រដ្ឋមន្ត្រីការបរទេស​អាមេរិក​​បញ្ចប់​ទស្ស​ន​កិច្ច​នៅ​ចិន​​ជាមួយ​ពាក្យ​​ដ៏​កក់ក្តៅ​​ពី​លោក​ស៊ី ជីន​ពី​ន​

ដោយ៖ អ៊ុន សុខឡា 19-03-2017 2:38 pm 3051
លោក​Rex Tillersonរដ្ឋមន្រ្តីការបរទេសអាមេរិកនៅខាងឆ្វេងអំឡុងពេលជួបពិភាក្សាជាមួយលោកស៊ី ជីនពីនប្រធានាធិបតីចិន

​លោក​Rex Tillerson​ក្នុងនាម​មន្ត្រីការទូត តំណាងឲ្យ​អាមេរិក​ទាំងមូល បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ចិន ជាមួយ​កិច្ចព្រមព្រៀង​មួយ  ដើម្បី​ធ្វើការ​រួមគ្នា​ជាមួយ​ចិន ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​ដាក់​បញ្ហា​ស្មុគស្មាញ​ផ្សេងទៀត​នៅ​មួយ​ឡែក​សិន​។ ប៉ុន្តែ​មិនដឹង​នៅឡើយ​ទេ​ថា ភាគី​ទាំងពីរ​នឹង​ប្រើប្រាស់​មធ្យោបាយ​អ្វី ដើម្បី​អូសទាញ​កូរ៉េខាងជើង បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ ដែល​ផ្ទុយ​ពី​សេចក្តីសម្រេច របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​។​

 

​ចិន​មាន​មន្ទិលសង្ស័យ​យ៉ាងខ្លាំង ពី​បំណង​របស់​អាមេរិក​ដែល​បាន​រៀបចំ​កិច្ចព្រមព្រៀង​លក់​អាវុធ​ធំ​មួយ​ទៅឲ្យ​តៃវ៉ាន់​។ តៃវ៉ាន់​ដែល​ចង់​ផ្តាច់ខ្លួន​ចេញ​ពី​ចិន ខណៈ​ចិន​ចាត់ទុក​តៃវ៉ាន់​ជា​កូន​កោះ​មួយ ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​។ កញ្ចប់​អាវុធ​ដែល​អាមេរិក​គ្រោង​ទម្លាក់​ឲ្យ​តៃវ៉ាន់ មាន​ដូចជា​ប្រព័ន្ធ​រ៉ុក​ក្កែ​ត និង​មី​ស៊ី​ល​កម្ទេច​នាវា​ផងដែរ​។ ការ​មិន​ពេញចិត្ត​របស់​ចិន លើ​សកម្មភាព​របស់​អា​មេរិក​ក៏​មាន​ផង​ដែរ ការបំពាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង  ដើម្បី​ការពា​រការ​គំរាម​ក​ហែង​របស់​កូរ៉េខាងជើង និង​ការ​លូក​ដៃ​របស់​អាមេរិក​ទៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ប៉ុន្តែ​នៅក្នុង​ជំនួប​ពិភាក្សា​រវាង​លោក​Tillerson​និង​លោកស៊ី​ជីន​ពី​ន បញ្ហា​ទាំងនោះ​ត្រូវ​បាន​ច្រានចោល​ពី​អ្នក​ទាំង​ពីរ​។

 

​ផ្ទុយ​ទៅ​វិញ​អ្នក​ទាំង​ពីរ បាន​លើកសរសើរ​គ្នា​ទៅវិញទៅមក ក្នុងន័យ​ពូន​ជ្រុំ​ទំនាក់ទំនង ដើម្បីឲ្យ​កិច្ចសហប្រតិបត្តិកា​រ​កាន់តែ​ល្អប្រសើរ រវាង​ចិន​និង​រដ្ឋបាល​ថ្មី​របស់​អាមេរិក ដែល​ដឹកនាំ​ដោយ អតីត​អ្នកជំនួញ​លោក​ដូណាល់​ត្រាំ​។ បើ​តាម​លោក​ស៊ីថា លោក​បាន​ទំនាក់ទំនង​ជាមួយ​លោក​ត្រាំ​ជាច្រើន​ដង ទាំង​តាមរយៈ ការសន្ទនា​តាម​ទូរស័ព្ទ និង​តាម​សារ​។ លោក​Tillerson​បាន​ពាំនាំ​ពាក្យ​របស់​លោក​ត្រាំ មក​ពណ៌នា​បន្ត​ប្រាប់​ដល់​លោក​ស៊ី​នៅ​ទីក្រុង​ប៉េកាំង​បន្ថែមថា លោក​ត្រាំ​ផ្តល់​តម្លៃ​ខ្ពស់​ណាស់​លើ​ទំនាក់ទំនង​រវាង​លោក និង​លោក​ស៊ី ដែល​បាន​សាង​ជាមួយគ្នា​កន្លង​មក​រួចទៅហើយ ហើយ​ថា​លោក​ត្រាំ​នឹង​សម្លឹង​រក​ឱកាស ដើម្បី​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ផងដែរ​។​

គួរ​ជម្រាបជូន​ថា មុន​ពេល​ប្រមុខ​ការទូត​អាមេរិក ធ្វើដំណើរ​មក​ដល់​ប្រទេស​ចិន លោក​ត្រាំ​បង្ហាញ​បំណង​ឲ្យ​ចិន​ដឹង​មុន​រួចទៅហើយ ដោយ​លោក​បាន​ថ្លែងថា សកម្មភាព​របស់​កូរ៉េ​ខាងជើង​គឺ​ជា​អាកប្បកិរិយា​​ដ៏​សែន​អាក្រក់ និង​បាន​ចោទ​ចិន​ថា បានធ្វើ​សកម្មភាព​តិចតួច​ណាស់ នៅក្នុង​ការដោះស្រាយ​វិបត្តិ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​៕


ព័ត៌មានផ្សេងទៀត