រដ្ឋាភិបាល​​ចំអក​ក្រុម​​សមាជិកសភា​​អាស៊ាន​ ដែល​ព្រមាន​​ពី​ភាពផុយស្រួយ​​នៃ​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​​

ដោយ៖ ខាត់ សុធី 21-03-2017 10:51 am 4385

លោក​ផៃ ស៊ីផា​ន​មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល ថា​ក្រុម​សមាជិក​សភា​អាស៊ាន​ដែល​រួម​គ្នា​ចេញ​របាយការណ៍​រិះគន់​នយោបាយ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​គ្រាន់តែ​ជា​អាយ៉ង​របស់​ក្រុម​នយោបាយ​មួយ​ក្រុម ដែល​កំពុងតែ​យក​ពាក្យ​ដែល​មិន​មានន័យ​នៅក្នុង​ច្បាប់​កម្ពុជា មកប្រើប្រាស់​គ្រាន់តែ​ជា​ប្រព័ន្ធ​នៃ​យុទ្ធនាការ​ឃោសនា​ប៉ុណ្ណោះ​។ លោក​ថា ការលើកឡើង មិន​ឆ្លុះបញ្ចាំង​ពី​សភា​អាស៊ាន​ទាំងមូល​ទេ​។ អ្នក​ទាំងនោះ​ក៏​គ្មាន​សិទ្ធិ​ជ្រៀតជ្រែក ក្នុង​កិច្ចការ​កម្ពុជា​ដែរ​។ លោក​ផៃ ស៊ីផា​ន ក៏​បាន​ចំអក​តប​វិញ​ថា ទោះជា​យ៉ាងណា កម្ពុជា ក៏​ប្រសើរ​ជាង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន ហើយ​ជាពិសេស ប្រទេស​នៃ​ក្រុម​ដែល​កំពុងតែ​លើកឡើង​នោះ​ឯង​……

សំឡេង​លោក​ផៃ ស៊ីផា​ន​៖

 

​របាយការណ៍​ដដែល​នេះ ក៏​ផ្ដោតលើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ ដែល​ជា​ការផ្ដល់​អំណាច​ដល់​ស្ថាប័ន​នីតិប្រតិបត្តិ និង​តុលាការ ឲ្យ​អាច​ព្យួរ ឬ​រំលាយ​គណបក្ស​ណាមួយ​បាន​។ ដោយ​ចាត់ទុកថា​នេះ គឺជា​បរិបទ​បង្ក្រាប​ថ្មី ទៅលើ​អ្នក​ប្រឆាំង ហើយ​មាន​គោលដៅ​ស្ទើរ​គ្រប់​ផ្នែក​នៃ​ជីវិត​ពលរដ្ឋ​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា ក៏​ដូចជា​ការកើនឡើង​ការគំរាមកំហែង​សមាជិក​សភា​ផ្សេងទៀត​នៅ​ទូទាំង​អាស៊ី អាគ្នេយ៍​ដែរ​។ របាយការណ៍​បន្តថា សកម្មភាព​នេះ នាំ​អន្តរាយ​ដល់​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាងមុខ ហើយក៏​អាច​នាំ​កម្ពុជា ទៅរក​ប្រទេស​ឯក​បក្ស​ផងដែរ​។​

សូមបញ្ជាក់​ថា របាយការណ៍​របស់​ស​មាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) ដែល​ចេញ​នៅ​ថ្ងៃ​ទី​២០ មីនា បានដាក់​ចំណងជើង​ថា «​ការវាយប្រហារ​សមាជិក​សភា និង​ការគំរាមកំហែង​ស្ថាប័ន​កម្ពុជា គឺជា​សំឡេង​ជួង​មរណៈ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​» ដែល​របាយការណ៍​នេះ​ចេញ​បន្ទាប់​ពី​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) មួយ ក្រុម ដែល​រួមមាន​សមាជិក​សភា​មកពី​ប្រទេស​ម៉ាឡេស៊ី និង​សមាជិក​សភា​ហ្វីលីពីន​ផង បាន​បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​មួយ​នៅ​ប្រទេស​កម្ពុជា​៕

 

​ដោយ​៖​ខាត់ សុធី


ព័ត៌មានផ្សេងទៀត