្គូ បន្ទាប់ពី​លោក​ដូណាល់ ត្រាំ​ចូលកាន់​តំណែង​។​ការទម្លាក់​លោក​Michael Flynn​ចេញពី​តំណែង រុស្ស៊ី​ក៏​ប្រតិកម្ម​យ៉ាង​ខ្លាំង​លើ​អាមេរិក​។​រីឯ​អគ្គ​រដ្ឋអាជ្ញា​អាមេរិក​លោក​Jeff Sessions ក៏​រង​ការចោទប្រកាន់​ស្រដៀង​គ្នា​ដែរ​។​ចាប់តាំងពី​លោក​ត្រាំ​ស្បថ​ចូលកាន់​តំណែង រដ្ឋបាល​របស់​លោក​បាន​នឹង​កំពុង​រងគ្រោះ​ដោយសារ​តែ​ឧបសគ្គ​ដ៏​ធំ ជា​កត្ដា​រាំងស្ទះ​ដល់​ការវិវឌ្ឍ​នៃ​ចំណង​មិត្ដភាព​រុស្ស៊ី​-​អាមេរិក​។​

​នាយក​ផ្នែក​កិច្ចការបរទេស​ទូទៅ​រុស្ស៊ី​លោក​Andrey Kortunov​បាន​និយាយថា លោក​គិត​ថា​សម្ពាធ​លើ​លោក​ត្រាំ​នឹង​បន្ដ​ជា​បញ្ហា​លើ​រុស្ស៊ី​។​រុស្ស៊ី​គឺជា​គូប្រជែង​នៃ​ការបង្កើត​គោលនយោបាយ​អាមេរិក ហើយ​មាន​ជម្លោះ​តូចតាច​មួយ​ចំនួន​បន្សល់​ទុក​ពី​ប្រធានាធិបតី​មុន នៅតែ​ជា​របាំង​ឃាឃាំង​មិន​ឲ្យ​រុស្ស៊ី​-​អាមេរិក​មើលមុខ​គ្នា​ចំ​។​

ព្រោះតែ​មាន​អ្នកប្រឆាំង​និង​អ្នក​រិះគន់​នៅក្នុង​ស្រុក រដ្ឋាភិបាល​ថ្មី​អាមេរិក​ពេលនេះ​កំពុង​ពិចារណា​លើ​សំឡេង​ទាមទារ​ឲ្យ​ផ្លាស់ប្ដូរ​។​លោក​ត្រាំ​ក៏​ចាប់ផ្ដើម​ដាក់ខ្លួន​កាន់តែ​ឆ្ងាយ​ពី​ជំហរ​គាំទ្រ​រុស្ស៊ី ថែម​ទាំង​អំពាវនាវ​ឲ្យ​ទីក្រុង​ម៉ូស្គូ​ប្រគល់​តំបន់​គ្រី​មេ​ទៅ​អ៊ុ​យក្រែន​វិញ​។​ម្យ៉ាងទៀត ការប្រឆាំង​អាមេរិក​នៅក្នុង​ប្រទេស​រុស្ស៊ី​ទើបតែ​រីក​ដាល​។​តាម​របាយការណ៍​ពី​មជ្ឈមណ្ឌល​ស្ទង់​មតិ​មហាជន​រុស្ស៊ី​បង្ហាញថា ប្រមាណ​៧១​ភាគរយ​នៃ​ប្រជាជន​រុស្ស៊ី​ត្រូវ​ស្ទង់​មតិ មាន​ឥរិយាបថ​អវិជ្ជមាន​ទៅកាន់​អាមេរិក និង​តួនាទី​អាមេរិក​ក្នុង​សហគមន៍​អន្ដរជាតិ​។​នេះ​ជា​តួលេខ​មួយ​ខ្ពស់​ក្នុង​រយៈពេល​៨​ឆ្នាំ និង​បង្ហាញ​ថា​ប្រជាជន​រុស្ស៊ី​ក៏​មាន​អ្នកប្រឆាំង​អាមេរិក ដូច​ប្រជាជន​អាមេរិក​ប្រឆាំង​រុស្ស៊ី​អ៊ីចឹង​ដែរ​។​

​រុស្ស៊ី​-​អាមេរិក​បាន​ប្រកួតប្រជែង​ក្នុង​វិស័យ​ផ្សេងៗ មាន​វិស័យ​យោធា សេដ្ឋកិច្ច កិច្ចការបរទេស និង​គោលជំហរ​នៃ​យុទ្ធសាស្ដ្រ​តាម​តំបន់ ហើយ​ជម្លោះ​បាន​រាលដាល​កាន់តែ​ខ្លាំង​ជុំវិញ​បញ្ហា​ខ្វែងគំនិត​គ្នា ដូច​ជា​ជម្លោះ​នៃ​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត វិបត្ដិ​ស៊ី​រី និង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​THAAD​អាមេរិក​នៅ​កូរ៉េ​ខាងត្បូង​។​ភាព​តានតឹង​រវាង​ទីក្រុង​ម៉ូស្គូ​និង​ទីក្រុង​វ៉ាស៊ីនតោន ទំនង​មិន​អាច​កាត់បន្ថយ​បាន​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ​ទេ ហើយ​អាច​នឹង​កើត​ឡើង​បន្ដ​ទៀត​ពេល​មាន​ការផ្សះផ្សារ​រវាង​រុស្ស៊ី​-​អាមេរិក​។​

​ជាមួយ​បរិបទ​បែបនេះ អ្នកជំនាញ​បាន​ព្រមាន​ថា​វា​ពិតជា​មាន​សារៈសំខាន់​សម្រាប់​រុស្ស៊ី រៀបចំ​ក្ដី​រំពឹង​របស់​ខ្លួន​ឲ្យទទួល​បានឱកាស​ពិតប្រាកដ កុំ​ភ័ន្ដច្រឡំ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ដ្រ​រុស្ស៊ី​-​អាមេរិក​។​នាយក​ផ្នែក​កិច្ចការបរទេស​ទូទៅ​រុស្ស៊ី​លោក​Andrey Kortunov​បាន​បន្ថែមថា ពេល​នេះ​ពិត​ជា​សំខាន់​ក្នុង​ការកំណត់​ភារកិច្ច​ក្នុង​បំណង​ពិនិត្យឡើងវិញ​រាល់​បញ្ហា​ជាមួយ​អាមេរិក ប៉ុន្ដែ​ត្រូវ​រក្សា​ស្ថេរភាព​នៃ​ទំនាក់ទំនង​ផងដែរ​។​ការធ្វើទំនាក់ទំនង​តាមរយៈ​សង្គម​ស៊ីវិល ការទូត យោធា ជាពិសេស​សេវាកម្ម​ពិសេសៗ ចាំបាច់​ត្រូវតែ​ពង្រីក​ឲ្យបាន​ធំ​ជាង​មុន​។​

​រុស្ស៊ី​និង​អាមេរិក​នៅ​តែ​មាន​គោលដៅ​រួម​

​មិន​ថា​មាន​ទិដ្ឋភាព​មិន​ល្អ​មួយចំនួន​កើតឡើង​ជុំវិញ​ទំនាក់ទំនង​រុស្ស៊ី​-​អាមេរិក ប៉ុន្ដែ​ប្រទេស​ទាំង​ពីរ​នៅតែ​មាន​ភាព​ស្រុះស្រួល​និង​មាន​គោលដៅ​រួម​។​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​អន្ដរជាតិ បាន​ក្លាយ​ជា​ទិដ្ឋភាព​សំខាន់​នៃ​គោលនយោបាយ​ការបរទេស​របស់​លោក​ពូ​ទីន​និង​លោក​ត្រាំ ហើយ​ថ្នាក់ដឹកនាំ​ទាំង​ពីរ​កំពុង​ស្វែងរក​កិច្ចសហការ​ផ្នែក​នេះ​។​

​ដោយសារ​តែ​ការប្រឆាំង​អំពើ​ភេរវកម្ម​នៅតែ​ជា​ក្ដីបារម្ភ លោក​ត្រាំ​បាន​ទទូចថា​វា​ពិតជា​ចាំបាច់​ត្រូវ​សហការ​ជាមួយ​រុស្ស៊ី​។​លោកពូ​ទីន​វិញ​បាន​និយាយថា រុស្ស៊ី​ចាត់ទុក​អាមេរិក​ជា​ដៃគូ​សំខាន់បំផុត ក្នុង​ប្រតិ​ប​ត្ដិ​ការប្រឆាំង​ភេរវកម្ម​។​ប្រធានាធិបតី​ទាំងពីរ​បាន​ប្រកាស​ឲ្យមាន​កិច្ចសហការ​ជាមួយ​គ្នា បោសសម្អាត​ក្រុម​រដ្ឋ​អ៊ីស្លាម និង​អង្គការ​ភេរវកម្ម​ផ្សេងទៀត ខណៈ​កំពុង​ដោះស្រាយ​វិបត្ដិ​នៅ​ស៊ី​រី​។​

អ្នកជំនាញ​មើលឃើញថា បើសិនជា​រដ្ឋាភិបាល​អាមេរិក​និង​រុស្ស៊ី​ចង់​ធ្វើ​អ្វី​ហើយ គឺ​ប្រាកដជា​អាចទៅរួច​។​វា​ពិតជា​មាន​វិធី​សម្រាប់​ប្រទេស​ទាំង​ពីរ​បង្កើន​កិច្ចសហប្រតិបត្ដិការ ទោះបី​ស្ថិត​ក្នុង​បរិបទ​នយោបាយ​មិន​ល្អ​ជា​នឹង​គ្នា​ក៏​ដោយ​៕

ព័ត៌មានផ្សេងទៀត