បារាំង​​បើក​ការស៊ើបអង្កេត​​ភេរវកម្មក្រោយការវាយប្រហា​រ​លើ​ប៉ូលិស​​ក្នុង​ព្រលាន​យន្តហោះ​

ដោយ៖ អ៊ុន សុខឡា 19-03-2017 10:40 am 2132
ប៉ូលិសស្ថិតនៅបរិវេណព្រលានយន្តហោះOrlyកាលពីថ្ងៃទី១៨ខែមីនា

Ziyed Ben Belgacem​មាន​អាយុ​៣៩​ឆ្នាំ និង​ជា​ជនជាតិ​បារាំង ត្រូវបាន​កម្លាំង​សន្តិសុខ​បាញ់សម្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ បន្ទាប់ពី​បាន​ធ្វើ​សកម្មភាព កញ្ឆក់​កាំភ្លើង​ពី​ប៉ូលិស​ស្រី​ម្នាក់ នៅ​ក្នុង​ព្រលាន​យន្តហោះ​Orly ស្ថិត​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី​១៨​ខែ​មីនា​។ មុន​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​Ziyed Ben Belgacem ត្រូវបាន​ប៉ូលិស​គំរាម​ឲ្យ​ទម្លាក់អាវុធ​ចុះ និង​លើកដៃ​ដាក់​លើ​ក្បាល​។ អំឡុងពេល​នោះ Ziyed Ben Belgacem បាន​ស្រែក​ដាក់​ប៉ូលិស​ថា រូបគេ​បាន​ត្រៀម​ខ្លួន​ស្លាប់​រួច​ហើយ ដើម្បី​ព្រះ Allah​របស់គេ​។

 

Ziyed Ben Belgacem​ជា​បុគ្គល​ម្នាក់​ដែល​ស្ថិតក្នុង​បញ្ជីខ្មៅ​របស់​ប៉ូលិស​ផង​ដែរ​។ បើ​យោង​តាម​ព្រះរាជអាជ្ញា​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​កើតហេតុ​ថា កំណត់ត្រា​បទល្មើស​ព្រហ្មទណ្ឌ​របស់​Ziyed Ben Belgacem រួម​មាន​ការ​ប្លន់​ប្រដាប់អាវុធ និង​បទល្មើស​គ្រឿងញៀន​។ នៅ​ថ្ងៃ​ដដែល​ប៉ូលិស​បាន​បើក​ប្រតិបត្តិការ​ស៊ើបអង្កេត ដល់​ផ្ទះ​របស់​ជនបង្ក ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង​ប៉ារីស ដើម្បី​ស្វែងរក​ភស្តុតាង​ក្រែង​មានការ​ជាប់​ពាក់ព័ន្ធ ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម ប៉ុន្តែ​គេ​រក​មិនឃើញ​ដាន​អ្វី​ទាល់តែ​សោះ​។ ផ្ទុយទៅវិញ​គេ​បែរជា​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​កូកាអ៊ីន​ទៅវិញ​។ នៅ​ក្នុង​ការស៊ើបអង្កេត​នេះ ប៉ូលិស​បាន​ឃាត់ខ្លួន​ឪពុក បងប្រុស និង​បងប្អូន​ជីដូន​មួយ​របស់​ជន​បង្ក​ផងដែ​រ ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​។​

ការ​​វាយប្រហារ​សំដៅលើ​ប៉ូលិស​ល្បាត​នៅក្នុង​ព្រលានយន្តហោះ Orly ស្ថិតនៅ​ចម្ងាយ​ប្រមាណ​១៣​គីឡីម៉ែត្រ​ភាគខាងត្បូង​ទីក្រុង​ប៉ារីស​នេះ បាន​កើតឡើង​តាំងតែ​ពី​ម៉ោង​ជាង​៨​ព្រឹក​ថ្ងៃ​ទី​១៨​ខែ​មីនា បាន​ធ្វើឲ្យ​មាន​ភាពចលាចល​កើតឡើង រហូត​សម្រេច​ផ្អាក​ការហោះហើរ​បណ្តោះ​អា​សន្ធ​អស់​ជាច្រើន​ម៉ោង​។ ជាមួយគ្នា​នោះ មនុស្ស​ប្រមាណ​៣​ពាន់​នាក់ ត្រូវបាន​គេ​ជម្លៀស​ចេញ​ទៅ​កន្លែង​មាន​សុវត្ថិភាព​។ លុះ​រសៀល​ថ្ងៃ​ដដែល​ទើប​សេវាកម្ម​នៅក្នុង​ព្រលានយន្តហោះ បើក​ឲ្យមាន​ដំណើរការ​ធម្មតា​ឡើងវិញ​។​

 

​គួរ​ជម្រាបជូន​ថា បារាំង​បាន​ដាក់​ប្រា​ទេស​ឲ្យ​ស្ថិត​ក្នុង​ភាពអាសន្ន បន្ទាប់​ពី​រង​ការវាយប្រហារ​ភេរវកម្ម​ធ្ងន់ធ្ងរ កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥ និង​ការប្រើ​រថយន្ត​បើក​បុក​ហ្វូង​មនុស្ស​នៅក្នុង​ទីក្រុង Nice កាលពី​ខែ​ក្កកដា​៕

 

ព័ត៌មានផ្សេងទៀត