គណបក្ស​ប្រជាជន ដាក់ចេញ​​គោលនយោបាយ​​១៣​ចំណុច ​ខណៈ​សង្គ្រោះ​ជាតិ​​មានតែ​៥​

ដោយ៖ ខាត់ សុធី 19-03-2017 3:53 pm 25570

​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កំពុងកាន់​អំណាច និង​កំពុង​គ្រប់គ្រង​ឃុំ​-​សង្កាត់​ស្ទើរតែ​ទាំងអស់​នៅ​ទូទាំង​ប្រទេស បាន​ដាក់ចេញ​គោលនយោបាយ​របស់​ខ្លួន​ជា​ផ្លូវកា​រហើយ ដើម្បី​ដាក់ជូន​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ ថ្ងៃទី​៤ មិថុនា ខាងមុខ​។​

 

​គោលនយោបាយ​ដែល​បាន​ដាក់ចេញ មាន​១៣​ចំណុច គឺ​៖

 

​ទី​១ ឃុំ​-​សង្កាត់​ទទួលបាន​ធនធាន​ហិរញ្ញវត្ថុ​មិនតិច​ជាង​២,៨% នៃ​ចំណូល​ចរន្ត​ថវិកាជាតិ​ប្រចាំឆ្នាំ​។​

​ទី​២ កសិករ​ទទួល​បានកា​រ​គាំទ្រ​ពី​រដ្ឋ​ដើម្បី​ធានា​ការបង្កើន​ផលិតកម្ម និង​ការរក​ទីផ្សារ​ដើម្បី​លក់​កសិផល​ក្នុងតម្លៃ​សមរម្យ​។​

​ទី​៣ ខិតខំ​កាត់បន្ថយ​អត្រា​ការប្រាក់​ក្នុង​មី​ក្រូហិរញ្ញវត្ថុឲ្យ​ស្ថិតក្នុង​កម្រិត​សមរម្យ និង​ពង្រឹង​កិច្ចការពារ​ប្រជាជន​ក្រីក្រ ដែលជា​អ្នក​ខ្ចីប្រាក់​ពី​ស្ថាប័នហិរញ្ញវត្ថុ​។​

ទី​៤ ប្រជាជន​គ្មាន​ដី ឬ​ខ្វះ​ដី នឹង​ទទួលបាន​ដី​សម្រាប់​សង​សង់​លំនៅឋាន និង​បង្កបង្កើនផល​តាមរយៈ​ការអនុវត្ត​កម្មវិធី​សម្បទានដីស​ង្គ​មកិ​ច្ច​។​

ទី​៥ ផ្តល់ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ​នូវ​សេវា​ចុះ​បញ្ជីកំណើត ចុះបញ្ជី​អាពាហ៍ពិពាហ៍ ចុះបញ្ជី​មរណភាព សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។​

​ទី​៦ ទទួលបាន​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ កាន់តែ​ល្អប្រសើរ តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​របស់​រដ្ឋ​។​ប្រជាជន​ក្រីក្រ និង​អ្នក​ខ្វះ​លទ្ធភាព​ទទួលបាន​សេវា​ពិនិត្យ និ​ព្យាបាល​ជំងឺ​ដោយ​ឥត​បង់ថ្លៃ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​របស់​រដ្ឋ​។​

ទី​៧ ឃុំ​-​សង្កាត់​នីមួយៗ មាន​អនុវិទ្យាល័យ​មួយ​យ៉ាង​តិច ស្រុក ខណ្ឌ ក្រុង​នីមួយៗ មាន​វិទ្យាល័យ​មួយ​យ៉ាង​តិច​។​

​ទី​៨ អនុវត្ត​ប្រព័ន្ធ​ទឹក​ស្រោចស្រព​ដំណាំ និង​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​គ្រប់​ឃុំ​-​សង្កាត់​។​

ទី​៩ ត​បណ្តាញ​អគ្គិសនី​គ្រប់​ភូមិ និង​តម្លៃ​ថោក គឺ​៦១០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង សម្រាប់​អ្នក​ប្រើ​មិន​លើសពី​៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយខែ និង​៤៨០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង សម្រាប់អ្នក​ប្រើ​មិន​លើសពី​១០​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយខែ និង​សហគមន៍​កសិករ​ប្រើប្រាស់​ពេល​យប់​សម្រាប់​បូមទឹក​បង្កបង្កើន​ផល​។​

ទី​១០ ត​ភ្ជាប់​ផ្លូវ​គមនាគ​មន៍ ពី​ទីប្រជុំជន ទៅ​គ្រប់​ភូមិ ព្រមទាំង​កែលម្អ​ផ្លូវលំ​ជនបទ ពី​ដី​ទៅ​កៅស៊ូ ឬ​បេតុង​។​

​ទី​១១ កសាង​ឃុំ​-​សង្កាត់​នៅ​ជាប់​ព្រំដែន ទៅជា​ឃុំ​-​សង្កាត់​ប្រកបដោយ​សន្តិភាព និង​ការអភិវឌ្ឍ ប្រជាជន​រស់នៅ​សងខាង​ព្រំដែន​មាន​ចំណងមិត្តភាព  និង​សហប្រតិបត្តិការ​ល្អ​។​

​ទី​១២ អាជីវករ​លក់ដូរ​តាម​ផ្សារ​ដែល​ស្ថិត​នៅលើ​ដី​រដ្ឋ អាច​ផ្ទេរសិទ្ធិ​កាន់កាប់ ប្រើប្រាស់ និង​អាស្រ័យ​ផល ទៅ​កូនចៅ ឬ​អ្នកដទៃ​បាន ដោយ​មិនមាន​កំណត់​អាណត្តិ​។​

​និង​ទី​១៣ ឃុំ​-​សង្កាត់​មាន​សុ​វត្តិភាព​កាន់តែ​ប្រសើរ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ដោយ​ដាក់​ចេញ​នូវ​វិធានការ​ថ្មីៗ​បន្ថែមទៀត ព្រមទាំង​លើកទឹកចិត្ត​ដល់​អង្គភាព​ពាក់ព័ន្ធ​ដែល​មាន​ស្នាដៃ​ល្អ និង​អនុវត្ត​វិធានការ​វិន័យ​ចំពោះ​សមត្ថកិច្ច​អសកម្ម និង​ខុសឆ្គង​។​

សម្រាប់​លោក​មាស នី អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បង្ហាញ​នូវ​ការ​សាទរ​ដែល​គណបក្ស​ប្រកួតប្រជែង​ទាំង​ពីរ​ដាក់ចេញ​នូវ​គោលនយោបាយ​រៀងៗ​ខ្លួន​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ថ្លឹងថ្លែង​ពិចារណា​។​ប៉ុន្តែ​លោក​មើលឃើញថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្រប់គ្រង​ឃុំ​-​សង្កាត់ ស្ទើរតែ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​កន្លងមក មិនទាន់​បាន​អនុវត្ត​តាម​គោលនយោបាយ​របស់​ខ្លួន​បាន​ប្រសើរ​នៅឡើយ​ទេ ​ដូចជា​បញ្ហា​វិបត្តិ​ដីធ្លី សេវាសាធារណៈ សុវត្ថិភាព​ភូមិ ឃុំ សេវា​សុខាភិបាល​ជាដើម ដែល​បង្ក​ជា​ការ​ថ្នាំងថ្នាក់​ជាខ្លាំង​ដល់​ពលរដ្ឋ​ម្ចាស់ឆ្នោត​……

សំឡេង​លោក​មាស នី​៖

 

​ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រកួតប្រជែង​ដ៏​ស្រួចស្រាវ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ បាន​ដាក់​ចេញ​រួច​ហើយ​ដែរ​នូវ​គោលនយោបាយ​របស់​ខ្លួន តាំងពី​ថ្ងៃ​ទី​០២ មីនា មក​។​ប៉ុន្តែ​គោលនយោបាយ​របស់​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ មានតែ​ប្រាំ​ចំណុច​ប៉ុណ្ណោះ គឺ​៖

ទី​១ ពង្រឹង​សិទ្ធិអំណាច​ប្រជាពលរដ្ឋ ដោយ​ផ្តល់​ឱកាស​និង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ បង្កើត​សហគមន៍ ផ្តល់យោបល់ វាយតម្លៃ និង​ចូលរួម​សេចក្តីសម្រេច​នានា​ក្នុង​ឃុំ​-​សង្កាត់​។​

ទី​២ លើកកម្ពស់​ប្រជាពលរដ្ឋ និង​អភិវឌ្ឍន៍ តាមរយៈ​ការពារ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់ និង​មិន​ចុះហត្ថលេខា​លើ​ការវិនិយោគ ឬ​សម្បទាន​ណា ដែល​ប៉ះពាល់​ផលប្រយោជន​ជាតិ និង​ប្រជាពលរដ្ឋ​។ ប្រឹក្សា​យោបល់ និង​ផ្តល់​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​ខ្ចីបុល និង​ទីផ្សារ​កសិផល​។​អភិវឌ្ឍន៍ និង​វិនិយោគ​ដោយ​ផ្តល់​ផលប្រយោជន៍​ជា​អាទិភាព​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​-​សង្កាត់​។​

ទី​៣ សេវាសាធារណៈ ផ្តល់​លិខិតស្នាម​ផ្សេងៗ​ដោយ​មិន​រើសអើង ស្អាតស្អំ និង​ទាន់​ពេល​កំណត់​។ ព្រមទាំង​បង្កើត​មូលនិធិ​សម្រាប់​ជន​ងាយ​រងគ្រោះ​។​

​ទី​៤ ពង្រឹង​ប្រសិទ្ធភាព និង​លើកកម្ពស់​ការងារ​នគ​របាល​ឃុំ​-​សង្កាត់​ប្រកបដោយ​សុវត្ថិភាព គ្មាន​គ្រឿងញៀន និង​អំពើ​ហិង្សា​។​

​និង​ទី​៥ វិមជ្ឈការ មាន​៣​ចំណុច​គឺ ធ្វើ​វិមជ្ឈការ​អំណាច គឺ​ប្រគល់​សិទ្ធិ​អំណាច​ធ្វើ​សេចក្តីសម្រេចចិត្ត​ក្នុង​ការអភិវឌ្ឍ​ឃុំ​-​សង្កាត់​។ វិមជ្ឈការ​ថវិកា គឺ​ផ្តល់​ថវិកា​យ៉ាងតិច​៥០០០០០$ សម្រាប់​ឃុំ​-​សង្កាត់​នីមួយៗ​ក្នុង​មួយ​ឆ្នាំ​ស្មើ​នឹង​ប្រមាណ​២០%​នៃ​ថវិកាជាតិ​។​វិមជ្ឈការ​សាធារណៈ​ក្នុង​វិស័យ​អាទិភាព ដូចជា អប់រំ សង្គមកិច្ច ប្រព័ន្ធ​ទឹក​ស្អាត ផ្លូវ​ឃុំ​-​សង្កាត់ និង​ផ្តល់​អ្នកជំនាញ​បច្ចេកទេស​កសិកម្ម សុខាភិបាល​ជា​ដើម​។​

 

​ជា​ការ​គួរឲ្យ​ចាប់អារម្មណ៍ គោលនយោបាយ​ទី​១ របស់ គណបក្ស​ប្រជាជន​កម្ពុជា​ដែលថា ឃុំ​-​សង្កាត់ នី​មួយៗ​ទទួលបាន​ធនធាន​ហិរញ្ញវត្ថុ​មិនតិចជាង​២,៨% នៃ​ចំណូល​ចរន្ត​ថវិកាជាតិ​ប្រចាំឆ្នាំ ហាក់​ផ្ទុយគ្នា​ឆ្ងាយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​នៅក្នុង​គោលនយោបាយ​ទី​៥​របស់ខ្លួន ដែល​ថា​នឹង​ផ្តល់​ថវិកា​យ៉ាង​តិច​៥០០០០០$ សម្រាប់​ឃុំ​-​សង្កាត់​នីមួយៗ​ក្នុង​មួយ​ឆ្នាំ​ស្មើ​នឹង​ប្រមាណ​២០%​នៃ​ថវិកាជាតិ​។​

ចំណុច​នេះ សម្រាប់​លោក​មាស នី បាន​គាំទ្រ​នូវ គោលនយោបាយ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ថាការផ្តល់​ឲ្យ​ឃុំ​-​សង្កាត់​តែ​២​ឬ​៣​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ គឺ​តិចតួចស្តួចស្តើង​ពេក​ហើយ​៕

 

​ដោយ​៖​ខាត់ សុធី​

 

 

ព័ត៌មានផ្សេងទៀត