លោក​Duterte​​ស្វាគមន៍​​បើ​ចង់​ប្ដឹង​លោក​​ទៅ​ICC​​ករណី​សង្គ្រាម​​ប្រឆាំង​គ្រឿងញៀន​

ដោយ៖ ពេញ ផេង 20-03-2017 9:38 am 1192
​ប្រធានាធិបតី​ហ្វីលីពីន​លោក​Rodrigo Duterteពេលថ្លែងសុន្ទរកថា

​ប្រធានាធិបតី​ហ្វីលីពីន​លោក​Rodrigo Duterte បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១៩​មីនា​ថា លោក​ស្វាគមន៍​ជានិច្ច​បើសិនជា​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​(ICC) ចង់​កាត់​ទោស​លោក​ជុំវិញ​សង្គ្រាម​គ្រឿងញៀន​នៅ​ហ្វីលីពីន​។​លោក​ថា​បញ្ហា​នេះ​នឹង​មិន​ធ្វើឲ្យ​លោក​ភិតភ័យ​ឡើយ ហើយ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នឹង​នៅតែ​បន្ដ កាន់តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត​។​

​ការប្រកាស​របស់​លោក​Duterte បន្ទាប់ពី​មាន​បុរស​ម្នាក់​រង​ការចោទប្រកាន់​ថា បាន​សម្លាប់​មនុស្ស​យ៉ាង​សាហាវឃោឃៅ​ក្នុងក្រុង​Davao តាម​ការបញ្ជា​របស់​លោក​Duterte គ្រោង​ដាក់​ពាក្យ​ប្ដឹងទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​(ICC) នៅក្នុង​ខែ​មីនា​នេះ​ឬ​ក្នុង​ខែ​មេសា​ខាង​មុខ ចោទ​លោក​ប្រធានាធិបតី​ថា ប្រព្រឹត្ដ​បទឧក្រិដ្ឋ​ប្រឆាំ​ង​មនុស្សជាតិ​។​

​ចំពោះ​ការចោទប្រកាន់ លោក​Duterte​ថា​លោក​កំពុង​ដើរ​លើ​ផ្លូវត្រូវ​។​លោក​ទទួលស្គាល់​ពី​បញ្ហា​សិទ្ធិមនុស្ស ហើយ​លោក​មិន​ដែល​បញ្ជា​ឬ​ណែនាំ​ឲ្យ​កងកម្លាំង​សន្ដិសុខ​សម្លាប់​ជនសង្ស័យ​ដែល​ព្រម​ប្រគល់​ខ្លួន​ឡើយ​។​ពាក់ព័ន្ធ​នឹង​ការគ្រោង​ដាក់ពាក្យ​ប្ដឹងទៅ​ICC​វិញ លោក​អះអាង​ថា “​ខ្ញុំ​មិន​តក់ស្លុត​ហើយ​ខ្ញុំ​មិន​បញ្ឈប់​វា​ឡើយ ហេតុអ្វី​?​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​?​ការប្ដឹង​?​ប្រសិនបើ​នេះ​ជា​ផ្នែក​មួយ​នៃ​ជោគវាសនា​របស់​ខ្ញុំ អ៊ីចឹង​សូម​ធ្វើ​ចុះ​។​ការប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ បទ​ឧក្រិដ្ឋកម្ម និង​បញ្ហា​គ្រឿងញៀន​នឹង​ចាប់ផ្ដើម​ជា​ថ្មី ហើយ​វា​នឹង​បន្ដ​ខ្លាំង​ជាង​មុន​ទៅ​ទៀត​។​”

លោក​Duterte​សង្កត់ធ្ងន់ លោក​ចង់​ឃើញ​ឧក្រិដ្ឋជន​រាប់លាន​នាក់​ត្រូវ​ស្លាប់​មុន ជាជាង​ឃើញ​កងកម្លាំង​សន្ដិសុខ​ត្រូវស្លាប់​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នេះ​។​

​សូមបញ្ជាក់​ថា តាម​ការលើកឡើង​របស់​ក្រុម​សិទ្ធិមនុស្ស មាន​ករណី​ស្លាប់​ជាច្រើន​បង្កឡើង​ដោយសារ​តែ​ក្រុម​ញៀន​ថ្នាំ ក្រោម​ការ​សមគំនិត​ជាមួយ​ប៉ូលិស​។​ប៉ុន្ដែ​អាជ្ញាធរ​បាន​ច្រាន​ចោល​ការចោទប្រកាន់ និង​បដិសេធ​មិន​បាន​សហការ​ជាមួយ​ក្រុម​ញៀន​ថ្នាំ​ទាំងនោះ​ទៅ​សម្លាប់​មនុស្ស​ទេ​។​

​គួរ​ជម្រាបជូន​ដែរ​ថា មាន​មនុស្ស​ជាង​៨​ពាន់​នាក់​ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត ចាប់តាំងពី​លោក​Rodrigo Duterte​ចូលកាន់​តំណែង​កាលពី​ឆ្នាំមុន ហើយ​ចាប់ផ្ដើម​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​។​ក្នុងនោះ​មួយ​ភាគ​បី​ស្លាប់​ដោយសារតែ​ការចុះ​បង្ក្រាប​របស់​ប៉ូលិស ដោយ​បញ្ជាក់​ថា​ប៉ូលិស​សម្លាប់​ពួក​គេ ដើម្បី​ការពារ​ខ្លួន​ក្នុងពេល​បំពេញ​បេសកកម្ម​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត