គណបក្ស​​មាន​សិទ្ធិ​ទិញ​ម៉ោង​​ផ្សាយ​តាម​វិទ្យុ​​និង​ទូរទស្សន៍​​ឲ្យតែ​មាន​លុយ​ និង​គេ​ព្រម​ជួល​ឲ្យ​

ដោយ៖ ខាត់ សុធី 20-03-2017 4:11 pm 7798

​បើ​តាម​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បញ្ជាក់ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ខាង គ​.​ជ​.​ប នឹង​រៀបចំ​នូវ​កម្មវិធី​តម្លាភាព​អញ្ជើញ​គណបក្ស​នយោបាយ​ចូលរួម​ផ្ទាល់ អត្ថាធិប្បាយ​អំពី​គោលការណ៍​របស់​ខ្លួន​នៅពេល​ជាប់ឆ្នោត ថា​មាន​គោលការណ៍ យ៉ាងណា ហើយ គ​.​ជ​.​ប ផ្តល់​ពេល​ឱ្យ​គាត់ ១៥ នាទី​សម្រាប់​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​ខ្លួន​។ ប៉ុន្តែ​លោក​ថា បើ​គណបក្ស​ណា​មាន​លុយ គាត់​អាច​ទៅ​ជួល​ម៉ោង​នៅ​តាម​វិទ្យុ និង​ទូរទស្សន៍ ឲ្យ​ផ្សាយ​គោលនយោបាយ​របស់​ខ្លួន ដោយ​ផ្អែក​ទៅលើ​លក្ខខណ្ឌ​ផ្ទាល់​ជាមួយ​វិទ្យុ និង​ទូរទស្សន៍​នោះ តែបើ ស្ថានីយ​ផ្សាយ​របស់​ឯកជន​នោះ​ជួល ឬ​មិន​ជួល​ឱ្យ ជា​រឿង​របស់​គេ គ​.​ជ​.​ប មិន​លូកដៃ​ទេ​។​

 

​កាលពី​ថ្ងៃ​ទី ១៨ មីនា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បាន​ដាក់ចេញ​នូវ​គោលការណ៍​ចំនួន​បី ដើម្បី​ធានា​ឱ្យ​មាន​ភាពស្មើគ្នា​សម្រាប់​គណបក្ស​នយោបាយ​ទាំងអស់​នៅក្នុង អំឡុង​ពេល​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ដែល​នៅ​មិន​ដល់​៣​ខែ​ខាងមុខនេះ​។

 

​សេចក្តីប្រកាស​ព័ត៌មាន​របស់ គជប គោលការណ៍​ទាំង​បី​នោះ​រួមមាន គោលការណ៍​សម្រាប់ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ចង់​រៀបចំ​កិច្ចពិភាក្សា​អំពី​គោលនយោបាយ​របស់​គណ​បក្សនយោបាយ គោលការណ៍​សម្រាប់​វិទ្យុ និង​ទូរទស្សន៍​សម្រាប់​ផ្សព្វផ្សាយ និង​កម្មវិធី​សមធម៌​សម្រាប់​គណបក្ស​នយោបាយ​ទាំងអស់​។ គោលការណ៍​ទាំង​បី​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ២០ ឧសភា ដល់​ថ្ងៃ​ទី ២ ខែមិថុនា ឆ្នាំ ២០១៧​។​

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក​ស៊ិក ប៊ុន ហុក បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា កម្មវិធី​សមធម៌​សម្រាប់​គណបក្ស​នយោបាយ គ​.​ជ​.​ប នឹង​ជួប​ជាមួយ​តំណាង​គណបក្ស​នយោបាយ ដើម្បី​ពិភាក្សា ពី​គោលការណ៍​ដែល​នឹង​ត្រូវ​ទទួលបាន​ម៉ោង​ផ្សាយ​។​បើ​តាម​លោក​ស៊ិក ប៊ុន ហុក គឺ​អាស្រ័យ​ទៅតាម​ចំនួន​ឃុំ​-​សង្កាត់​ដែល​គណបក្ស​នយោបាយ​នី​មួយៗ បាន​ចុះបញ្ជី​បេក្ខជន​។ មានន័យ​ថា​ការទទួលបាន​ម៉ោង​ផ្សាយ​មិន​ស្មើគ្នា​ទេ​។ គណបក្សនយោបាយ ដែល​បាន​រាយ​បេក្ខជន​គ្រប់​ឃុំ​-​សង្កាត់ បាន​ទទួល​ម៉ោង​ផ្សាយ​ច្រើន​ជាង​គណបក្ស​នយោបាយ ដែល​បាន​រាយ​បេក្ខជន​មិន​គ្រប់​ឃុំ​-​សង្កាត់​។

ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ៤ ខែ មិថុនា ឆ្នាំ ២០១៧ ហើយ​ការឃោសនាបោះឆ្នោត​មាន​រយៈពេល ១៤ ថ្ងៃ​តែ​អំឡុងពេល ១៤ ថ្ងៃ​នេះ​ច្បាប់​អនុញ្ញាត​ឱ្យ​គ្រប់​គណបក្ស​ទាំងអស់​ហែ​ក្បួន​តែ ២ ថ្ងៃ​ប៉ុណ្ណោះ​។​

ជា​ការកត់សម្គាល់ តាំង​ពី​អាណត្តិ​មុនៗ​មក គ​.​ជ​.​ប ក៏​មិន​ដែល​ហាមប្រាម​គណបក្សនយោបាយ​មិន​ឲ្យ​ជួល​ម៉ោង​ផ្សាយ​គោលនយោបាយ​របស់​ខ្លួន​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ចោទ គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​ទាំងនោះ​វិញ​ទេ ដែល​មិន​ហ៊ាន​ជួល​ម៉ោង​ឲ្យ ពិសេស​គណបក្ស​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​៕

 

​ដោយ​៖​ខាត់ សុធី​


ព័ត៌មានផ្សេងទៀត