គ​.​ជ​.​ប​​ស្នើសុំ​មូល​និធិ​កូហ្វី​​អាណាន់​​មក​សង្កេតការណ៍​​បោះឆ្នោត​​នៅ​កម្ពុជា​​

ដោយ៖ គួន សំបូរ 21-03-2017 10:13 am 784
​គ​.​ជ​.​ប បាន​ជួប​សវនាការ​ជាមួយ​គណៈប្រតិភូ​មូលនិធិ​កូហ្វី​អាណាន់​កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ហៅ​កាត់​ថា (​គ​.​ជ​.​ប​) បាន​ស្នើ​ឲ្យ​តំណាង​មូលនិធិ​កូហ្វី​អាណាន់ (Kofi Annan)  មក​សង្កេតការណ៍ បោះឆ្នោត​នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខ​។ ការស្នើ​នេះ​ធ្វើឡើង​នៅ​ពេល​គ​.​ជ​.​ប បាន​ជួប​សវនាការ​ជាមួយ​គណៈប្រតិភូ​មូលនិធិ​កូហ្វី​អាណាន់​កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា​។

​លោក​ស៊ិក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ប្រាប់​គណៈប្រតិភូ​មូលនិធិ កូហ្វី​អាណាន់​ថា គ​.​ជ​.​ប បច្ចុប្បន្ន​កំពុងតែ​មមា​ញឹក ក្នុង​ការរៀបចំ​ការបោះ​ឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ និង​កំពុង​រៀបចំ​ផែនការមេ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​។​

​ទាក់ទង​នឹង​បញ្ហា​ប្រឈម​វិញ ប្រធាន​គ ជ ប បានបញ្ជាក់​ថា គ​.​ជ​.​ប កំពុង​ជួយ​ប្រទះ​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ចំនួន​៥​ចំណុច ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ​ក្នុងនោះ​មាន​៖ ទី​១.​ការអប់រំ លើកកម្ពស់​កម្រិតយល់ដឹង​របស់​ប្រជាពលរដ្ឋ .​ទី​២ បង្កើន​សមត្ថភាព​មន្ត្រី​គ​.​ជ​.​ប .​ទី​៣ បង្កើន​សមត្ថភាព​អ្នកសង្កេតការណ៍ និង​តំណាង​គណបក្ស​នយោបាយ .​ទី​៤ បង្កើន​សមត្ថភាព​ទទួល​ខុសត្រូវ របស់​គណបក្ស​នយោបាយ .​និង​ទី​៥ ការចូលរួម​ដោយ​ចំហរ​អព្យាក្រឹត របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អាជ្ញាធរ​ពាក់ព័ន្ធ​។​

​ដូច្នេះ​ដើម្បី​សុច្ចរិត​ភាព​នៃ​ការបោះឆ្នោត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ស្នើ​ឲ្យ​តំណាង មូលនិធិ​កូហ្វី​អាណាន់ មក​សង្កេតការណ៍ បោះឆ្នោត​នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខនេះ​។ បើតាម គ​.​ជ​.​ប សំណើ​នេះ គណៈប្រតិភូ​មូលនិធិ កូហ្វី​អាណាន់ បាន​យល់ព្រម​យកទៅ​ពិចារណា ហើយ​សន្យាថា​នឹង​បន្ត​ជួបពិភាក្សា​ការងារ​ជាមួយ​គ​.​ជ​.​ប បន្តទៀត​។​

​គួរបញ្ជាក់​ថា ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ៤ ខែ មិថុនា ឆ្នាំ ២០១៧ និង​មាន​គណបក្សនយោបាយ​ចំនួន​១២ បាន​ចូលរួម​ប្រកួតប្រជែង​។ ចំណែក​ការឃោសនាបោះឆ្នោត​មាន​រយៈពេល ១៤ ថ្ងៃ ហើយ​គ្រប់​គណបក្ស​ទាំងអស់​ហែ​ក្បួន​តែ ២ ថ្ងៃ​ប៉ុណ្ណោះ​។ ចំពោះ​អ្នកសង្កេតការណ៍​វិញ រហូតមកដល់​ពេលនេះ មាន​អ្នកសង្កេតការណ៍​ជាតិ​ជាង​៥០០​នាក់ បាន​ដាក់​ពាក្យ​ចូលរួម​សង្កេតមើល​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧​។ គ​.​ជ​.​ប ទុក​ពេល​ជាង​២​ខែ​ទៀត​សម្រាប់ឲ្យ​អង្គការ​សមាគមជាតិ និង​អន្តរជាតិ​ដាក់ពាក្យ​ធ្វើជា​អ្នក​សង្កេតការណ៍​បោះឆ្នោត​នេះ​៕

 

 


ព័ត៌មានផ្សេងទៀត