ព័ត៌មានអន្តរជាតិ  |  សង្គម

រដ្ឋាភិបាល​លោក​ត្រាំ​​កំពុង​រៀបចំ​កិច្ចព្រមព្រៀង​​ធំ​មួយ​​លក់​អាវុធ​​ទៅឲ្យ​តៃវ៉ាន់​

18-03-2017 11:11 am
 ចំនួនទស្សនា 3066
រូបភាព​​កងទ័ព​តៃវ៉ាន់

​រដ្ឋាភិបាល​របស់​លោក​ដូណាល់ ត្រាំ កំពុង​តែ​រៀបចំ​កិច្ចព្រមព្រៀង​លក់​អាវុធ​ធំ​មួយ​ទៅឲ្យ​តៃវ៉ាន់ ក្នុងនោះ​មាន​ប្រព័ន្ធ​រ៉ុក​ក្កែ​ត និង​មី​ស៊ី​ល​កម្ទេច​នាវា​ផងដែរ ដើម្បី​ការពារ​តៃវ៉ាន់​ប្រឆាំង​ជាមួយ​ចិន​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ដ្រី​អាមេរិក​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​។​ការប្រកាស​របស់​អាមេរិក ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​តៃវ៉ាន់​បានបង្ហាញ​របាយការណ៍​ស្ដីពី​យុទ្ធសាស្ដ្រ​ការពារ​ជាតិ​ថ្មី​ទៅ​សភា​។​

​សំណើ​ពាក់ព័ន្ធ​នឹង​ការលក់​អាវុធ​ទៅឲ្យ​តៃវ៉ាន់​នេះ អាច​ត្រូវ​ចំណាយពេល​ច្រើន​ខែ​ដើម្បី​ចាប់ផ្ដើម​ដំណើរការ ប៉ុន្ដែ​រដ្ឋាភិបាល​លោក​ត្រាំ​កំពុង​ព្យាយាម​ជំរុញ​ឲ្យ​ចាប់ផ្ដើមឆាប់ៗ ការលក់​អាវុធ​ទៅ​តៃវ៉ាន់​។​វា​ក៏​ជា​ផែនការ​មួយ​ដ៏​ធំ​រវាង​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ​ជាមួយ​តៃវ៉ាន់​។​

​កិច្ចព្រមព្រៀង​ដែល​អាមេរិក​បាន​ប្រកាស​ដ្បិត​ចិន​មិនទាន់​ឆ្លើយតប តែ​ច្បាស់​ណាស់​នឹង​ធ្វើឲ្យ​ចិន​ប្រតិកម្ម​ជា​ថ្មី​។​ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ដ​មួយ​របស់​ខ្លួន តៃវ៉ាន់​មិនអាច​ផ្ដាច់ខ្លួន​ឬ​ប្រឆាំង​ចិន​បានឡើយ​។​កងទ័ព​ចិន​ក៏​ត្រៀម​រួចជាស្រេច​បើសិន​តៃវ៉ាន់​ចង់​បង្ក​ចលាចល​។​ដូច្នេះ​រាល់​ទង្វើ​ទាមទារ​ឯករាជ្យ ចិន​មិន​សប្បាយចិត្ដ​និង​រឹតតែ​មិន​ចង់ឲ្យ​តៃវ៉ាន់​ពង្រឹងសមត្ថភា​ព​ខ្លាំង​ក្លា​។​

​កន្លងមក​ថ្មីៗ​នេះ ចិន​ធ្លាប់បាន​ប្រតិកម្ម​ម្ដង​រួច​ទៅ​ហើយ​លើ​លោក​ដូណាល់ ត្រាំ ក្រោយ​ជជែក​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ និង​បង្ហាញ​គោលបំណង​រឹតចំណង​មិត្ដភាព​ជាមួយ​តៃវ៉ាន់​។​ចិន​ទាមទារ​ឲ្យ​អាមេរិក​គោរព​តាម​គោល​នយោបាយ​ចិន​តែមួយ គឺ​ចាត់ទុក​តៃវ៉ាន់​ជា​ដែន​អធិបតេយ្យ​របស់​ចិន​។​ប៉ុន្ដែ​បើ​ចង់​រឹតចំណង​មិត្ដភាព​ជាមួយ​តៃវ៉ាន់ ដូច​ចង់​គាំទ្រ​ឲ្យ​ដែនកោះ​មួយនេះ​ផ្ដាច់ខ្លួន​ចេញ​ពី​ចិន​ដូ​ច្នេះ​ដែរ​។​តើ​ផែនការ​លក់​សព្វាវុធ​អាមេរិក​ទៅឲ្យ​តៃវ៉ាន់ ចិន​នឹង​ប្រតិកម្ម​យ៉ាងណា​?​តើ​ចិន​មាន​វិធីសាស្ដ្រ​អ្វី​ដោះស្រាយ​?​តើ​អាមេរិក​និង​នៅ​តែ​បន្ដ​ផែនការ​នេះ​ទៀត​រហូត​បាន​ជោគជ័យ​ឬ​យ៉ាងណា​?

ព័ត៌មានផ្សេងទៀត

 
x