កូរ៉េខាងត្បូង​៖​​ការ​ធ្វើ​តេស្ដ​ម៉ាស៊ីន​​បាញ់​រ៉ុក​ក្កែ​ត​ថ្មី​​បង្ហាញ​ពី​ជោគជ័យ​​ដ៏​សំខាន់​​​របស់​កូរ៉េខាងជើង​

ដោយ៖ ពេញ ផេង 20-03-2017 3:58 pm 1435
លោកគីម ជុងអ៊ុន​(អង្គុយ)​ពេលពិនិត្យ​ការធ្វើតេស្ដមីស៊ីលកន្លងមក

​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃទី​២០​មីនា​នេះ​ថា ការ​ធ្វើ​តេស្ដ​ម៉ាស៊ីន​បាញ់​រ៉ុក​ក្កែ​ត​ថ្មី​របស់​កូរ៉េខាងជើង បាន​បង្ហាញ​ពី​ដំណើរការ​ដ៏​ជោគជ័យ​ក្នុង​សមត្ថភាព​មី​ស៊ី​ល​របស់គេ​។​លោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង បាន​ចូល​ឃ្លាំ​មើល​ការ​ធ្វើ​តេស្ដ​ដោយ​ផ្ទាល់​កាលពី​ថ្ងៃ​ទី​១៩​មីនា និង​អះអាងថា​ការធ្វើ​ដំណើរការ​ដោយ​ជោគជ័យ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា វា​ជា​ការផ្លាស់ប្ដូរ​ថ្មី​ទៀត​របស់​ទីក្រុង​ព្យុងយ៉ាង បូក​បញ្ចូល​ទាំង​ការបាញ់​មី​ស៊ី​ល​បួន​គ្រាប់​ថ្មីៗ​នេះ​ផង​។​មី​ស៊ី​ល​បួន​គ្រាប់​មាន​បី​គ្រាប់​ធ្លាក់​ក្នុង​ដែនទឹក​ជប៉ុន ហើយ​ត្រូវ​ចាត់ទុកជា​ការ​ធ្វើ​សកម្មភាព​សាកល្បង ត្រៀម​វាយប្រហារ​លើ​មូលដ្ឋានទ័ព​អាមេរិក​នៅក្នុង​ប្រទេស​ជ​ប៉ុន​។​

​អ្នកនាំពាក្យ​បន្ថែមថា ការ​ធ្វើ​តេស្ដ​ម៉ាស៊ីន​ថ្មី​នេះ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​កូរ៉េខាងជើង​។​ប៉ុន្ដែ​យ៉ាងណា​ក៏ដោយ​ត្រូវ​ការវិភាគ​បន្ថែមទៀត​ពី​អានុភាព​ពិតប្រាកដ​របស់​វា រួម​ទាំង​លទ្ធភាព​ដែល​អាច​ប្រើប្រាស់​បាន ព្រោះ​តាម​ដឹង​ម៉ាស៊ីន​នេះ​អាច​ប្រើ​បាញ់​មី​ស៊ី​ល​ក៏​បាន​ដែរ​។​

​សូមបញ្ជាក់​ថា ការ​ធ្វើ​តេស្ដ​ម៉ាស៊ីន​បាញ់​រ៉ុក​ក្កែ​ត​ថ្មី​របស់​កូរ៉េខាងជើង ស្របពេល​ដែល​រដ្ឋមន្ដ្រី​ការបរទេស​អាមេរិក​ធ្វើ​ទស្សនកិច្ច​ទៅកាន់​តំបន់​អាស៊ី មាន​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង និង​ប្រទេស​ចិន​។​លោក​រដ្ឋមន្ដ្រី​បានលើកឡើង​ពី​បញ្ហា​នៅ​កូរ៉េខាងជើង ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​បី និង​ចង់​បាន​ការ​សហការ​ដោះស្រាយ​វិបត្ដិ​កំពុង​កើតឡើង ពិសេស​គឺ​ដោះស្រាយ​ការបន្ដ​ធ្វើ​តេស្ដ​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​តែ​ម្ដង​។​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​ចង់​ឲ្យ​ស្ថានភាព​លើ​ឧបទ្វីប​កូរ៉េ​បាន​ល្អប្រសើរ​៕

ព័ត៌មានផ្សេងទៀត