រយៈពេល​​២​ខែ​ដើម​ឆ្នាំ​២០១៧​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​​មក​កម្ពុជា​​មាន​ចំនួន​​ជាង​១​លាន​​នាក់​​

ដោយ៖ គួន សំបូរ 21-03-2017 11:09 am 401

រយៈពេល​២​ខែ ដើមឆ្នាំ​២០១៧​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក ទស្សនា​កម្ពុជា​មាន​ចំនួន​ជាង​១​លាន​នាក់ គឺ​មាន​ការ​កើន ឡើង​ចំនួន​១២,១​ភាគរយ បើ​ធៀប​នឹង​រយៈ ពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៦​កន្លងទៅនេះ​។ នេះ​យោងតាម​ស្ថិតិ​ទេសចរ​អន្តរជាតិ​របស់​ក្រសួង​ទេសចរ​ណ៍ ចេញផ្សាយ​នៅ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៧​។ ក្នុងនោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ មកពី​តំបន់​អាម៉េរិក អាស៊ី​ប៉ាស៊ីហ្វិក​មក​កម្ពុជា​ច្រើន​ជាងគេ ខណៈ​ភ្ញៀវទេសចរ​មកពី​វៀតណាម និង​កូរ៉េ មាន​ការថយចុះ​។

​យោង​តាម​ស្ថិតិ​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា បានបង្ហាញ​ថា ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៧​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក ទស្សនា​កម្ពុជា​មាន​ចំនួន​ជាង​១​លាន​នាក់ ហើយ ចំនួន​ភ្ញៀវទេសចរ​ដែល​មក​កម្ពុ​ជា​ច្រើន​ជាង​គេ​រួមមាន ភ្ញៀវទេសចរ​មកពី​តំបន់​អាម៉េរិក​ជាង​៨៩​ភាគរយ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ចំនួន​ជាង​៧០​ភាគរយ តំបន់​អាស៊ាន​ជាង​៣២​ភាគរយ និង​តំបន់​អឺរ៉ុប​ជាង​២០​ភាគរយ​។

​ចំណែក​តំបន់​ទេសចរណ៍​ដែល​មាន​ភ្ញៀវ​អន្តរជាតិ​មក​ទស្សនា​ច្រើនជាងគេ គឺ​នៅ​សៀមរាប​អង្គរ ទទួលបាន​ទេសចរ​អន្តរជាតិ​ចំនួន​ជាង​៥៣​ម៉ឺន​នាក់ ស្មើនឹង ៤៥,៣% នៃ​ចំនួន​សរុប កើនឡើង​៨,៩% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦​។ ដោយឡែក​នៅ​តំបន់​រាជធានី​ភ្នំពេញ​វិញ បានទទួល​ទេសចរ​អន្តរជាតិ​ចំនួន​ជាង​៤៨​ម៉ឺន​នាក់ ស្មើនឹង​៤០,៩% នៃ​ចំនួន​សរុប កើនឡើង ១៥,៩% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦​។ ចំពោះ​តំបន់​ឆ្នេរសមុទ្រ ទទួលបាន ទេសចរ​អន្តរជាតិ​ចំនួន​ជាង​១៥​ម៉ឺន​នាក់ ស្មើនឹង ជាង​១២​ភាគរយ នៃ​ចំនួន​សរុប​កើនឡើង​១២,៤% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦​។​

​ជាមួយគ្នានេះ តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឦសាន្ត ទទួលបាន​ទេសចរ​អន្តរជាតិ​ចំនួន ជាង​១​ម៉ឺន​នាក់ ស្មើនឹង​ជាង​១​ភាគរយ នៃ​ចំនួន​សរុប កើនឡើង ១២% ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៦​។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ដែល​ចុះផ្សាយ​នៅ​ថ្ងៃនេះ​។​

​ក្រសួង​ទេសចរណ៍​បានឱ្យដឹង​ទៀត​ថា ក្នុង​រយៈពេល​២​ខែ ដើមឆ្នាំ​២០១៧ ភ្ញៀវទេសចរ​ចិន បាន​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​ជាង​១៧​ម៉ឺន​នាក់ ស្មើនឹង​ជាង​១៦​ភាគរយ នៃ​ចំនួន​សរុប កើនឡើង ១៦,៧%, វៀតណាម​ជាង​១៤​ម៉ឺន​នាក់ ស្មើនឹង​ជាង​១៣​ភាគរយ នៃ​ចំនួន​សរុប គឺ​មាន​ការថយចុះ ០,៩% កូរ៉េ​មាន​ចំនួន​ជាង​១០​ម៉ឺន​នាក់ ស្មើនឹង​ជិត​១០​ភាគរយ នៃ​ចំនួន​សរុប ថយចុះ ២,១% ថៃ​មាន​ចំនួន​ជាង ៦​ម៉ឺន​នាក់ ស្មើនឹង​ជាង​៦​ភាគរយ នៃ​ចំនួន​សរុប កើនឡើង ១៨,៨% និង​ឡាវ​មាន​ចំនួន​ជាង​៦​ម៉ឺន​នាក់ ស្មើនឹង​ជាង​៦​ភាគរយ នៃ​ចំនួន​សរុប កើនឡើង ៦៤,៥%​។​

​គួរបញ្ជាក់​ថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ភ្ញៀវ​ទេសចរណ៍​ដែល​មក​ប្រទេស​កម្ពុជា​មាន​ការកើនឡើង ហើយ​រដ្ឋាភិបាល​បាន​សម្តែង​នូវ​មោទនភាព​ពី​កំណើន​ទេសចរណ៍​ជា​រៀងរាល់​ឆ្នាំ​នេះ​។ រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ប្រទេស​កម្ពុជា​នឹង​មាន​អត្រា​កំណើន​ភ្ញៀវ​ទេសចរណ៍ កើន​ដល់​៧,៥​លាន​នាក់​នៅ​ឆ្នាំ​២០២០​ខាងមុខ​។ ជាមួយ​នេះ​វិស័យ​ទេសចរណ៍​ក៏​បាន​រក​ចំណូល​ចូល​រដ្ឋ​ជាច្រើន​ប្រចាំឆ្នាំ និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​នាក់​ផងដែរ​៕

ព័ត៌មានផ្សេងទៀត