តួ​ក​គី​ឃុំខ្លួន​មនុស្ស​​ជាង​២​ពាន់​នាក់​​សប្ដាហ៍​មុន​​សង្ស័យ​ពាក់ព័ន្ធ​​ការប៉ុនប៉ង​​ធ្វើ​រដ្ឋប្រហារ​

ដោយ៖ ពេញ ផេង 20-03-2017 5:31 pm 3501
កងទ័ព​តួកគីដែលចាប់ខ្លួនបាន​ក្រោយការប៉ុនប៉ង​ធ្វើរដ្ឋប្រហារ

​អាជ្ញាធរ​តួ​ក​គី​បាន​ឃុំខ្លួន​មនុស្ស​ជាង​២​ពាន់​នាក់​កាលពី​សប្ដាហ៍​មុន ដោយ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំមុន​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រសួង​មហាផ្ទៃ​តួ​ក​គី​។​តួ​ក​គី​ដែល​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ផ្នែក​សន្ដិសុខ​ចម្រុះ មាន​ពី​ក្រុម​PKK​ផង​និង​ក្រុម​រដ្ឋ​អ៊ីស្លាម​ផង បាន​ពង្រីក​យុទ្ធនាការ​បង្ក្រាប​លើ​អ្នកគាំទ្រ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​កាលពី​ខែកក្កដា​ឆ្នាំ​មុន​យ៉ាង​ចាស់ដៃ​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍ ក្រសួង​មហាផ្ទៃ​បាន​និយាយថា មនុស្ស​២,០៦៣​នាក់​បាន​ឃុំខ្លួន​ដើម្បី​សាកសួរ​កាលពី​សប្ដាហ៍​មុន​។​ក្នុងនោះ​មាន​៩៩៩​នាក់​សង្ស័យ​ជាប់ទាក់ទង​នឹង​ក្រុម​PKK ដែល​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​រដ្ឋាភិបាល​បី​ទសវត្សរ៍​មក​ហើយ ហើយ​ក្រុម​នេះ​ត្រូវ​ចាត់ទុក​ជា​អង្គការ​ភេរវកម្ម​ដោយ​អាមេរិក តួ​ក​គី និង​អឺរ៉ុប​។​

​ចំណែក​មនុស្ស​៩៦៦​នាក់​ផ្សេង​ទៀត ត្រូវ​ឃុំខ្លួន​ដោយ​សង្ស័យ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​មូស្លីម​មាន​មូលដ្ឋាន​នៅ​អាមេរិក ដែល​មាន​លោក​Fethullah Gulen​ជា​មេដឹកនាំ​។​លោក​Gulen​ត្រូវ​រដ្ឋាភិបាល​តួ​ក​គី​ចោទថា​បាន​រៀបចំ​ការធ្វើ​រដ្ឋប្រហា​រ ប៉ុន្ដែ​លោក​បាន​បដិសេធ​ការចោទប្រកាន់ ហើយ​តួ​ក​គី​ក៏​ពុំ​ទាន់​មាន​ភស្ដុតាង​គ្រប់គ្រាន់​ចោទ​លោក​ដែរ​។​

​ដោយឡែក​មាន​៧០​នាក់​ទៀត​ត្រូវ​ឃុំខ្លួន​ជុំវិញ​ការចោទប្រកាន់ថា មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ខណៈ​២៨​នាក់​ទៀត​ឃុំខ្លួន​ដោយ​សង្ស័យ​មាន​ចំណង​មិត្ដភាព​ជាមួយ​ក្រុមភេ​រវករ​ឆ្វេងនិយម​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រសួង​មហាផ្ទៃ​តួ​ក​គី​។​

​ក្រសួង​បានឲ្យដឹង​ទៀត​ថា ក្រុម​សកម្មប្រយុទ្ធ​២៤​នាក់​ស្ថិតនៅ​កណ្ដាល គឺ​មិនមែន​ជា​សមាជិក​ក្រុម​ណា​ទាំងអស់​ក្នុង​ចំណោម​ក្រុម​ដែល​បាន​រៀបរាប់ ហើយ​មាន​១៣​នាក់​ត្រូវបាន​សម្លាប់ ប៉ុន្ដែ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ជុំវិញ​ការស្លាប់​នេះ​ទេ​។​

​សូមបញ្ជាក់​ថា បន្ទាប់ពី​មាន​ហេតុការណ៍​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី​១៥​ខែកក្កដា​ឆ្នាំ​២០១៦ តួ​ក​គី​បាន​ចាប់ខ្លួន​មនុស្ស​ជាង​៤​ម៉ឺន​នាក់​ហើយ និង​បាន​បណ្ដេញចេញ​ឬ​ព្យួរ​ការងារ​ជាង​១០​ម៉ឺន​នាក់​។​ក្នុងនោះ​មាន​អ្នក​បម្រើការ​នៅក្នុង​ជួរ​កងទ័ព អ្នក​បម្រើការ​ផ្នែក​ស៊ីវិល និង​នៅតាម​វិស័យ​ឯកជន​ផងដែរ​៕

ព័ត៌មានផ្សេងទៀត