អង្គភាព​គាំពារ​ជនរងគ្រោះ​៖ ​មាន​ការគាំទ្រ​ច្រើន​​ចំពោះ​សំណង​​ដល់​ជនរងគ្រោះ​​ក្នុង​របប​ខ្មែរក្រហម​​

ដោយ៖ ចេន សុជាតា 21-03-2017 9:42 am 622
ជនជាប់ចោទក្នុងសំណុំរឿង ០០២/២

​អង្គភាព​គាំពារ​ជនរងគ្រោះ​សហ​មេធាវី​នាំមុខ​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី និង​មេធាវី​តំណាង​ដើម បណ្តឹង​រដ្ឋប្បវេណី នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បាន​ពិគ្រោះ​យោបល់ ជាមួយ​ដើម​បណ្តឹងរដ្ឋប្បវេណី​សមាគម​ជនរងគ្រោះ​ដៃគូ​អនុវត្ត​គម្រោង ម្ចាស់ជំនួយ ស្ថាប័ន​រដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​កំណត់ និង​បង្កើត​គម្រោង​ផ្តល់​សំណង​ដែល​នឹង​ត្រូវ​ដាក់​ស្នើ​ឡើង​សម្រាប់​សំណុំរឿង​០០២/០២​។ ជា​លទ្ធផល គម្រោង​ចំនួន ២៣ ត្រូវបាន​បង្កើតឡើង ក្នុងនោះ គម្រោង​ចំនួន​ប្រាំ​ត្រូវ​បាន​ដាក់​ស្នើ​សុំ​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ចំណែក​ឯ​គម្រោង​ចំនួន ១៨ ផ្សេងទៀត បាន​នឹង​កំពុងតែ ស្វះស្វែង​រក​ការឧបត្ថម្ភ​ថវិកា​តាមរយៈ​ប្រភព​ស្ថាប័ន​ខាងក្រៅ​។​

​ក្នុងករណី​ដែល​ជនជាប់ចោទ​ត្រូវ​ផ្តន្ទាទោស អង្គជំនុំជម្រះ​សាលាដំបូង​អាច​សម្រេច​ឲ្យមាន​សំណង​ផ្លូវចិត្ត និង​សមូហភាព​ដល់​ដើម​បណ្តឹងរដ្ឋប្បវេណី​នៅក្នុង​សាលក្រម ប្រសិនបើ​លក្ខខណ្ឌ​មួយចំនួន​ត្រូវបាន​បំពេញ​។ ក្នុង​ចំណោម​លក្ខខណ្ឌ​ទាំង​នោះ លក្ខខណ្ឌ​មួយ​គឺ​ការផ្តល់​ថវិកា​គ្រប់គ្រាន់​ពី​ប្រភព​ខាងក្រៅ​ដល់​គម្រោង​សំណង​នី​មួយៗ​ដែល​បាន​ស្នើសុំ​។

មាន​គម្រោង​សំណង​ចំនួន ១២ ក្នុង​ចំណោម​គម្រោង​ទាំង ១៨ ដែល​នឹង​ដាក់​ស្នើសុំ​នៅក្នុង​សំណុំរឿង ០០២/០២​បាន​ទទួល​ការឧបត្ថម្ភ​ថវិកា​មួយ​ផ្នែក ឬ​ពេញលេញ​ពី​ម្ចាស់​ជំនួយ​មួយចំនួន​រួមមាន​សហភាព​អឺរ៉ុប ក្រសួង​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​សហព័ន្ធ​អាល្លឺម៉ង់ Gesellschaft fuer Internationale Zusammenarbeit វិទ្យាស្ថាន​អាល្លឺម៉ង់​សម្រាប់​ទំនាក់ទំនង​បរទេស​ទីភ្នាក់ងារ​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​របស់​ប្រទេស​ស្វីស ស្ថានទូត​ប្រទេស​ស្វីស​ប្រចាំ​ទីក្រុង​បាងកក មូលនិធិ REI មូលនិធិ Heinrich Boll​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​និង International Coalitions of Site of Conscience​។

ដើម្បី​ធានា​ថា​ដើម​បណ្តឹងរដ្ឋប្បវេណី និង​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​បាន​ទទួល​សំណង​ដ៏​មាន​អត្ថន័យ​ពាក់ព័ន្ធ​នឹង​ព្យសនកម្ម​ដែល​ពួកគេ​បាន​ទទួលរង ចាំបាច់​ត្រូវមាន​ជំនួយ​ថវិកា​បន្ថែម​ទៀត​។ យើង​សូម​លើក​ទឹក​ដល់​ចិត្ត​ម្ចាស់ជំនួយ​ទាំងអស់​ចូលរួម​បំពេញ​ការខ្វះខាត​ថវិកា​នេះ ដើម្បី​ផ្តល់​សំណង​ដល់​ជនរងគ្រោះ ក្នុង​របប​ខ្មែរក្រហម​។​

អង្គភាព​គាំពារ​ជនរងគ្រោះ​គឺជា​អង្គភាព​ផ្លូវការ​នៃ អ​.​វ​.​ត​.​ក និង​មាន​អាណត្តិ​ការងារ​ក្នុង​ការជួយ គាំទ្រ​ការចូលរួម​របស់​ដើម​បណ្តឹងរដ្ឋប្បវេណី និង​អ្នកដាក់ពាក្យ​ប្តឹង​ផ្សេងទៀត​នៅ​ក្នុង​កិច្ចដំណើរការ​នីតិវិធី​តុលាការ​។ អង្គភាព​គាំពារ​ជនរងគ្រោះ ដោយ​សហការ​ជាមួយ​សហ​មេធាវី​នាំមុខ​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី ហើយ​ក្នុង​ករណី​ចាំបាច់ ធ្វើការ​ទំនាក់ទំនង​ជា​មួយ​ស្ថាប័ន​រាជរដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ប្រឹងប្រែង​កំណត់ រៀបចំ និង​អនុវត្ត​គម្រោង​សំណង​។ លើសពីនេះ​ទៀត អង្គភាព​នេះ​ក៏​មាន​អាណត្តិ​ការងារ​ក្នុង​ការស្វែងរក​ជំនួយ​ថវិកា និង​ការជួយ​ជ្រោមជ្រែង​ពី​ស្ថាប័ន​ខាងក្រៅ​ដើម្បី​អនុវត្ត​គម្រោង​សំណង​ទាំងនេះ​៕

ព័ត៌មានផ្សេងទៀត