កិច្ចពិភាក្សា​​ដក​អង់គ្លេស​​ចេញពី​អឺរ៉ុប​​នឹង​ចាប់ផ្ដើម​​ដំណើរការ​​នៅ​ថ្ងៃ​ទី​២៩​​មីនា​

ដោយ៖ ពេញ ផេង 21-03-2017 11:16 am 531
ទង់ជាតិអង់គ្លេស(ឆ្វេង)និងទង់ជាតិអឺរ៉ុប

​អង់គ្លេស​បាន​បញ្ជាក់​នឹង​ជូនដំណឹង​ជា​ផ្លូវការ​ដល់​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​២៩​មីនា ចំពោះ​ការចាកចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប​។​ក្រោយ​ពី​នោះ អង់គ្លេស​ត្រូវ​ចាប់ផ្ដើម​កិច្ចពិភាក្សា​មាន​រយៈពេល​ពីរ​ឆ្នាំ​លើ​មាត្រា​៥០​នៃ​សន្ធិសញ្ញា​Lisbon​អឺរ៉ុប  ដើម្បី​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប​បាន​ដោយ​ជោគជ័យ​។​

​រដ្ឋមន្ដ្រីការបរទេស​អង់គ្លេស​សម្រាប់​ការចាកចេញ​ពី​អឺរ៉ុប​លោក​David Davis បាន​និយាយថា​អង់គ្លេស​បច្ចុប្បន្ន​កំពុង​ស្ថិត​លើ​កម្រិត​នៃ​ការចរចា​សំខាន់បំផុត​។​រដ្ឋាភិបាល​អង់គ្លេស​នឹង​បន្ដ​ដោះស្រាយ​បញ្ហា ដោយ​ធ្វើការ​ជាមួយ​គ្រប់​ជាតិ​សាសន៍​និង​គ្រប់​តំបន់​នៅ​អង់គ្លេស ក៏ដូចជា​នៅ​អឺរ៉ុប​ទាំងមូល​។​

​អឺរ៉ុប​វិញ​បានបញ្ជាក់​ភ្លាមៗ​ថា បាន​ត្រៀម​រួចជាស្រេច​ចាប់ផ្ដើម​ការចរចា​។​បន្ទាប់​ពី​អង់គ្លេស​ជូនដំណឹង​ជា​ផ្លូវការ អឺរ៉ុប​នឹង​ផ្ដល់ព័ត៌មាន​ដល់​សមាជិក​នៅសល់​ទាំង​២៧​ប្រទេស​ក្នុង​រយៈពេល​៤៨​ម៉ោង ហើយ​មេដឹកនាំ​អឺរ៉ុប​អាច​នឹង​មាន​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ដើម​ខែ​ឧសភា ដើម្បី​សម្រេច​លើ​ការចរចា​ដើរ​ចេញ​របស់​អង់គ្លេស​។​ក្រោយ​ពី​សមាជិក​អឺរ៉ុប​ព្រមព្រៀង​គ្នា​ហើយ នោះ​តំណាង​របស់​អឺរ៉ុប​និង​តំណាង​របស់​អង់គ្លេស អាច​ជួប​ពិភាក្សា​ជាមួយគ្នា​បាន​ហើយ​។​

​សូមបញ្ជាក់​ថា មាន​រយៈពេល​៩​ខែ​បើ​គិត​តាំងពី​អង់គ្លេស​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ ទើប​អង់គ្លេស​អាច​កំណត់​ពេល​ចាប់ផ្ដើម​កិច្ចចរចា​ដើរចេញ​ពី​អឺរ៉ុប​បាន​។​ដំណើរការ​កិច្ចការ​នេះ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៩​មីនា​ឆ្នាំ២០១៧ ហើយ​នៅ​ថ្ងៃទី​២៩​មីនា​ឆ្នាំ​២០១៩ អង់គ្លេស​នឹង​លែង​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ទៀតហើយ​៕

ព័ត៌មានផ្សេងទៀត