ប្រជាជន​កូរ៉េ​ខាងត្បូង​​២​ពាន់​នាក់​​តវ៉ា​ប្រឆាំង​​ការដំឡើង​​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​

ដោយ៖ ពេញ ផេង 18-03-2017 3:45 pm 1831
ប្រជាជនកូរ៉េខាងត្បូងនាំគ្នាតវ៉ា

​ប្រជាជន​កូរ៉េ​ខាងត្បូង​ប្រមាណ​២​ពាន់​នាក់ បាន​នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​នៅ​ថ្ងៃទី​១៨​មីនា​នេះ ប្រឆាំង​នឹង​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាមេរិក​នៅ​កូរ៉េខាងត្បូង​។​ការតវ៉ា​ធ្វើឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​រដ្ឋមន្ដ្រី​ការបរទេស​អាមេរិក​ធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េខាងត្បូង ហើយ​ប្ដេជ្ញា​ជា​ថ្មី​នឹង​នៅតែ​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​។​

​ប្រជាជន​នៅក្នុង​តំបន់​សុង​ជូ​(Seongju) ជា​ទីតាំង​ដែល​ត្រូវ​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល បាន​និយាយថា​ការដំឡើង​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​ក្នុង​តំបន់ ធ្វើឲ្យប៉ះពាល់​ដល់​បរិស្ថាន ហើយ​អាច​ក្លាយ​ជា​ទិសដៅ​វាយប្រហារ​ពី​កូរ៉េខាងជើង​។​

​សូមបញ្ជាក់​ថា បន្ទាប់​ពី​កូរ៉េខាងជើង​ធ្វើតេស្ដ​មី​ស៊ី​ល​ថ្មីៗ​នេះ អាមេរិក​បាន​បញ្ជូន​សម្ភារៈ​ជា​ផ្នែក​នៃ​ប្រព័ន្ធ​ការពារមី​ស៊ី​ល​(THAAD) ទៅ​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង​ហើយ​។​សម្ភារៈ​ផ្សេងៗ​ទៀត​នឹង​បញ្ជូន​ទៅ​កូរ៉េខាងត្បូង​ជា​បន្ដបន្ទាប់​។​តាម​ការគ្រោងទុក​អាមេរិក​និង​កូរ៉េខាងត្បូង ត្រូវ​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ក្នុង​ឆ្នាំ​២០១៧ ដើម្បី​ប្រឆាំង​ការគំរាមកំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​៕

ព័ត៌មានផ្សេងទៀត