ក្រសួង​​ការងារ​​ព្រមាន​​មេខ្យល់​​នាំ​​ពលករ​​ទៅ​​ថៃ​ ​ស្រប​​ពេល​​ថៃ​​ប្រកាស​​ដំឡើង​​ប្រាក់​​ឈ្នួល​

ដោយ៖ ធុច ធារ៉ា 20-03-2017 3:49 pm 1028

​ក្នុង​ជំនួប​ជាមួយ​លោក Koichiro KAKEE ឧបការី​របស់​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អន្តរជាតិ នៃ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​ប្រទេស​ជប៉ុន លោក​អ៊ិត សំហេង​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ថ្លែងថា កាលពីពេល​កន្លង​ទៅ ប្រទេស​ថៃ​បានប្រកាស​ដំឡើង​ប្រាក់​ឈ្នួល​ដល់​ពលករ​ខ្មែរ និង​ពលករ​ប្រទេស​ដទៃ​តាម​តំបន់​ផ្សេងៗ​គ្នា ហេតុដូច្នេះ​ហើយ​ការ​សម្រុក​ចេញ​ទៅ​ធ្វើការ​នៅ​ទីនោះ​ក៏​មាន​ច្រើន​ដែរ​។​

លោក​អ៊ិត សំហេង បន្ថែមថា រដ្ឋាភិបាល​កម្ពុជា​នឹង​ចាត់វិធានការ​លើ​ពួក​មេខ្យល់​ដែល​ធ្វើ​សកម្មភាព​នាំ​ពលករ​ខ្មែរ ឆ្លងដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ផង​ដែរ​។​

​សម្រាប់​លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បាន​យល់ឃើញថា ការដំឡើង​ប្រាក់​ឈ្នួល​ដល់​ពលករ​បរទេស​របស់​ថៃ អាច​ស្រូប​កម្លាំង​ពលកម្ម​ពី​កម្ពុជា​ច្រើន ដែល​អាច​ធ្វើឲ្យ​សេដ្ឋកិច្ច​ថៃ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។ ដោយឡែក​ចំពោះ​ការព្រមាន​ចាក់​វិធានការ​របស់​ក្រសួង​ការងារ លើ​មេខ្យល់​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ខុសច្បាប់​វិញ​នោះ លោក​ថ្លែងថា វិធានការ​របស់​ក្រសួង​គឺ​មិន​មាន​អ្វី​ចំឡែក​នោះទេ ក៏​ប៉ុន្តែ​នៅតែ​កើត​មាន​បញ្ហា​នេះ​ដដែល​។ លោក​បន្ថែមថា ចង់​ចាប់​មេខ្យល់​គឺ​គួរ​ចាប់​ក្រុមហ៊ុន​នាំ​ពលករ​ចេញ ព្រោះ​ពេល​ខ្លះ​មេខ្យល់​កើតចេញពី​ក្រុមហ៊ុន​ទាំងនោះ​….

សំឡេង​លោក​អាត់ ធន់​៖

​យ៉ាងណា​លោក​អាត់ ធន់​ចង់​ឲ្យ​ក្រសួង​គិតគូរ​ពី​លទ្ធភាព​បង្កើន​ការងារ​នៅក្នុង​ស្រុក​ឲ្យបាន​ច្រើន និង​ដំឡើង​ប្រាក់​ឈ្នួក​កម្មករ​ឲ្យបាន​សមរម្យ គឺជា​វិធានការ​ល្អ​ជា​ជាង​មានតែ​វិធានការ​ទប់ស្កាត់​កុំឲ្យ​មាន​មេខ្យល់​នាំ​ពលក​រចូល​ធ្វើការ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ​។​

បើ​តាម​តួលេខ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពលករ​កម្ពុជា​ដែល​ចូល​ធ្វើការ​ក្នុង​ប្រទេស​ថៃ​សព្វថ្ងៃ មាន​ចំនួន​ប្រមាណ​ជិត​២០​ម៉ឺន​នាក់ ហើយ​ភាគច្រើន​ជា​ពលករ​ខុសច្បាប់ ដែល​ត្រូវបាន​ចាញ់បោក​មេខ្យល់​៕

ដោយ៖ ធុច​ ធារ៉ា

ព័ត៌មានផ្សេងទៀត