ប៉ូលិស​ថៃ​​ប្រកាស​ថា​​មាន​ក្រុម​រៀប​ផែនការ​​ធ្វើ​ឃាត​​នាយករដ្ឋមន្ដ្រី​

ដោយ៖ ពេញ ផេង 20-03-2017 10:56 am 3541
នាយករដ្ឋមន្ដ្រីថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា

​ប៉ូលិស​ថៃ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៩​មីនា​ថា មាន​ផែនការ​ធ្វើ​ឃាត​នាយករដ្ឋមន្ដ្រី​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បន្ទាប់​ពី​ប៉ូលិស​រឹបអូស​បាន​អាវុធ​ជា​កម្មសិទ្ធិ​របស់​ក្រុម​សកម្មជន​ប្រឆាំង​របប​យោធា​។​នេះ​គឺជា​ការ​រក​ឃើញ​អាវុធ​ដែល​រក្សាទុក​ថ្មី​បំផុត ជា​កម្មសិទ្ធិ​របស់​ក្រុម​អាវ​ក្រហម ជា​ក្រុមគាំទ្រ​អតីត​នាយករដ្ឋមន្ដ្រី​និរទេស​ចេញពី​ប្រទេស​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​។​

​ប៉ូលិស​កាលពី​ថ្ងៃ​ទី​១៨​មីនា បាន​រក​ឃើញ​កាំភ្លើង​រាប់សិប​ដើម មាន​គ្រាប់បែក និង​គ្រាប់រំសេវ​ជាច្រើន​ទៀត នៅក្នុង​ផ្ទះ​មួយ​កន្លែង​ជា​កម្មសិទ្ធិ​របស់​មេដឹកនាំ​ក្រុម​អាវ​ក្រហម ដែល​បាន​រត់គេចខ្លួន​តាំង​ពី​យោធា​ធ្វើ​រដ្ឋប្រហារ​។​ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​៩​នាក់​ផង​ដែរ ពាក់ព័ន្ធ​នឹង​ការ​រឹបអូស​បាន​អាវុធ​នេះ ហើយ​បញ្ជាក់ថា​ពួកគេ​មាន​ភស្ដុតាង ជា​ជនសង្ស័យ ហើយ​បណ្ដាញ​របស់​ពួកគេ​មាន​បំណង​បង្ក​ភាពចលាចល​។​

​តាមរយៈ​ការ​រក​ឃើញ​អាវុធ​ជា​ច្រើន របប​យោធា​បានបង្ហាញ​ថា​មាន​ក្រុម​ព្យាយាម​ចង់​បង្ក​អស្ថេរភាព ហើយ​ចង់​ប្រមូលផ្ដុំ​អំណាច​ប្រឆាំង​រដ្ឋាភិបាល​។​ចំពោះ​ផែនការ​ធ្វើ​ឃាត​នាយករដ្ឋមន្ដ្រី មេ​ប៉ូលិស​ថៃ​មិន​បាន​ផ្ដល់​ភស្ដុតាង​ទេ ប៉ុន្ដែ​បញ្ជាក់ថា​មេដឹកនាំ​ក្រុម​អាវ​ក្រហម​និង​បណ្ដាញ​របស់គេ តែងតែ​ប្រឆាំង​នឹង​របប​យោធា ហើយ​ពួកគេ​បាន​បង្ហោះ​សារ​ព្យាករណ៍​គួរឲ្យ​សង្ស័យ​នៅលើ​បណ្ដាញ​សង្គម គឺ​ថា​នាយក​រដ្ឋមន្ដ្រី​នឹង​ត្រូវ​ស្លាប់​។​

​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម​រួម​ទាំង​ការ​រឹបអូស​បាន​អាវុធ​ជាច្រើន​ទៀត ជា​ហេតុផល​ឈានដល់​ការសន្និដ្ឋាន ពី​ការរៀបចំ​ផែនការ​ធ្វើ​ឃាត​នាយករដ្ឋមន្ដ្រី​។​ប៉ុន្ដែ​យ៉ាងណា​ក៏ដោយ​មិនទាន់​មាន​ភស្ដុតាង​បង្ហាញ​ច្បាស់លាស់​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត