​គណៈកម្មាធិការ​​សិទ្ធិមនុស្ស​៖​​ការអនុវត្ត​​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា​​គ្មាន​​ការ​​ប្រកាន់​​បក្សពួក​​

ដោយ៖ អឿន ភារ៉ា 20-03-2017 5:17 pm 4884

​ជាថ្មី​ម្តងទៀត ឆ្លើយតប​ទៅនឹង​មតិ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្ដរជាតិ​ជុំវិញ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក​កត្តា អ៊​ន លើក​ឡើង​ថា នៅ​កម្ពុជា​គ្មាន​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ណា​មួយ​កើតឡើង​ធ្ងន់ធ្ងរ​ឡើយ​។​

​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការដោះស្រាយ និង​អង្កេត​ស្រាវជ្រាវ​ករណី​បណ្តឹង​រំលោភ​សិទ្ធិមនុស្ស នៅ​ព្រឹក​ថ្ងៃទី​២០​មីនា​នេះ លោក​កត្តា អ៊​ន បញ្ជាក់ថា បច្ចុប្បន្ន​ពលរដ្ឋ​កម្ពុជា​​កំពុង​រស់នៅ​ប្រកប​ដោយ​សុខដុម​រម្យ​នា​ក្នុងការ​ចិញ្ចឹមជីវិត ហើយ​ទាំង​ដំណើរការ​សេដ្ឋកិច្ច នយោបាយ និង​ការបោះឆ្នោត ដែល​ទាំងនេះ​សរ​បញ្ជាក់​ឲ្យឃើញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​​កម្ពុជា ដែល​ចាត់ទុកថា មាន​ភាពល្អប្រសើរ​ឡើង​ច្រើន និង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ទៅ​មុខជា​លំដាប់​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដ៏​ទៃ​លើ​សកលលោក​។​

​លោក​បន្ថែមថា រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​គណៈកម្មាធិការ​សិទ្ធិមនុស្ស បាន​លើកកម្ពស់​ការអនុវត្ត​សិទ្ធិមនុស្ស​ពេញលេញ និង​គ្មាន​ការប្រកាន់​បក្សពួក​ឡើយ​.....
​សំឡេង​លោក​កត្តា អ៊​ន​៖

មន្ត្រី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រូបនេះ ក៏​ច្រានចោល​ចំពោះ​មតិ​រិះគន់ថា កម្ពុជា​មាន​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​តាម​រូប​ភាពខុសៗ​គ្នា ដោយ​លោក​អះអាងថា ប្រសិន​ភាគី​ណា​ដែល​ចង់​លើកឡើង​ពី​ការ​​​រំលោភ​សិទ្ធិមនុស្ស​សូម​ឲ្យ​លើក​ករណី​ជាក់ស្តែង​មក​បង្ហាញ ដើម្បី​ងាយស្រួល​សហការ​ដោះស្រាយ​ទាំងអស់គ្នា​។ លោក​បន្តថា រដ្ឋាភិបាល​បើកចំហរ​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់​ព័ន្ធ​ក្នុង​ការលើកកម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​

​កន្លងទៅ ក្រសួងការបរទេស​អា​មេរិក បាន​ចេញ​របាយការណ៍​ប្រចាំឆ្នាំ​២០១៦ ដោយ​រកឃើញថា កម្ពុជា​កំពុង​ជួបប្រទះ​បញ្ហា​សិទ្ធិមនុស្ស​ដូចជា តុលាការ​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ ការ​រឹតបន្តឹង​សេរីភាព​បញ្ចេញមតិ ការប្រមូលផ្តុំ​បង្ក្រាប​ដោយ​ហិង្សា និង​ការចាប់​ដាក់ពន្ធនាគារ​ជាដើម​។ ដែល​បញ្ហា​ទាំងនេះ និង​ការរំលោភបំពាន​សិទ្ធិមនុស្ស​តាម​រូបភាព​ដ៏​ទៃ​ទៀត អន្តរជាតិ​ចាត់ទុកថា រដ្ឋាភិបាល​​មាន​បំណង​បំភិតបំភ័យ​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង​ខ្លួន​។​

​ទោះជា​មាន​ការព្រួយបារម្ភ​ជុំវិញ​ស្ថានភាព​សិទ្ធិមនុស្ស​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ក៏ដោយ ប៉ុន្តែ​សម្រាប់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅតែ​មាន​ជំហ​ផ្ទុយ​ពី​អ្វី​ដែល​បានលើកឡើង​នេះ​។ លោក​​កត្តា អ៊​ន សមាជិក និង​ជា​អ្នកនាំពាក្យ​ដដែល​នេះ គូសបញ្ជាក់ថា ការរំលោភ​សិទ្ធិមនុស្ស​មាន​៦​ចំណុច ហើយ​កម្ពុជា​គ្មាន​ចំណុច​ណាមួយ​កើតឡើង​នោះ​ទេ​។

​ចំណុច​ទាំង​នោះ​រួមមាន​៖ ទី​១-​ជា​អំពើ​ដែល​អនុវត្ត​មិន​ត្រឹមត្រូវ ឬ​ផ្ទុយ​នឹង​បទបញ្ញត្តិ​នៃ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ទី​២-​ជា​ការប្រព្រឹត្ត​អំពើ​ខុសឆ្គង​ដោយ​មន្ត្រី​មាន​សមត្ថកិច្ច​លើ​បុគ្គល​ឯកជន ទី​៣- ជា​​អំពើ​អយុត្តិធម៌​នៃ​ប្រព័ន្ធតុលាការ ទី​៤-​ជា​អំពើ​កើតចេញ​ពី​ការរំលោភ​អំណាច​របស់​មន្ត្រី​មាន​សមត្ថកិច្ច ទី​៥-​ការ​កើត​ឡើង​ពី​បទបញ្ញត្តិ​ច្បាប់ និង​ទី​៦-​ទំនាស់​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​៕

ព័ត៌មានផ្សេងទៀត